ព្រឹតិ្តការណ៍ថ្មីៗ

ករណីជនជាតិវៀតណាម ចាប់ក្មេងនៅខេត្តតាកែវ មិនពិតទេ!

2 ឆ្នាំ មុន 3 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានផ្អើលថាចាប់ក្មេងៗជួញដូរ វះយកគ្រឿងក្នុង និងរហូតមកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ មានគណនី Facebook ឈ្មោះ «La chhaya» និងឈ្មោះ «ពៅ វីរៈបុត្រ

បានចុះផ្សាយនៅព័ត៌មានថា មានជនជាតិវៀតណាមចំនួន០២នាក់ជិះម៉ូតូ ដេញចាប់ក្មេងក្មេងសិស្សសាលានៅក្នុងភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលធ្វើឲ្យមានការចែករំលែកព័ត៌មានពីម្នាក់ទៅម្នាក់ យ៉ាងច្រើន។ ចំពោះករណីនេះក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងមូលដ្ឋានចុះទៅស្រាវជ្រាវ តាមស្វែងរកអត្តសញ្ញាណជនដែលបានផុសនូវវីដេអូ និងក្មេងស្រីដែលត្រូវបានអះអាងថាជាជនរងគ្រោះជាបន្ទាន់ដើម្បីធ្វើការបំភ្លឺ ទើបនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងជំនាញបានចុះដល់គេហដ្ឋានក្មេងស្រីខាងលើ បានបញ្ជាក់ឱ្យដឹងថាករណីនេះជាការយល់ច្រឡំតែប៉ុណ្ណោះ ។

គួររំលឹកដែរថាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសក៏បានទទួលពាក្យបណ្ដឹងករណីបាត់ក្មេងដែរ ប៉ុន្តែបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកក្មេងរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានចាត់វិធានការចុះស្រាវជ្រាវ និងស្វែងរកក្មេង ជាលទ្ធផលនៅវេលាម៉ោង ១៧៖៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលយើងបានរកឃើញក្មេងស្រីនោះ នៅក្នុងវត្តព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ។

មូលហេតុ៖ ក្មេងស្រីនោះដើរសុំទានគេ បានលុយចំនួន១០.០០០៛(មួយម៉ឺនរៀល) រួចក៏ទៅអង្គុយផឹកតែក្រូចឆ្មារ មើលរឿងនៅតូបលក់កាហ្វេក្បែរផ្សារព្រៃល្វា ហើយមិនបានមកជួបជាមួយឪពុកដូចទម្លាប់សព្វមួយដង ដោយពុំមែនជាករណីចាប់ក្មេងវះយកគ្រឿក្នុង រឺជាការជួញដូរក្មេងនោះឡើយ ។ លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅកុំមានការភ័ន្ដច្រឡំ ពីករណីចាប់ក្មេងវះយកគ្រឿងក្នុងបែបនេះតទៅទៀត ព្រោះវាជាព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខសង្គមតែម្ដង ។បើសិនមានការសង្ស័យករណីចាប់ក្មេង សូមប្រជាពលរដ្ឋប្រញាប់រាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចជំនាញ តាមរយះលេខទូរស័ព្ទ0977780005 ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!