ព្រឹតិ្តការណ៍ថ្មីៗ

ឈប់ឆ្លងផ្លូវត្រូវរថយន្តបើកពីក្រោយបុកទាំងកំរោលបណ្ដាលកិនម៉ូតូជាប់ក្រោមរថយន្ត

11 ខែ មុន 3 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់បានលោតចេញពីលើម៉ូតូភ្លាមៗ ហើយសំណាងល្អមិនបណ្ដាលឲ្យរបួស ខណៈពេលដែររូបគាត់ជិះម៉ូតូឈប់កណ្ដាលផ្លូវឲ្យរថយន្តបត់ឆ្លងផ្លូវ ហើយត្រូវរថយន្តមួយគ្រឿងទៀតបើកមកពីក្រោយបុកទាំងកំរោលបណ្ដាលឲ្យគៀបម៉ូតូជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលនិងកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (217) ត្រង់ចំណុចមុខបុរីប៉េង ហ៊ួត ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្នុងហេតុការណ៍នេះក៏មានរថយន្ត២គ្រឿងទៀតបានបុកបន្តកន្ទុយគ្នារងការខូចខាតផងដែរ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BN-9537 បានធ្វើដំណើតាមបណ្ដោយផ្លូវមុន្នីរ៉េត (217)ទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់ម៉ូតូនៅកណ្ដាលផ្លូវ ដើម្បីឲ្យរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបត់ឆ្លងផ្លូវចូលបុរី ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីម៉ូតូជនរងគ្រោះបានឈប់ហើយនោះ ក៏មានរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-3391 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរស២នាក់ជាមួយ បានបើកមកស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន ហើយចាំហ្វាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូរងគ្រោះទាំងកំរោលបណ្ដាលឲ្យម៉ូតូគៀបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូឃើញសភាពមិនល្អបានលោតចេញពីម៉ូតូទាន់ពេល មិនបណ្ដាលឲ្យរងរបួសនោះឡើយ ។

ក្រោយពេលកើតហេតុភ្លាមៗ ភាគីខាងរថយន្តបង្កបានសុំធ្វើការសម្របសម្រួលជាមួយភាគីខាងម៉ូតូរងគ្រោះ ខណៈពេលដែរកំពុង ចចារគ្នា ក៏មានរថយន្តម៉ាកកូរ៉ូឡា ពាណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2C-7244 ដែលដឹកអ្នកដំណើរប្រហែលនាក់ក្នុងរថយន្ត បានបើកស្របទិសគ្នា ដោយល្បឿនសិនសុឹមៗ ហើយត្រូវរថយន្តកុងតឺន័រ មួយគ្រឿងទៀតម៉ាកSTERLING ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-7260 បានបើកមកបុករថយន្តកូរូឡាពីក្រោយថែមទៀត បណ្ដាលឲ្យកំពិតកាងក្រោយបន្ទិចបន្ទួច ហើយក៏ធ្វើឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងតែម្ដងនៅតាមបណ្ដោយផ្លូវកើតហេតុខាងលើ ។

ដោយមានការសម្របសម្រួលពីកម្លាំងសមត្ថកិច្ចមូលដ្ឋានទទួលផ្នែកចរាចរណ៍ ចុះជួយសម្រួលធ្វើចរាចរណ៍ និងជួយសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផងដែរនោះ ទើបភាគីរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ដែលបុកម៉ូតូ បានសងការខូចខាតចំនួន១០មុឺនរៀល ហើយខាងរថយន្តកុងតឺន័រដែលបើកបុករថយន្តកូរ៉ូឡា បានសងការខូចខាតចំនួន80$ផងដែរ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ហើយមួយសន្ទុះក្រោយមក ការធ្វើដំណើរបស់ប្រជាពលរដ្ឋក៏រលូនជាធម្មតាវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ