ព្រឹតិ្តការណ៍ថ្មីៗ

អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួប ប្រតិភូកងទ័ពជើងទឹក នៃព្រះរាជាណាចក្រថៃ

2 ឆ្នាំ មុន 2 តូ សុផល

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ នេះ ឯកឧត្តម យន្ត មីនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួប ប្រតិភូកងទ័ពជើងទឹក នៃព្រះរាជាណាចក្រថៃ ក្នុងដំណើរមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួន ៥ ថ្ងៃ ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកភូមិន្ទថៃ និង កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេស ភូមិផងជាមួយគ្នា ហើយដែលជារៀងរាល់ឆ្នាំ កងទ័ពជើងទឹកនៃប្រទេសទាំងពីរតែងតែមានកិច្ចសហការគ្នា និងផ្លាស់ប្តូរប្រតិភូគ្នាទៅវិញទៅមក ។

សូមបញ្ជាក់ថា ៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី២៤/០៥/២០១៦ នាវាចម្បាំង កងទ័ពជើងទឹកភូមិន្ទថៃ ចំនួន០១គ្រឿង លេខ512 បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំរាប់ដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី ២៤-២៨ ខែឧសភា ឆ្នាំ២០១៦ នាវានេះមានឈ្មោះ H.T.M.S.NARATHIWAT (OPV.512) មានបណ្តោយ៩៤.៥ ម៉ែត្រ ទទឹង១១.៨ ម៉ែត្រ ទម្ងន់ផ្ទុក១៤៤០ តោន ជម្រៅទឹក៣.៥ ម៉ែត្រ មាននាវិកលើនាវាទាំងអស់ចំនួន ១១៦នាក់ និងដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមនាវីទោ BUNPOT KEATPOO មេបញ្ជាការរងកងទ័ពជើងទឹកតំបន់១ភូមិន្ទថៃ និងជាប្រធានបេសកកម្ម មកកាន់ប្រទេសកម្ពុជាលើកនេះ ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសំដែងនូវការស្វាគមន៍ យ៉ាងរាក់ទាក់កក់ក្តៅ ចំពោះការចូលចតជាលក្ខណះមិត្តភាពនៃនាវាកងទ័ពជើងទឹកភូមិន្ទថៃ នៅខេត្តព្រះសីហនុក្នុងពេលនេះ ។ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ នាឱកាសនេះទៀតថា កន្លងមកប្រទេសទាំងពីរ តែងតែមានកិច្ចសហការគ្នាល្អ រវាងប្រជាជន និងប្រជាជន កងទ័ព និងកងទ័ព ក្នុងនាមជាប្រទេសជិតខាងគ្នា និយាយជារួម និង និយាយដោយឡែក ខេត្តព្រះសីហនុ មានព្រំដែនទឹកជាប់គ្នា ហើយផ្តើមចេញពីទំនាក់ទំនងល្អនេះបានធ្វើឲ្យប្រទេស និងប្រជាជនទាំងពីរបានទទួលផលប្រយោជន៍ពីគ្នា ទៅវិញទៅមកលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការនេសាទជាដើម ។
ទាក់ទិនទៅនឹងពលករខ្មែរដែលធ្វើចំណាកស្រុកចូលទៅធ្វើការនៅប្រទេសថៃ ឯកឧត្តម អភិបាលខេត្ត ក៍បានស្នើសុំឲ្យភាគីថៃ ជួយយកចិត្តទុកដាក់ថែទាំ រក្សាការពារឲ្យបានល្អផងដែរ ដោយឡែកនៅពេលខាងមុខ ឯកឧត្តម អភិបាលខេត្ត ក៍បានស្នើសុំឲ្យភាគីថៃ ផ្តល់នូវវគ្គបណ្តុះបណ្តាលដល់មន្រ្តី និងប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ ចង់ចេះអំពីបច្ចេកទេសក្នុងការងារកសិកម្ម លើរបៀបនៃការដាំដុះ ដំណាំ និងចិញ្ចឹមសត្វ ជាដើម ដើម្បីឲ្យប្រជាជននៃខេត្តព្រះសីហនុ មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងខេត្តដោយខ្លួនឯង ។

ឯកឧត្តម ឧត្តមនាវីទោ BUNPOT KEATPOO មេបញ្ជាការរងកងទ័ពជើងទឹកតំបន់១ភូមិន្ទថៃ បានសំដែងនូវក្តីរីករាយ ចំពោះការទទួលរាក់ទាក់ពីថ្នាក់ដឹកនាំខេត្ត ក៍ដូចជាពីសំណាក់ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ហើយ ឯកឧត្តម ក៍បានសម្តែងនូវការកោតសរសើចំពោះ ការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ខេត្តព្រះសីហនុ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំមានការ អភិវឌ្ឍន៍ឥតឈប់ឈរ ហើយ ឯកឧត្តម ឧត្តមនាវីទោ BUNPOT KEATPOO មេបញ្ជាការរង កងទ័ពជើងទឹកតំបន់១ភូមិន្ទថៃ ក៍បានជំរាបជូនអំពីកម្មវិធីទស្សនកិច្ចលើកនេះ គឺប្រតិភូ មានគោលបំណងទៅធ្វើទស្សនកិច្ចនៅតាមបណ្តារមនីយដ្ឋានសំខាន់ៗ ដូចជា ព្រះបរម រាជវាំង រាជធានីភ្នំពេញ ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប និងការប្រកួតកីឡា បាល់ទះ បាល់ទាត់ ជាលក្ខណះមិត្តភាព ហើយ ឯកឧត្តម ឧត្តមនាវីទោ BUNPOT KEATPOO ក៍បានអញ្ជើញ ឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងខេត្តព្រះសីហនុ ទៅធ្វើទស្សន កិច្ចនៅប្រទេសថៃ ផងដែរ ។ ចុងបញ្ចប់នៃការសំណេះសំណាល ភាគីទាំងពីរក៍បានជូន វត្ថុអនុស្សាវរីយគ្នាទៅវិញទៅមកប្រកបដោយបរិយាកាសរីករាយ ៕ OSR

image image

image image

image

image

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ