ព្រឹតិ្តការណ៍ថ្មីៗ

លោក បាក់ សំបុល ៖​ កំណាព្យ ទោសពីគ្រឿងញៀន

1 ឆ្នាំ មុន 34 tnn_admin

កំណាព្យ ទោសពីគ្រឿងញៀន​ (បទកាកគតិ)
1. យុវជនឥលូវ មានខ្លះគិតត្រូវ មានខ្លះគិតខុស ហេតុចង់សប្បាយ រីករាយស្រីប្រុស នាំគ្នាចូលចុះ ចង់សាកគ្រឿងញៀន ។

2. សេពគប់បាបមិត្ត សរសៀរចូលជិត ដោយឥតខ្មាសអៀន សុំសាករសថ្នាំ មិនស្មានថាញៀន សេពហើយស្រេកឃ្លាន អ៊ូរសើចសប្បាយ ។

3. សេពគប់រឿយៗ មិនខ្លាចហត់នឿយ មិនខ្លាចអន្តរាយ ញៀនហើយកាលណា រីកចិត្តក្អាកក្អាយ ចុះចិត្តចំណាយ រាល់ថវិកា ។

4. ឥទ្ធិពលថ្នាំញៀន ចោលសាលារៀន បង់ការសិក្សា គំនិតគួចគិត បោកបែកប្រាជ្ញា លួចថវិកា ម៉ែឪរកស៊ី ។

5. ខំលក់ខំដូរ សន្សំហែហូរ កកាយធរណី មិនដឹងបាត់បង់ ប្រាក់ដែលរកស៊ី បោកគ្នាវក់វី បាត់ទំនុកចិត្ត ។

6. ប្រពន្ធឈ្លោះប្តី ទាស់ទែងសំដី លែងបានស្នាលស្និទ្ធ ឈ្លោះរកមុខចោរ ប្រកាន់ញាតិមិត្ត ទំរាំនឹកគិត ដល់កូនអាត្មា ។

7. ឯញាតិនោះម៉ិញ ខំដាលខំដេញ បាត់បង់ទ្រព្យា ដេញទាន់ជាន់កែង កូនឯងនោះណា ទើបដឹងថាវា ជាចោរប្រាកដ ។

8. ខិតខំទុកចិត្ត ប្រដៅប្រៀនប្រិត លែងមានអំណត់ មាត់ធំមាត់តូច តបតបង់បត់ ដុំដៃមិនអត់ អំពើហិង្សា ។

9. ហ៊ានវាយម៉ែឪ លែងដឹងខុសត្រូវ លែងស្គាល់យាយតា ហេតុតែថ្នាំញៀន រុករានកាយា ទោះជានរណា ក៏ខ្លួនមិនខ្លាច ។

10. បាយទឹកមិនឃ្លាន ដើររុកដើររាន បំពានបោកបាច ស្រែកសួររកលុយ ព្រហើនកោងកាច ដូចមានអំណាច សត្រូវខាងក្នុង ។

11. ថ្នាំញៀនវាយលុក ខ្លួនក្តៅគគុក ចិត្តឆ្កួតទាំងស្រុង កាយស្គមរីងរៃ ស្មារតីលែងប្រុង ធ្លាក់ខ្លួនជាប់ផុង អន្លង់បាតពាល ។

12. ធ្វើចោរលួចប្លន់ យល់មានអាសន្ន គេទាត់រមៀល បណ្តើរចូលគុក គេឃ្លាំគេឃ្វាល ខានឃើញទីវាល ទីសុខសេរី ។

13. ម៉ែឪព្រួយចិត្ត បានត្រឹមតែគិត យកនំចំណី ទឹកភ្នែកព្រិចៗ សណ្តោសប្រណី ឱកូនភក្តី អស់អនាគត ។

14. កុំសេពគ្រឿងញៀន ស្តាប់ដំបូន្មាន ធ្វើចិត្តឲ្យមុត ខិតខំរៀនសូត្រ ដល់ទីបំផុត ឲ្យចេះប្រាកដ ប្រាក់រត់តាមហៅ ។

ភ្នំពេញថ្ងៃទី ១២ ឧសភាព ២០១៣
ដោយ៖ បាក់ សំបុល សហនិពន្ធ ក្រុមយុវសិស្សផ្នែក ល្ខោន និងឆាកកំប្លែង នៃអង្គការដើម្បីភាពញញឹមនៃកុមារ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ