ព្រឹតិ្តការណ៍ថ្មីៗ

ល្បែងស៊ីសងពាលាអាវ៉ាសែកើតឡើងយ៉ាងអនាធិបតេយ្យនៅ ស្រុកចំការលើ ស្នងការខេត្តកំពង់ចាម ទល់ភ្នែកមើល មិនបង្ក្រាប!

1 ឆ្នាំ មុន 23 តូ សុផល

ខេត្តកំពង់ចាម៖ ល្បែងស៊ីសង ស្ថិតនៅក្នុង ចំណុចសំខាន់នៃ គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព ទាំង៩ចំណុចបានហាមឃាត់ដោយច្បាប់ ដោយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានដាក់ បទបញ្ចា ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវលុបបំបាត់ ល្បែងស៊ីសង ឱ្យអស់ដើម្បីរក្សា សន្តិសុខ សណ្តាប់ ធ្នាប់ក្នុងមូលដ្ឋាន។

ផ្ទុយទៅវិញ នៅក្នុងភូមិសាស្រ្ត ស្រុកចំការលើ សព្វថ្ងៃនេះ គេសង្កេតឃើញមានការលេងល្បែងស៊ីសង គ្រប់រូបភាព យូរម្តងៗ គេឃើញសមត្ថកិច្ចធ្វើបង្រ្កាបម្តង តែមិនយូរប៉ុន្មានទីតាំងចាស់នោះ បើកដំណើរការដូចដើមវិញ ធ្វើឱ្យមហាជនជាច្រើន សង្ស័យថា ប្រហែលជាមេបនល្បែងទាំងអស់នោះ ចែកភាគលាភខ្លះទៅឱ្យសមត្ថកិច្ចហើយ  បានជាហ៊ានបើកលេង ល្បែងស៊ីសង ដោយមិនខ្លាចញញើតបែបនេះ។

ប្រភពប្រាប់អោយដឹងថា ចាប់តាំងពីស្នងការថ្មី លោកឧត្តមសេមនីយ៍ត្រី ឯម កុសល ឡើងកាន់តំណែង មក បនល្បែងស៊ីសងគ្រប់ប្រភេទដំណើរការយ៉ាងរលូនមិនឃើញចុះបង្ក្រាបទាល់តែសោះ ជាក់ស្តែងគ្រាន់ តែស្រុកចំការលើ ភូមិមហា ឃុំស្វាយទាប  ពលរដ្ឋរាយការណ៍ មកថា មានសង្វៀនបញ្ជល់មាន់ ៣ទៅ៤ ទីតាំង ក្នុងនោះមានវង់បៀរ និងអាប៉ោងថែមទៀតផង ហើយបើកលេងមិនរើសថ្ងៃសៅរិ៍អាទិត្យឡើយ គឺបើក ជាប្រចាំថ្ងៃតែម្តង។

ប្រភពដដែលបន្តទៀតថា មេបនល្បែងដែល អាចបើកសង្វៀនជល់មាន់ ស្រុក ចំការលើនេះ គឺជាឧកញ៉ា “ហាច” និងមេបនល្បែង មួយចំនួនទៀត មានលុយ និងមានអំណាច ដូច្នេះបារមីនេះ ធ្វើអោយអភិបាលស្រុក អធិការស្រុក និង លោកស្នងការ មិនហ៊ានចុះបង្ក្រាប បែរ ជាអោបក្រសោបទៅវិញទល់ភ្នែកធ្វើមិនឃើញ។

ជុំវិញករណីនៃការរីកដុះដាល ល្បែងស៊ីសងកំពុងកើតមានពេញបន្ទុកនៅស្រុកចំការលើ និងទូទាំងខេត្តកំពង់ចាមនេះ  អង្គភាព TNN បានសាកសួរទៅ លោកស្នងការខេត្តកំពង់ចាមតាមរយៈប្រព័ន្ធទំនាក់ទំនងអេឡិកត្រូនិក Whatsapp ដែរ តែគ្មានការបកស្រាយណាមួយសូម្បីតែមួយពាក្យ នេះទំនងជាត្រូវដងត្រូវផ្លែជាមួយនិងមេបនល្បែង ឬចាញ់បារមី លោកឧកញ៉ា និងមេបនល្បែងនោះហើយមើលទៅ?

ទោះជាយ៉ាងនេះក្តី កុំទាន់អស់សង្ឃឹម  ដរាបណា ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តកំពង់ចាម នោះ និងគ្មាន បនល្បែងស៊ីសងគ្រប់ប្រភេទឡើយ ប្រសិនបើព័ត៌មាននេះ ដូចសេក្តីរាយការណ៍របស់ពលរដ្ឋមែននោះ លោកអភិបាលខេត្តកំពង់ចាម និងមិនទុកអោយល្បែងទាំងនោះ បំផ្លាញសង្គម កើតចោរលួច ឆក់ ប្លន់ និងភាពអសន្តិសុខក្នុងសង្គមឡើយ ។

ពលរដ្ឋសំណូមពរ  ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តកំពង់ចាម មេត្តាពិនិត្យ និងចាត់វិធានការបង្ក្រាប ទីតាំងបនល្បែង គ្រប់ប្រភេទនៅស្រុកចំការលើ និងទូទាំងក្នុងខេត្តកំពង់ចាម ជាពិសេស សូមជួយបើកការស្រាវជ្រាវលើអ្នកពាក់ព័ន្ធ និងចាត់វិធានការតាមច្បាប់ផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ