ព្រឹតិ្តការណ៍ថ្មីៗ

“សែនស្តាយមរតកបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ” (បទពាក្យ៧)

1 ឆ្នាំ មុន 30 tnn_admin

#សែនស្តាយស្រណោះអស់ពីចិត្ត វប្បធម៌ប្រណីតពិតដល់ទី
គំនូរចម្លាក់បាក់ខ្ទេចខ្ទី ស្នាដៃគ្មានពីរវិចិត្រខ្មែរ។

#សែនស្តាយស្រណោះអស់វប្បធម៌ ម្តេចមិនបន្តរួមគ្នាថែ
ម្តេចបែកគំនិតគិតផ្លាស់ប្រែ សោកស្តាយម្ល៉េះទេពន់ប្រមាណ។

#មរតកវប្បធម៌សែនល្អល្អះ មានវ័យចំណាស់ជាក់គ្រប់ប្រាណ
គួរអភិរក្សជាក់ឱ្យបាន វិសេសថ្កេីងថ្កានដល់ជាន់ក្រោយ។

#កូនខ្មែរច្រេីនណាស់ច្បាស់មិនស្គាល់ មិនបានស្វែងយល់កេរនេះឡេីយ ម្តេចក៏ស្ងៀមធ្មឹងប្រឹងកន្តេីយ រូបខ្ញុំនេះហេីយមិនដឹងផង។

#ប្រសិនគន់គិតល្អិតពិចារ រួមគ្នារក្សាថែឃុំគ្រង
អភិរក្សទុកចារចងក្រង ពិតល្អកន្លងរួមគ្នាថែ។

#សែនស្តាយពន់ពេកផ្ទាំងគំនូរ វិចិត្រករគូរសិល្បៈខ្មែរ
ក្បូរក្បាច់វិចិត្រល្អម្ល៉េះទេ ឥឡូវផ្លាស់ប្រែរៀបដល់ដី។

#មានទាំងរូបទ្រង់ឆាយាលក្ខណ៍ វិសេសខ្លាំងណាស់ភ័ក្រ្តប្រិមប្រិយ អមឥស្សរជនក្រមមន្ត្រី មានឈ្មោះល្បាញល្បីនៃសាកល។

#វិហារគឺចាស់ណាស់មែនពិត គួរប្រឹក្សាគិតកែលំអ
ក្រសួងមន្ត្រីនៃវប្បធម៌ រក្សាបន្តសម្បត្តិជាតិ។

#វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយផ្សាយផ្សព្វទៀត
ផ្សព្វផ្សាយរន្ទឺឮព្រោងព្រាត កុំឱ្យឃ្លៀងឃ្លាតជាតិទឹកដី។

#ណ្ហេីយ!កាព្យខ្លីស្តីរ៉ាយរ៉ាប់ រៀបរាប់សារសព្ទចាប់កែច្នៃ
ខ្វះខាតលេីសលស់ជ្រុលជ្រោះក្តី កុំចាប់ទោសពៃរ៍ស្តីផ្ចាញ់ផ្ចាល។

#វន្ទាបង្គំប្រណម្យហត្ថ ក្រាបឱនប្រណិប័តន៍ឱនសិរសា
ជូនពរពុកម៉ែទាំងទ្វេហា សូមលោកសុខាគ្រប់ទិវា។

#មិនភ្លេចប្រណម្យសូមជូនពរ ពុទ្ធពរបវរដល់គ្រប់គ្នា
តាយាយបងប្អូនពូមីងមា សូមសុខសាន្តជាគ្រប់គ្រួសារ។ចប់

រក្សាសិទ្ធិដោយ: ដួង អរុណ រង្សី (០២.កញ្ញា.២០១៧) រាជធានីភ្នំពេញ៕រូបភាពពីអ៊ីនធើណែត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ