ព្រឹតិ្តការណ៍ថ្មីៗ

លោកស៊ី ជីនពីង ​បង្អួត​កម្លាំង​ទ័ព​ដល់​ អ្នក​ហុងកុង ក្នុងខួប២០ឆ្នាំ​នៃ​ការ​ប្រគល់​ហុងកុង​ឲ្យ​ទៅ​ចិន​វិញ

1 ឆ្នាំ មុន 3 tnn_admin

ហុងកុង៖ លោក​ ស៊ី ជីនពីង​ ប្រធានាធិបតី​ ចិន ​បាន​អញ្ជើញ​ទៅ​ជាន់​ទឹក​ដី​ហុងកុង ​ជា​លើក​ទីមួយកាល​ពី​ថ្ងៃព្រស្បតិ៍​ ក្នុងដំណើរ​ ទស្សនកិច្ចរយៈពេល​៣​ថ្ងៃ ​ដើម្បី​អបអរ​បុណ្យ​ខួប​២០​ឆ្នាំនៃ​ការ​ប្រគល់​ទឹកដី​ហុងកុង​ ឲ្យ​ មក​ស្ថិត​នៅក្រោម​អំណាច​រដ្ឋបាល​សាធារណៈរដ្ឋ​ចិន។

ដើម្បី​តវ៉ា​ប្រឆាំងទៅនឹង​ការ​រឹតបន្តឹង​សិទ្ធិ   ​សេរីភាពពី​សំណាក់​រដ្ឋ​បាល​កុម្មុយនីស្តិ ​មក​ លើ​ប្រជាជន​ហុងកុង ​សកម្មជនប្រជាធិបតេយ្យហុងកុងបាន​ធ្វើ​បាតុកម្ម​ កាល​ពី​ថ្ងៃពុធ​ ហើយ​ត្រូវ​បាននគរបាល​ចាប់​ខ្លួនចំនួន២៦​នាក់។

នៅថ្ងៃសុក្រទី​២៩ ​មិថុនា​​ លោកប្រធានាធិបតី​ចិន ​ស៊ី ជីនពីង​ បាន​អញ្ជើញទៅមើលការដង្ហែរក្បួនកងទ័ពយ៉ាងអធិកអធម។

បញ្ចេញ​ទាហាន​ និង​សម្ភារៈសិក​ដ៏​ទំនើប ​ដើម្បី​បង្អួត​អ្នក​ហុងកុងដើម្បី​ប្រារព្ធ​ខួប២០​ឆ្នាំ ​នៃការប្រគល់​ដែនដី​ហុងកុងមក​ឲ្យ​ចិនគ្រប់គ្រង​វិញនៅព្រឹក​ថ្ងៃ​សុក្រ​នេះ ​កម្មវិធី​ ដង្ហែរ​ក្បួន​យោធាធ្វើឡើង​នៅ​មូលដ្ឋាន​ កងទ័ព​មួយភាគ​ខាង​ជើង​ហុងកុង។​

រថក្រោះ​បាញ់ មីស៊ីល ​និង​ឧត្ថម្ភាគចក្រ​ចម្បាំង​ជាច្រើនគ្រឿង​ត្រូវ​បាន​គេ​យក​មក​តំរៀប​គ្នាជាជួរ​ត្រង់ភ្លឹង ​ដើម្បី​ទទួល​លោក​ស៊ី ជីនពីង។ ក្រសួង​ការពារជាតិ​ចិន​ ​បានបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ផលិត​នៅចិន ​
ដើម្បី​មកអបអរ​ពិធី​នេះផងដែរ។

កងទ័ព​ដែល​ចូលរួមមាន​ទាំង​កង​ទ័ព​អាកាស ​កងទ័ព​ជើងទឹក​ និង​កងទ័ព​ជើងគោក ដែល​សុទ្ធ​តែ​ជា​កងទ័ពរណសិរ្យ​រំដោះចិន​ប្រជាមាណិត។ ជា​ផ្លូវការ​នៅ​ហុងកុង​កម្លាំង​ទ័ព​គឺ​សុទ្ធ​តែ​ជា​ទ័ព​មក​ពី​ចិន​ដីគោក។

កន្លង​មក​គេ​មិន​ដែល​ឃើញ​កងទ័ព​នេះ ​ធ្វើ​សកម្មភាព​អ្វី​ដើម្បី​បង្អួតសំញែញ​ឲ្យ​ធំ​ដុំទេ​ ព្រោះរដ្ឋាភិបាល​ចិន​ប៉េកាំងដឹងថាប្រជាជន​ហុងកុងមាន​ការ​យល់ឃើញ​ផ្សេង ​មិន​ដូច​ប្រជាជន​ចិន​ដី​គោក​ទេ។ អ្នក​ហុងកុង​គេ​មាន​វប្បធម៌​ប្រជាធិបតេយ្យ ​ហើយ​គេ​មិន​ចូល​ចិត្ត​ការ​សំញ៉ែញ​កម្លាំង​ទ័ព​ឡើយ។

ប៉ុន្តែ​គ្រានេះ ​រដ្ឋាភិបាល​ចិនប៉េកាំង ​ចង់​ឆក់​ឱកាសបុណ្យខួប​២០​ឆ្នាំ​នេះ ​ដើម្បី​បង្ហាញ​ប្រាប់​ពី​អំណាច​ និង​ភាពអស្ចារ្យ ​ភាពជោគជ័យនៃការ​ដឹកនាំ​របស់​បក្ស​កុម្មនីស្តិ​ចិន​ប៉េកាំង។

គេ​ចង់​បង្ហាញ​ឲ្យ​ប្រជាជន​នៅហុងកុង ​ដឹងថា​ មាន​តែ​បក្ស​កុម្មុយនីស្តិ​ចិន ​ប៉េកាំង​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព ​មាន​កងទ័ព​ ដើម្បី​ការពារ​សន្តិសុខ ​ស្ថិរភាព​របស់​ដែនដី​ហុងកុង ​ក៏ដូច​ជាទឹកដី​ ចិន​ទាំងមូល។ ព្រម​ជាមួយ​គ្នា​នេះ ​វា​ក៏​ជា​សញ្ញា​ប្រាប់​ទៅក្រុម​ប្រឆាំង​នៅ​ហុងកុងថា បើ​ក្នុង​ករណី​មាន​ការ​តវ៉ា​បង្ក​អស្ថិរភាព​នោះ​ កងទ័ព​ចិនដីគោក​ អាច​ធ្វើ​អន្តរាគមន៍​គ្រប់​ពេលឲ្យតែ​ប៉េកាំង​បញ្ជារ។

លោក ស៊ី ជិនពីង នៅលើ​រថយន្ត​ត្រួតពល អម​ដោយ​រថក្រោះ​បាញ់​មីស៊ីល​រាប់រយ​គ្រឿង តម្រៀប​ជួរ​ ស្វាគមន៍ Reuters“ខ្ញុំជា​ជនជាតិ​ហុងកុង ​មិនមែន​ចិន​ទេ!”

យើង​នៅ​ចាំ​បាន​ កាល​ពី​រវាង​ខែ​កញ្ញា ​និង​តុលា ​ឆ្នាំ​២០១៤ ​ដែល​មាន​មហាបាតុកម្ម​របស់​យុវជនហុងកុង ​ប្រឆាំង​នឹងការ​ក្តោបក្តាប់​អំណាច​របស់​ចិន​ប៉េកាំង។ ​

យ៉ាងណាមិញ ​កាល​ពី​ថ្ងៃពុធ​ ពីរ​ថ្ងៃ​មុន​នេះ ​នគរបាលហុងកុងបាន​ចាប់​ឃាត់​ខ្លួន​សកម្មជនប្រជាធិបតេយ្យ​២៦​នាក់ ​ដែល​ក្នុង​នោះ​មានមេដឹកនាំ​ពីរ​នាក់ ​គឺ​លោក​ វង់ ចូឆ័រ ​ និង​លោក​ ឡាំ ណាថាន់។

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ឈាន​ចូលថ្ងៃសុក្រ ​សកម្មជន​​ប្រជាធិបតេយ្យ​២៦​នាក់ ​ត្រូវបាន​ដោះលែង​មក​វិញ​ហើយ។ ដោយឡែក​ យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត ​នៅ​ហុងកុង​ អាជ្ញាធរ​បាន​ចាប់​ឃាត់​ខ្លួនមនុស្ស០​៣នាក់​ផ្សេង​ទៀត ​ពី​បទ​សរសេរ បរិហារ​   រិះគន់​រដ្ឋាភិបាល​ចិន ​នៅតាម​ផ្លាក​សញ្ញា​ចរាចរណ៍ ​និង​តាម​ទី​សាធារណៈ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​គេ​សង្កេតឃើញ​   យុវជន​ហុងកុងកាន់តែ​ពុះ​កញ្ជ្រោល​តវ៉ាទៅ​នឹងរដ្ឋាភិបាល​ចិន​ដីគោក​កាន់​តែ​ខ្លាំង។ យោង​តាម​ការ​ធ្វើ​ប្រជាមតិ​ថ្មីៗ​នេះ ក្នុង​ចំណោម​យុវជន​អាយុ​ពី​១៨ដល់​២៩​ឆ្នាំ ​​គឺមាន​តែ​៣%ប៉ុណ្ណោះ ​ដែល​មានអារម្មណ៍​ថា ​ស្និទ​នឹង​គណបក្ស​កុម្មុយនីស្តិ​ចិន។ វា​អាច​ មាន​មូល​ហេតុ​ច្រើនរួមផ្សំ​គ្នា។

 

មូលហេតុទីមួយ​ គឺយើង​ត្រូវ​សម្លឹង​ទៅ​មើល​ប្រវត្តិ​របស់​ហុងកុង​ក្នុង​រយៈពេល​ជិត​​២​សតវត្ស​ចុង​ក្រោយ​នេះ។ ហុងកុង ​ធ្លាប់   ​ស្ថិត​ក្រោមអណានិគម​របស់ចក្រ​ភព​អង់គ្លេសជាង​១៥០​ឆ្នាំ ដែល​ការ​នេះបាន​ធ្វើ​ឲ្យ​ប្រជាជន​ហុងកុង ​កូនចៅ​អ្នក​ហុងកុង​ជំនាន់​ក្រោយៗ ​បាន​ទទួល​នូវ​ផ្នត់​គំនិត​បែប​លោក​ខាង​លិច ​បែប​សេរីនិយម។ ការ​យល់ឃើញ​របស់​អ្នក​ហុងកុង ​គឺ​ប្រហាក់​ប្រហែល​នឹង​ការ​យល់ឃើញ​របស់​អ្នក​នៅ​អឺរ៉ុប​ ជា​ទូទៅដែល​ជា​មនុស្ស​ស្រលាញ់​សិទ្ធិ​សេរីភាព ​និង​លទ្ធិ​ប្រជាធិបតេយ្យ។

 

ត្រង់នេះ​ គឺវា​ផ្ទុយ​ស្រឡះពី​ប្រជាជន​ចិន​ដីគោក​ ដែល​មាន​ផ្នត់​គំនិត ​និង​ការ​  យល់ឃើញបែប​ផ្សេង ​ព្រោះពួកគេ​ស្គាល់​តែ​របប​គ្រប់គ្រង​របស់​បក្ស​កុម្មនីស្តិ​ចិន ​ហើយ​មិន​ដែល​ស្គាល់​លទ្ធិ​ប្រជាធិបតេយ្យទេ។ ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​អ្នក​ហុងកុងគេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នកផ្សេង​ហៅ​គេ ​ថា​ជា​ជនជាតិ​ចិន​ទេ ​គឺ​គេ​ទាម​ទារ​ឲ្យ​អ្នក​ផ្សេងទទួល​ស្គាល់​គេ​ជា​ប្រជាជន​ហុងកុង ​ដែល​មាន​លក្ខណៈ​ពិសេសខុសពី​ប្រជាជន​ចិន។

 

បញ្ហា​ទីពីរ​ អាច​ជា​បញ្ហា​សេដ្ឋកិច្ច។ នៅ​រវាង ​ទសវត្ស​ឆ្នាំ​៨០-៩០ ​ហុង​កុង​គឺ​ជា​ចំណុច​ស្នូលរីក​ចំរើន​ដល់​កំពូលនៅលើ​ឆាក​អន្តរជាតិ។ នរណាក៏ស្គាល់​ហុងកុង​ ក៏​ចង់​ទៅ​រក​ស៊ី​នៅ​ហុងកុង​ដែរ។ ក៏ប៉ុន្តែ​២០​ឆ្នាំចុងក្រោយនេះ​ បន្ទាប់​ពី​ហុងកុងបាន​ក្លាយ​ជា​តំបន់​ស្វ័យ័ត​របស់​ចិន​នៅ​ឆ្នាំ​៩៧ ​ហុងកុង​បាន​ទន់ខ្សោយ​បន្តិចម្តងៗ។

អ្នក​សង្គម​វិជ្ជា​ខ្លះ ​បាន​សិក្សា​អំពី​ការ​បាក់ ​ទឹកចិត្ត​របស់​យុវជន​ហុងកុង​ជំនាន់​ថ្មី។ យុវជន​ហុងកុង​បច្ចុប្បន្ន​ មាន​ទុទិដ្ឋិនិយម​ ច្រើន ​ជា​ពិសេស​ទាក់ទិនទៅ​នឹង​អនាគត​ការងារ​ ហើយ​វា​រួម​បូក​ផ្សំ​ជាមួយ​នឹងការ​បង្ហូរចូល​នូវ​ជនជាតិ​ចិន​ដីគោក ​កាន់​តែ​ច្រើន​នៅ​ហុងកុង។

អ្នក​ហុងកុង​មិន​ទុកចិត្ត​ទៅ​នឹងឯករាជ្យភាព​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ហុងកុង​ ដែល​ជានិច្ច​ជាកាល ​គឺ​ជា​ក្រុម​មនុស្ស​ស្និទ​នឹង​ប៉េកាំង។ អំពើ​ពុក​រលួយ ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ចិន​ដី​គោក ​គឺ​រឹតតែ​បាន​បន្ថែម​ឲ្យ​អ្នក​ហុងកុង​ស្អប់​រដ្ឋាភិបាល​កុម្មនីស្តិ​ចិន​ប៉េកាំង។

 

ចរន្ត​ទាមទារ​ប្រជាធិបតេយ្យ ​ឈាន​ទៅ​ទាមទារ​ឯករាជ្យមហា​បាតុកម្ម​ឆ័ត្រ​លឿង​ កាល​ពី​ឆ្នាំ​២០១៤ ​មិន​បាន​ទទួល​ផល​អ្វី​សោះ ​ ក៏​ប៉ុន្តែ​វា​ក៏បាន​បង្ហាញ​ប្រាប់​រដ្ឋបាល​ក្រុង​ប៉េកាំង ​ឲ្យដឹង​ពី​កម្លាំង​តវ៉ា​របស់​យុវជន​ហុងកុង​ដែរ។ មក​ដល់​ពេល​នេះ ​បើ​យោង​តាម​សម្តី​របស់​លោក ឡាំ ណាថាន់ ​យុវជន​ប្រជាធិបតេយ្យ ​ហើយ​ដែល​បាន​ក្លាយ​ជា​តំណាងរាស្ត្រ​វ័យក្មេង​របស់​ហុងកុង​នោះ ​ បាន​និយាយ​ថា ​សកម្មជន​ប្រឆាំងនៅតែ​មាន​សន្ទុះ​ខ្លាំង​ដដែល។

មួយ​រយៈចុងក្រោយ​នេះ ​ពួកគេ​បាន​ទទួល​ការ​ធ្វើ​ទុក្ខបុកម្នេញ​ច្រើន​ពី​សំណាក់​អាជ្ញាធរ។ នៅឆ្នាំ​២០១៥ ​ម្ចាស់​រោងពុម្ព ​និង​បណ្ណាគារ៥នាក់​បាន​បាត់​ខ្លួន​យ៉ាង​ចំលែក។

តាម​ការ​សង្ស័យ​ពួក​គេ​ត្រូវ​បាន​គេ​ចាប់​​យក​ទៅកសាង ​ឬ​ធ្វើ​ទារុណកម្មដោយ​ហេតុថា​ពួកគេ​បាន​ចែកចាយលក់​សៀវភៅ ​ដែល​មាន​និន្នាការ​រិះគន់ថ្នាក់ដឹកនាំ​ចិន​ប៉េកាំង។ ក៏​ប៉ុន្តែ​ការ​ធ្វើ​ទុក្ខបុកម្នេញទៅ​លើ​អ្នក​រិះគន់ ​ក៏មាន​ន័យថា​ វា​បាន​បង្កើន​ទឹក​ចិត្ត​មិនពេញចិត្ត​បក្សកុម្មុយនីស្តិ​ចិន ​ឲ្យកើន​កាន់​តែខ្លាំង​ទៅតាម​នោះ។

កម្មវត្ថុចំបង​នៃ​ការតវ៉ា ​គឺ​ការ​ធ្វើកំណែ​ទម្រង់​   ប្រជាធិបតេយ្យ​ហុងកុង។ យោង​តាម​កិច្ច​ព្រមព្រៀងគ្នា ​កាលពីឆ្នាំ​១៩៩៧ ​រវាង​ចិន ​និង​អង់គ្លេស គឺ​ចិន​ត្រូវ​តែ​ធានា​ឲ្យ​ហុងកុង​មាន​របប​គ្រប់គ្រប​បែប​ប្រជាធិបតេយ្យ ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ រហូត​ដល់​ឆ្នាំ២០៤៧។ ត្រង់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ហុងកុងទាមទារ​ឲ្យ​ពួក​គេ​អាច​បោះ​ឆ្នោត​ជ្រើសរើស​ថា្នក់​ដឹក​នាំរដ្ឋាភិបាល​ហុងកុងដោយ​ផ្ទាល់។

រដ្ឋាភិបាល​ប៉េកាំង​បាន​​យល់ព្រម ​ក៏​ប៉ុន្តែ​បាន​ទាមទារថា បេក្ខជន​ត្រូវតែ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​មួយជា​អ្នក​បញ្ជូន​ឈ្មោះ​បេក្ខជន។ គណកម្មការ​នោះ​ គឺវា​ច្បាស់​ណាស់​ថា ផ្នែក​មួយ​នៃ​អង្គការ​មជ្ឈឹមបក្ស​កុម្មុយនីស្តិ​ចិន។ ប្រការ​នេះបាន​ធ្វើ​ឲ្យ​សកម្មជនប្រជាធិបតេយ្យនៅ​តែ​មិន​ពេញ​ចិត្ត​ដដែល ​ព្រោះបោះឆ្នោត​ដោយ​ផ្ទាល់​គ្មាន​ន័យ​ទេ បើ​បេក្ខជន​ឈរឈ្មោះ ​គឺ​បក្ស​កុម្មនីស្តិ​ចិន​ ​ជា​អ្នក​ចាត់​តាំង​ដែល​ជា​ដដែល។ ពួកគេ​មិន​មែន​ត្រឹម​តែ​ទាមទារ​ឲ្យ​ចិន​គោរព​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ទេ ​គឺពួកគេ​កំពុង​ទាមទារ​ឲ្យ​ហុងកុង​មាន​ឯករាជ្យ​តែម្តង។

សម្រាប់​ពេលនេះ​ចិន​ប៉េកាំងហាក់​ប្រកាន់​គោល​ជំហរ​រឹង​មិន​ចង់​បន្ទន់​ទៅ​តាម​ការ​តវ៉ា​ទេ។ បញ្ហា​ចោទ ​គឺថា​ចលនា​តវ៉ា​ដើម្បីប្រជាធិបតេយ្យ​របស់​យុវជន​ ហាក់ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ថា​ជា​កូន​ក្មេង ​មិន​មាន​កម្លាំង​នយោបាយ​ធំដំ​ទៅ​ចរចារជជែក​ជាមួយ​ថ្នាក់ដឹក​នាំ​ចិន​ទេ។ រីឯ​រដ្ឋាភិបាល​ហុងកុង​វិញ គឺ​គ្មាន​នរណាហ៊ាន​តវ៉ា​អ្វី​ជាមួយ​ចិន​ទេ។ ក្រុម​យុវជន​ត្រូវ​ការ​ឲ្យមាន​ការ​គាំទ្រ​ពី​​អ្នក​នយោបាយ​ចាស់ៗ​នៅ​ហុងកុងដែរ​ហើយ ​ក៏​ត្រូវ​ពិចារណា​រកយុទ្ធសាស្ត្រ​ដើម្បី​ដាក់​សំពាធ​លើ​ ប៉េកាំង។ សម្រាប់​ពេល​នេះ ​គឺ​មាន​តែ​បាតុកម្ម​តវ៉ា តាម​ផ្លូវ​ប៉ុណ្ណោះ​ដែល​ជា​មធ្យោបាយ។

2017-06-30t033858z_858702109_rc12740cf060_rtrmadp_3_hongkong-anniversary 2017-06-30t032607z_1427912032_rc1b36533730_rtrmadp_3_hongkong-anniversary

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!