ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា​ ជួយឧបត្ថម្ភដល់សមាគមមរតកកុមារបាសាក់

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ ៖​ នៅព្រឹកថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជួយឧបត្ថម្ភអំណោយមនុស្សធម៌ជូនសមាគមមរតកកុមារបាសាក់ សម្រាប់ធ្វើឆាកសម្ដែងសិល្បៈចល័ត ដែលសម្ដែងពីសិល្បៈបុរាណរបស់ខ្មែរ ដើម្បីជួយដល់កុមារកំព្រា និងកុមារទីទ័លក្រនៅក្នុងសមាគមដែលមានសមាជិកសរុបចំនួន ៦៥នាក់ ក្នុងនោះមាន ៥នាក់ជាគ្រូបង្គោល ៤៧នាក់ជាអ្នកអាចសម្ដែងបាន និងកុមារតូច ១៣នាក់កំពុងនៅហាត់រៀន។

ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើនូវការកោតសរសើរដល់សមាគម ដែលបានចូលរួមចំណែកក្នុងការជួយសង្គ្រោះ បណ្ដុះបណ្ដាលដល់កុមារកំព្រា កុមារទីទ័លក្រ និងការថែរក្សានិងលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ។

លោក អៀង ស៊ីធុល ប្រធានសមាគម ដែលមកទទួលអំណោយនាពេលនោះ​ បានសំដែងក្តីរំភើប​ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងគិតគូរ និងជួយឧបត្ថម្ភ​ដល់សមាគមរបស់លោកតាំងពីដើមរៀងមក។

សូមបញ្ជាក់ថា​ សមាគមមរតកកុមារបាសាក់ បានបង្កើតឡើងនៅឆ្នាំ២០០១ ដែលនៅពេលនោះមានឈ្មោះថា សមាគមបណ្ដុះបណ្ដាលវប្បធម៌ សេដ្ឋកិច្ច កុមារកំព្រាទីទ័លក្រ រហូតដល់ឆ្នាំ២០០៨ ទើបប្ដូរឈ្មោះមកជា សមាគមមរតកកុមារបាសាក់ រហូតមកដល់បច្ចុប្បន្ន។ សមាគមមានទីតាំងនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមាគមនេះបង្កើតឡើងដើម្បីជួយដល់កុមារកំព្រា កុមារទីទ័លក្រ និងជួយលើកកម្ពស់សិល្បៈវប្បធម៌ជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ