ព្រឹតិ្តការណ៍ថ្មីៗ

គ្មានសញ្ញាណ ណាមួយពីការបង្ក្រាបបនល្បែង ក្នុងខេត្តបាត់ដំបងឡើយ!

1 ឆ្នាំ មុន 14 តូ សុផល

ខេត្តបាត់ដំបង៖ បន្ទាប់ពីឡើងកាន់តំណែងបានប៉ុន្មានថ្ងៃ  នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រជុំ ដាក់ផែនការបង្ការទប់ស្កាត់និងបង្រ្កាបល្បែងសុីសងខុសច្បាប់ ចំពោះកងកម្លាំងមានថ្នាក់នាយការិយាល័យជំនាញ អធិការទាំង ១៤ក្រុង/ស្រុក ។

លោកនាយឧត្តមសេនីយ៍បានលើកឡើងថា នេះជាដំណាក់កាលមួយ សម្រាប់កងកម្លាំងនគរ បាលគ្រប់រូប ត្រូវតែចូលរួមដោយឆន្ទៈ តាមសេចក្តីសំរេចលេខ ០២០/១៧សសរចុះថ្ងៃទី១៦ខែមករាឆ្នាំ២០១៧ របស់សាលាខេត្តបាត់ដំបង ក្នុងគោលបំណងកាត់បន្ថយអោយដល់កំរិតទាបបំផុត និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅគ្រប់មូលដ្ឋានភូមិ/ឃុំ ទូទាំងខេត្ត។

នៅក្នុងឱកាសនេះផងដែរឯកឧត្តមបានជំរុញអោយនគរបាលព្រហ្មទណ្ឌនៃអធិការក្រុង/ស្រុកនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវខិតខំបង្កើនសកម្មភាពក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅគ្រប់ភូមិឃុំ សង្កាត់អោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនិងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តន៍តាមគោលការនៃភូមិ/ឃុំសង្កាត់ មានសុវត្ថិភាពទាំង៩ចំនុចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕

ផ្ទុយស្រលះពីបទបញ្ជារបស់ស្នងការខេត្តបាត់ដំបងថ្មីរូបនេះ មិនឃើញមានសញ្ញាណនៃបង្ក្រាបទីតាំងល្បែងណាបានមួយកន្លែងនៅឡើយ។

បើក្រឡេកមកមើលក្នុងភូមិសាស្ត្រនៃទឹកដីខេត្តបាត់ដំបង ល្បែងស៊ីសងគ្រប់ប្រភេទ មានដូចជា៖ ល្បែងភ្នាល់ទឹកភ្លៀង ជល់មាន់ បៀរអាប៉ោង ឆ្នោតយួន ភ្នាល់បាល់ និង ហ្គេមអន ឡាញបង្កប់ល្បែងភ្នាល់ជ្រកក្រោមស្លាកសញ្ញា Net 24ម៉ោង កំពុងរីកដុះដាលពេញបន្ទុក ដែលបំពាននិងអនុសាសន៍សម្តេចក្រឡាហោម ស ខេង។

ប្រភពច្បាស់ការ ទម្លាយអាថ៌កំបាំង ពីលោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ដំបងថា តាំងបានឡើងកាន់តំណែង ជាអធិការក្រុងបាត់ដំបង ចំកន្លែង ឆ្ងាញ់និងគ្មានចំណាត់ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុង កើតឡើងយ៉ាងអាណាធិបតេយ្យ ស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ។

ប្រភពដដែលនេះបានប្រាប់ TNN ថាការរីកដុះដាលទីតាំងបនល្បែងគ្រប់ប្រភេទនេះ គឺមានការ បើកភ្លើងខៀវពី អធិការក្រុងបាត់ដំបងតែម្តង និងមានអធិការរង រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតដែល ឃុបឃិតគ្នាជាប្រព័ន្ធ។ ប្រភពដដែលបន្តទៀតថា លោកអធិ ការក្រុងបាត់ដំបង បានបណ្តែតបណ្តោយឲ្យ លោក ស្វាយ ភិរម្យ នាយផ្នែកព្រហ្មទណ្ម  និង លោក ម៉ម ផែន នាយរងផ្នែក ព្រហ្មទណ្ទ បានដើរប្រមូល លុយតាមបនល្បែនស៊ីសងគ្រប់ប្រភេទ ដូចជា៖ តាមទីតាំងល្បែងភ្នាល់ទឹកភ្លៀង(១កន្លែងជាង៣០០០ដុល្លារ)  អាប៉ោង (១កន្លែង ១ ទៅ២លានរៀល)   បៀរ កន្ទុយលេខ (១កន្លែង ៥ទៅ ១០ម៉ឺន រៀល ក្នុងមួយខែ) តាមទីតាំង Internet Game online ២៤ម៉ោង បង្កប់ល្បេងស៊ីសង (១កន្លែង ១០០ ដុល្លារ ក្នុង១ខែ) តាមទីតាំងចាក់បាល់តាមទីតាំង Internet (១កន្លែង១០០ ទៅ ២០០ដុល្លារ ក្នុង១ខែ)។ ក្រៅពីតាំង ខាងលើ មានទីតាំងមួយចំនួនផ្សេងទៀតដូចជា៖ ខារ៉ាអូរខេ ក្លិបកំសាន្ត (១កន្លែង ១០ម៉ឺន រៀល ក្នុង១ខែ)  តាមផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ  (១កន្លែង ២ ទៅ៤ម៉ឺនរៀល ក្នុង១ខែ) កន្លែងកោសជប់ (១កន្លែង ៤ ទៅ៥ម៉ឺនរៀល ក្នុង១ខែ)។ ជាងនោះទៅទៀត លោក ស្វាយ ភិរម្យ អាងខ្លួនជាសមត្ថកិច្ច បានឲ្យប្អូនបើក លក់កន្លុយលេខ នៅនិងផ្ទះខ្លួនឯងថែមទៀត  និងមានមិត្តភក្តិ ឈ្មោះ ម៉ែន  នៅខាងមុខអធិការដ្ឋាននគរ បាលក្រុងបាត់ដំបង បើកលក់កន្លុយលេខ បង់ខែឲ្យខ្លួនរាល់ខែ។

ប្រភពដដែលបន្តថា តាមតួលេខលើ សរុបមកគិតមួយខែៗ ប្រមូលលុយពីល្បែងស៊ីសង និងគ្រប់ទីតាំង មិនក្រោមពី៥ទៅ៧ពាន់ដុល្លារឡើយ។ ហើយលុយដែលប្រមូលបាន គឺញាត់ហោប៉ាវ មនុស្សបីនាក់ មានលោកអធិការក្រុងបាត់តំបង និងនាយ, នាយរងផ្នែក ព្រហ្មទណ្ទតែប៉ុណ្ណោះ មិនបានយកមិនកសាង ក្នុងអង្គភាពឡើយ  ជាក់ស្តែងផ្ទះបាយមិនត្រូវដោះស្រាយ ឲ្យកងកម្លាំងមកប្រចាំ ការបានហូបចុក គ្រប់ គ្រាន់ ដូចលោកអធិការមុនៗទេ ដែលធ្វើកងកម្លាំងក្រោមឱវាទសម្តែងនូវការមិនមិន សប្បាយចិត្ត និង មានការថ្នាំងថ្នាក់ចំពោះអធិការក្រុងរូបនេះ។

សម្តេចក្រឡាហោម ស ខេង បានប្រកាសជាសាធារណៈថារាល់ល្បែងស៊ីសងខុសច្បាប់ ទាំង ឡាយ ត្រូវតែបង្ក្រាបអោយអស់ពីព្រោះវាជាដើមហេតុនៃអំពើចោរកម្មផ្សេងៗក្រោយពីក្រុមអ្នកលេងល្បែងស៊ីសងទាំងនោះលេងចាញ់ អស់ទ្រព្យសម្បត្តិពីខ្លួនប្រាដកជានឹងបែកគំនិតប្រព្រឹត្តនូវបទល្មើសផ្សេងៗមិនខាន ឡើយ។

ជាងនោះទៅទៀត គោលនយោបាយទាំង៩ចំនុចនៃភូមិឃុំ មានសុវត្ថភាព គ្មានល្បែងស៊ីសង ដែលប្រមុខ រាជរដ្ឋាភិបាលកំពុងតែស្អប់ខ្ពើម និងអនុវត្តន៍ជាបន្តបន្ទាប់ យ៉ាងក្តៅគគុកក្នុង ខណ្ឌនិមួយៗនៅ រាជធានីភ្នំពេញ ក៍ដូចជាបណ្តាខេត្តនានាផងដែរ តែសំរាប់ក្រុងបាត់ដំបងបែរជាខំប្រឹងអោបក្រសោបទៅវិញ ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ដំបង បាននិងកំពុងតែ អួតក្តែងៗ ថាសារព័ត៌មានណាចង់ចុះផ្សាយអីក៍ផ្សាយទៅ លោកមិនឈឺក្បាលទេ នេះបើតាមសម្តី របស់អ្នកសារព័ត៌មាន និង សមត្ថកិច្ចមួយចំនួនលួចខ្សិបប្រាប់ TNN ។

ចំពោះក្រុមបង្ការបង្ក្រាបយ៉ាងសកម្មនៃស្នងការនគរបាលខេត្តបាត់ដំបងដ៍ល្បីស្ថិតក្រោមឱវាទ លោកឧត្តម សេនីយត្រីជេត វណ្ណី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ក៍មិនអើពើចំពោះទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងរីកដូចផ្សិតនេះដែរ ដែលមានការដាក់ការសង្ស័យដែរថា ទទួលបាន សំណែនលាភ សក្ការៈនិងគេដែរហើយមើលទៅ?

ពលរដ្ឋក្រុងបាត់ដំបង សង្ឃឹមជឿជាក់លើ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរ បាលខេត្ត បាត់ដំបងថ្មី  និងបើការស្រាវជ្រាវលើករណីខាងលើ តើពិតដូចមតិរបស់ប្រជាពល រដ្ឋ ក៍ដូចកងកម្លាំង សត្ថកិច្ចលើកឡើងឬយ៉ាងណា។ បើវាពិតដូចការលើកឡើងមែន មិនគួរណាលោកស្នងការខំអោបក្រសោប លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង និងបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ដែល អសមត្ថភាពក្នុងការគ្រប់គ្រងអង្គភាព ឬអាច និយាយបានថាជាមន្ត្រីគ្រាប់ល្ពៅ ខំរក្សាតែបនល្បែងមិនបង្ក្រាបនោះ៕

អង្គភាពយើងខ្ញុំនិងផ្សាយជូនលម្អិតបន្តទៀត ប្រសិនបើសមីពាក់ព័ន្ធខាងលើចង់ស្រាយបំភ្លឺបន្ថែម។ទំនាក់ទំនងទូរស័ព្ទលេខ ៖ 097 4444 174 / 017 987 600។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ