ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជាលើកទី២​ ជូនសមាគមជនពិការអង្គរ ខេត្តសៀមរាប

11 ខែ មុន 0 តូ សុផល

(សៀមរាប) ៖ នៅទីស្នាក់ការសាខាកាកបាទក្រហ​មកម្ពុជា​ ខេត្តសៀមរាប​ នាព្រឹកថ្ងៃទី ១៧​ ខែសីហា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២​ រួមមានគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា​​ ជូនដល់គ្រួសារជនពិការចំនួន​ ២៧០គ្រួសារ​ នៃសមាគមជនពិការអង្គរ​ ដែលមានទីតាំងស្ថិតនៅ ភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

ក្នុងឱកាសសំណេះសំណាល​នោះ លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់​ និងកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ជនពិការទាំងអស់​ នៃសមាគមជនពិការអង្គរ​ ដែល​ “ពិការតែកាយ​ តែមិនពិការចិត្ត”​ បានខិតខំអភិវឌ្ឍសមត្ថភាព​ ជំនាញ​ វិជ្ជាជីវៈ​ កសាងមុខរបរដោយសុច្ចរិត​ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅ​ ឱ្យបានស្មើមុខស្មើមាត់ដូចមនុស្សឯទៀតដែរ។​

ក្នុងន័យនេះ​ កាកបាទក្រហមកម្ពុជា​ ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌​ ជាពិសេស​ រាជរដ្ឋាភិបាលកម្ពុជា​ ជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់អនុវត្តគោលនយោបាយលើកកម្ពស់ជនពិការ​ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ​ និងផ្តល់ឱកាសដល់ជនពិការមានលទ្ធភាពចូលរួមក្នុងកិច្ចការសង្គម​ ដើម្បីអភិវឌ្ឍប្រទេសជាតិដែលមានសុខសន្តិភាព​ ស្ថិរភាពមួយនេះ​ ឱ្យបានកាន់តែរីកចម្រើនឥតឈប់ឈរ។

ជាមួយគ្នានោះ​ លោក​ សេម​ សុវន្ថា​ ប្រធានសមាគមជនពិការអង្គរ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរយកចិត្តទុកដាក់ជួយដល់ជនពិការទាំងអស់​ ដែលជាជនងាយរងគ្រោះបំផុត​ ត្រូវការអំណោយមនុស្សធម៌ទាំងនេះជាចាំបាច់ក្នុងការជួយសម្រាលការលំបាកបានមួយរយៈពេលដែរ។

សូមបញ្ជាក់ថា​​ អំណោយមនុស្សធម៌ផ្តល់ជូនសមាគមជនពិការអង្គរ រួមមាន​ ៖​ អង្ករ​ ៥០០គីឡូក្រាម​ មីយើង​ ១០កេស​ ត្រីខ​ ១កេស​ ទឹកក្រូច​ ១០កេស​ ទឹកសុទ្ធ​ ១០កេស​ ទឹកត្រី​ ៣៦ដប​ ទឹកស៊ីអ៊ីវ​ ៣៦ដប​ ប្រេងឆា​ ១២ដប​ រទេះជនពិការ​ ១០គ្រឿង​ និងថវិកា​ ៤លានរៀល​។ ដោយឡែក​ សម្រាប់ ជនពិការទាំង​ ២៧០នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​១​ ក្រមា​១​ និងថវិកា​ ៥ម៉ឺនរៀល។

នៅក្នុងដំណើរបេសកកម្មមនុស្សធម៌នោះ​ លោកជំទាវអគ្គលេខាធិការរងទី​ ១​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប​ បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូន​ គ្រួសារចាស់ជរា​ ជនពិការក្រីក្រ​ ចំនួន​ ៩គ្រួសារ​ រស់នៅភូមិមណ្ឌល៣​ សង្កាត់ស្លរក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ទៀតផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ