ព្រឹតិ្តការណ៍ថ្មីៗ

អ្នក​សរសេរ​អត្ថបទ​រិះគន់​ រដ្ឋាភិបាលវៀតណាម ​ត្រូវ​​​ដក​​​សញ្ជាតិ ចាប់​បញ្ជូន​​ទៅ​ទី​ក្រុង​ប៉ារីស​

11 ខែ មុន 18 tnn_admin

អន្តជាតិ៖ លោក ហ្វាំ ​មីញហួង ​សាស្ត្រាចារ្យ ​និង​ជា​អ្នក​សរសេរ​អត្ថបទ​រិះគន់​ រដ្ឋាភិបាលវៀតណាម ​ដែលត្រូវ​រដ្ឋាភិបាល​កុម្មុយនីស្តិ​នេះ ​ ដក​សញ្ជាតិ​ ចោល​នោះ​នៅថ្ងៃ​អាទិត្យទី​២៥​មិថុនា​ ត្រូវបាន​គេ​ចាប់​បញ្ជូន ​មក​ដល់​ទី​ក្រុង​ប៉ារីស​ប្រទេស បារាំង ​ហើយ។

លោក ហ្វាំ មីញហួង ​បាន​ថ្លែង​ប្រាប់​ អ្នក​យក​ព័ត៌មាន​បារាំង​ថា ​កន្លង​មក​លោក​ខិតខំ ​តស៊ូ​មតិទៅ​តាម​លទ្ធភាព​លោក ​តែ ពេល​នេះ ​ការ​តស៊ូ​របស់​លោក​ ប្រឆាំង​ជាមួយនឹង ​អំណាច​ផ្តាច់ការ​កុម្មុយនីស្ត​វៀតណាម ​បានបរាជ័យ​ហើយ។ លោកអស់​សង្ឃឹ​ម ខ្លាំ​ងណាស់!“គេចោទ ខ្ញុំ​ ថា មាន​ បំណង ​ផ្តួល​រំលំ​ របប​គ្រប់គ្រង ​ដោយសារ​តែ​ខ្ញុំ​បាន​សរសេរ​ អត្ថបទ​ជាច្រើន​ រិះគន់​គេ។ អត្ថបទ​ ខ្ញុំ ​​គឺ​ខ្ញុំ​ លើកឡើង​អំពី​ការ​ធ្វើយ៉ាងណាដើម្បី​លើក​កំពស់ការ​គោរព​សិទ្ធិ​សេរីភាព ​និង​លទ្ធិ​ប្រជាធិបតេយ្យ។

ខ្ញុំ​សរសេរ ​រិះគន់​ អំពី​ សកម្មភាព​ ពុករលួយខ្ញុំ​បាន​បរិហារ​ អំពី​ សកម្មភាព​ ដែល​ចិន​ ចូល​លុកលុយ ​និង​ប្រើ ​ឥទ្ធិពល​ ទៅលើ​គ្រប់​វិស័យ​នៅ​វៀតណាម ​មិន​ថា ​វិស័យ ​សេដ្ឋកិច្ច ​វិស័យ​នយោបាយ ​ឬក៏​វិស័យ​យោធា។ខ្ញុំសរសេរដើម្បី​ផ្តល់​យោបល់​របស់​ខ្ញុំ ​ក្នុងការ​ធ្វើ​កំណែទម្រង់​លើវិស័យអប់រំ។

ខ្ញុំ​គឺ​ ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ ​ ដូច្នេះ ​វា​គឺ​ជា​កាតព្វកិច្ច​របស់​ខ្ញុំ ​ដែល​ត្រូវចូលរួម​ផ្តល់​យោបល់​ជួយជាតិ។ វា​គឺ​ជា​រឿង​ធម្មតា​បំផុត។ក៏​ប៉ុន្តែ​នៅ​វៀតណាម ​ក្រោម​របប​ផ្តាច់ការ​កុម្មុយនីស្តិ ​​អ្វីដែល​ខ្ញុំ​ធ្វើ​ទាំង​នេះ ​មិនមែន​ជា​រឿង​ធម្មតា​ទេ ក្នុងក្រសែរ​ភ្នែក​គេ។”

គួររំលឹក​ថាកាល​ពី​ថ្ងៃទី​ ១១ ​មិថុនា​ ២០១៧ ​លោក ​ហ្វាំ មីញហួង ​បាន​ទទួល​លិខិត​មួយរបស់​រដ្ឋាភិបាល​វៀតណាម ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៧​ ឧសភា​ ដែល​លិខិ​ត​នោះ​ ​គឺ​ជា​ការ​សម្រេចដក​សញ្ជាតិ​វៀតណាម​​ពី​លោក​។រដ្ឋាភិបាលវៀតណាម បានបញ្ជារ​ឲ្យលោកចាកចេញ​ពី​វៀតណាម​ជា​បន្ទាន់។

កាលពីថ្ងៃ​សុក្រ ​ទី​២៣​ មិថុនា​ កម្លាំង​សមត្ថកិច្ច​ បាន ​ចុះ​ ទៅចាប់​ខ្លួន​លោក​ ហ្វាំ មីញ ហួង ​ដល់ផ្ទះ​ក្នុង​សម្លៀក​បំពាក់​ខោ​ជើង​ខ្លី ​ដើម្បី​បញ្ជូនលោក ​ឲ្យ​ឡើង​យន្តហោះត្រលប់​មក​ប្រទេស​បារាំង។​

លោក ​ហ្វាំ មីញហួង ​បានបញ្ជាក់​ថា លោក​មិន​បាន​មាន​ពេល​និយាយ​លាគ្នាជាមួយ​ភរិយា​លោក​ទេ។ គេ​បានអនុញ្ញាតិឲ្យ​លោក​ជួប​មន្ត្រី​នៅ​ស្ថានទូត​បារាំង ​និង​មេធាវី​ម្នាក់​ តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ លោក​បាន​ មក​ដល់​ទីក្រុង​ ប៉ារីស ​នៅព្រឹក​ថ្ងៃ​អាទិត្យ​ ទី២៥ ​មិថុនា។

សូមបញ្ជាក់ថាលោក​ ហ្វាំ មីញហួង ​(Pham Minh Hoang)​ អាយុ​៦២​ឆ្នាំ ​មាន​សញ្ញាតិពីរ ​វៀតណាម​ផង​ បារាំង​ផង។

លោក ​បាន​រត់​ភៀស​ខ្លួន​មក​រស់​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៧៣ ​ជា​ទី​ដែល​ លោក​បាន​សិក្សា​ផ្នែក​គណិតវិទ្យា ​ហើយ​បាន​ក្លាយ​ជា​​សាស្ត្រាចារ្យនៅមហាវិទ្យាល័យ។ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០០០​ លោក​បាន​សម្រេច​ចិត្តត្រលប់​ទៅ​វៀតណាម​វិញ ​ដើម្បី​ធ្វើការ​ជា​សាស្ត្រាចារ្យ​ ​ ​នៅ​សកលវិទ្យាល័យ ​ពហុ​បច្ចេកទេស​ក្រុង​ហូជីមីញ។

លោក​បាន​សរសេរ​អត្ថបទ​ជាច្រើន ​ដែល​មាន​ខ្លឹមសាររិះគន់​ ពី​បញ្ហាសង្គម​ ពី​ការ​រិតបន្តឹង​សេរីភាពនៅវៀតណាម ​ដោយ​ប្រើ​នាម​ជាអ្នក​និពន្ធ​ថា​ ហ្វាំង កៀនកួក។

កាលពី​ឆ្នាំ​ ២០១១ ​លោក​ ត្រូវ​បាន​ តុលាការ​វៀតណាម ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ ​តែក៏ត្រូវ​បានដោះលែង​ មក​វិញ ​ក្រោយ ​ជាប់​គុក​រយៈ​ពេល​១៧​ខែ ​តែត្រូវ​គេ​កំណត់​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈពេល​៣ឆ្នាំ។

តែ​យ៉ាងណាលោក​បាន​បន្ត​សរសេរអត្ថបទ​រិះគន់​ ការដឹកនាំ​ផ្តាច់ការរបស់​រដ្ឋាភិបាល​វៀតណាម ​ដែល​ជា​ការរិះគន់​ដើម្បី​ការ​ផ្លាស់ប្តូរ​ដោយសន្តិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ