ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមក្មេងទំនើងមួយ ក្រុមជិះម៉ូតូបំបុកសមត្ថកិច្ច ពេលចុះបង្រ្កាប

11 ខែ មុន 2 តូ សុផល

ខេត្តតាកែវ ៖ ក្មេងទំនើង ដែលជាមុខសញ្ញាញៀនថ្នាំ០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅស្នងការខេត្តតាកែវ បន្ទាប់ពីពួកគេជិះម៉ូតូដេញកាប់គ្នាតាមផ្លូវយ៉ាងអនាធិបតេយ្យ ថែមទាំងបំបុកសមត្ថកិច្ចពេលចុះអន្តរាគមន៍ផងដែរ។


ហេតុការណ៍ឃាត់ខ្លួនក្រុមក្មេងទំនើងញៀនថ្នាំនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង០០នាទី នៅចំណុចភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើង០២ក្រុមជិះម៉ូតូដេញកាប់គ្នា នៅចំណុចបណ្ដោយផ្លូវ១៣២ លើទឹកដីឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះសហការជាមួយប៉ុស្ដិ៍នគរបាលជាងទង និងប៉ុស្ដិ៍នគរបាលតាភេម ដេញស្ទាក់ចាប់បាននៅចំណុចភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ បន្ទាប់ពីពួកគេជិះបំបុកសមត្ថកិច្ចហើយ ព្យាយាមជិះគេចខ្លួន ដោយបន្ថែមល្បឿនយ៉ាងលឿនបានប្រហែល១០០ម៉ែត្រ ក៏ធ្លាក់ជង្ហុកដួលខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់បក្ខពួកគេម្នាក់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ចំណែកបក្ខពួក២នាក់ទៀតមាន ទី១-ឈ្មោះ សុខ លីហុង ភេទប្រុស អាយុ១៧ឆ្នាំ (មុខសញ្ញាសេពសារធាតុញៀន) រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ និង ទី២-ឈ្មោះ សេង ចាន់ម៉ា ហៅឆាង ភេទប្រុស អាយុ១៧ឆ្នាំ (មុខសញ្ញាសេពសារធាតុញៀន) រស់នៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ១គ្រឿង និងដាវសាំម៉ូរ៉ៃ ៣ដើម ទុកជាវត្ថុតាងផងដែរ។

បច្ចុប្បន្នក្រុមក្មេងទំនើងញៀនថ្នាំ ដែលសមត្ថកិច្ចបង្ក្រាបបាននោះ ត្រូវបានកម្លាំងជំនាញស្រុកកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕ ដោយ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ