ព្រឹតិ្តការណ៍ថ្មីៗ

ពលករខ្មែរចំនួន៣២នាក់ ត្រូវតម្រួតថៃចាប់ខ្លួន នៅក្នុងខេត្តស្រះកែវ

10 ខែ មុន 11 tnn_admin

ប្រទេសថៃ ៖ ពលករខ្មែរសរុបចំនួន៣២នាក់  ត្រូវបានក្រុមតម្រួតថៃ  រួមជាមួយនឹងកំលាំងអន្តោប្រវេសន៍  ធ្វើការឃាត់ខ្លួននៅក្នុងខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេទាំងអស់គ្នាបានជឿទុកចិត្តទៅលើមេខ្យល់ ដែលគេសន្យាថានឹងនាំអោយដល់ទីក្រុងបាងកកដើម្បីធ្វើការងារនៅទីនោះ  ដោយមិនចាំបាច់មានលិខិតស្នាមអ្វីនោះឡើយ ។

ការឃាត់ខ្លួនពលករខ្មែរខាងលើនេះ បានធ្វើឡើងត្រង់ចំណុចខាងមុខវត្តស្រះហ្លួង  ក្នុងឃុំណងសាំង  ស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ខណៈសមត្ថកិច្ចមានការសង្ស័យទៅលើរថយន្តតួរីសមួយគ្រឿង ពាក់ស្លាកលេខ បាងកក៣២.០៨៤១  ដែលបានបើកបរក្នុងល្បឿនយ៉ាងលឿន  ដោយមានទិសដៅចេញពីស្រុកគោកខ្យូង  ឆ្ពោះទៅកាន់ទីក្រុងបាងកក  និងដោយមានចេតនាចង់បុកទម្លុះបារ៉ាស់តម្រួតផងដែរ ។

រថយន្តដែលគេសង្ស័យថាមានបទល្មើសនោះ អ្នកបើកបរមានឈ្មោះ អ៊ុស្មាន ស៊ូឡុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ៧  ឃុំតាលុពោធិ  ស្រុកមឿង  ខេត្តប៉ាតានី ។ ចំណែកនៅក្នុងរថយន្តនោះមានពលករខ្មែរសរុបចំនួន៣២នាក់ ក្នុងនោះប្រុស១៩នាក់ និងស្រី១៣នាក់ ដោយមានការញាត់ណែនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច  អ្នកបើកបររថយន្តបានសារភាពថា  ខ្លួនគ្រាន់តែជាអ្នកសុីឈ្នួលបើករថយន្តអោយគេតែប៉ុណ្ណោះ ដោយក្នុងមួយជើងៗទទួលបានប្រាក់ពី ១៥០០ បាតទៅ ២០០០ បាត  គឺដឹកពីស្រុកគោកខ្យូង  ទៅកាន់ទីក្រុងបាងកក ។ ចំណែកពលករខ្មែរដែលគ្មានឯកសារអ្វីពាក់ព័ន្ធបន្តិចទាល់តែសោះនោះ បានសារភាពថា ពួកគេទាំងអស់គ្នាគឺធ្វើដំណើរមកពីខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ និងមានបំណងទៅធ្វើការនៅក្នុងទីក្រុងបាងកក តាមការអះអាងធានាពីសំណាក់មេខ្យល់ខ្មែរ ហើយពួកគេម្នាក់ៗត្រូវបង់លុយអោយទៅមេខ្យល់នោះចំនួន ៣០០០ បាត ។

បច្ចុប្បន្នទាំងមធ្យោបាយធ្វើដំណើរ ក៏ដូចជាអ្នកបើកបរ ព្រមទាំងពលករខ្មែរទាំងអស់ត្រូវបានក្រុមតម្រួតជំនាញនាំយកទៅកាន់អធិការដ្ឋាន ស្រុកអារញ្ញប្រាក់ថេត ដើម្បីធ្វើការសាកសួរបន្តទៅតាមនិតិវិធី ៕ ដោយៈK02

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ