ព្រឹតិ្តការណ៍ថ្មីៗ

ថៃចាប់បាន កំាភ្លើងត្បាល់ និងគ្រាប់រ៉ុក្កែត​ ថាទិញពីភាគីខ្មែរ

11 ខែ មុន 0 តូ សុផល

ប្រទេសថៃ ៖ កាំភ្លើងត្បាល់ ធុនធ្ងន់  និងគ្រាប់រ៉ុក្កែត មួយចំនួន  ដែលក្រុមតម្រួតថៃចាប់បាននៅក្នុងខេត្តស្រះកែវ  ត្រូវបានជនសង្ស័យឆ្លើយសារភាពថា  បានយកពីខាង ទឹកដីកម្ពុជា  ដោយភាគីខ្មែរជាអ្នកផ្តល់អោយ  ខណៈដែលជនសង្ស័យចំនួន៥នាក់បាន ធ្វើការដឹកជញ្ជូនអាវុធ  និងគ្រាប់រំសេវទាំងនេះ  ចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃចូលទៅក្នុងប្រទេសថៃ  ដោយបានឆ្លងកាត់ខេត្តស្រះកែវ ក៏ត្រូវកំលាំងស្ទាក់ចាប់តែម្តង ។

យោងតាមរបាយការណ៍ដែលយើងទទួលបានគឺនៅវេលាម៉ោង ០០ និង៣០ នាទីរំលងអាធ្រាត  ឈានចូលយប់ ថ្ងៃទី ១៨  ខែកក្កដា  ឆ្នាំ២០១៧  កំលាំងស្នងការដ្ឋានតម្រួតខេត្តស្រះកែវ  បានចុះសហការជាមួយកំលាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេតនិង កំលាំងអធិការដ្ឋាន  ស្រុកមឿងស្រះកែវ  បានចេញប្រតិបត្តិការ បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ស្តីពីករណីជួញដូរអាវុធខុសច្បាប់ ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅលើកំណាត់ផ្លូវលេខ ៣៥៩  ក្នុងភូមិ៧  ឃុំស្រះខ្វាន់  ស្រុកមឿងស្រះកែវ  ខេត្តស្រះកែវប្រទេសថៃ  ខណៈដែលរថយន្តរបស់មុខសញ្ញាចំនួន៣គ្រឿង បានបង្ហាញខ្លួននៅកន្លែងស្ថានីយ៍ប្រេងឥន្ធនៈខាងលើនេះ ។ ក្រោយពេលធ្វើការឡោមព័ទ្ធពីកំលាំងតម្រួតថៃ គឺជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន  ដែលពួកគេទាំងនោះមានឈ្មោះ

១. ផាណា ឆៃគង់  ភេទប្រុស  អាយុ៣៨ឆ្នាំ។

២. ប៊ុនថាំ ជ័យជំនះ  ភេទប្រុស  អាយុ៥២ឆ្នាំ។

 ៣. ខុមសាន់ កិច្ចថាវ៉នអាជីព  ភេទប្រុសអាយុ៣០ឆ្នាំ។

  ៤. ឧទ័យ ជ័យជំនះ  ភេទប្រុស  អាយុ៤៨ឆ្នាំ

និង៥. មានជ័យ កាន់ប្រៈសុំ ភេទប្រុស  អាយុ៣២ឆ្នាំ ។

នៅក្នុងពេលចាប់ខ្លួននោះ សមត្ថកិច្ចបានឆែកឆេរ និងធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿង  គឺបានរកឃើញវត្ថុតាងមួយចំនួន  ដែលសុទ្ធសឹងតែជាអាវុធធុនធ្ងន់ទាំងអស់ ដែលក្នុងនោះរួមមាន៖ កាំភ្លើងផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ២ ដើម  កាំភ្លើងផ្លោងធុន ៨១ មីល្លីម៉ែត្រ  ចំនួន១ដើម  គ្រាប់ផ្លោងធុន ៨២ មីល្លីម៉ែត្រ  ចំនួន ៣ គ្រាប់គ្រាប់រ៉ុក្កែតដុតឆ្នួន ចំនួន ៣ឈុត រថយន្ត ចំនួន ៣ គ្រឿង និងទូរស័ព្ទដៃ ចំនួន ៦ គ្រឿង ។

ជុំវិញការជួញដូរអាវុធខុសច្បាប់ របស់ជនសង្ស័យទាំង៥នាក់  ដែលផ្ទុយពីមាត្រាដែល បានចែងថា ហាមនាំយកអាវុធ គ្រាប់រំសេវ ទៅធ្វើចរាចរណ៍លើផ្លូវសាធារណៈ ដោយគ្មានការអនុញ្ញាតនោះ  ត្រូវបានកំលាំងតម្រួតចាត់បញ្ជូន  រួមជាមួយនឹងវត្ថុតាង ទៅកាន់
ស្នងការ ខេត្តស្រះកែវ ក្នុងការសាកសួរបន្ថែមជុំវិញការនាំអាវុធដោយខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបន្តបើកការស្រាវជ្រាវថា តើអាវុធទាំងនេះយកមកពីប្រភពណា ហើយពួកគេនាំយកទៅណាអោយបានច្បាស់ ៕ ប្រភព៖ Kim Saroeun

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ