ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី Theresa May ចាប់​ដៃ​ជាមួយ​គណបក្ស​ផ្សេង​ដើម្បី​មាន​សម្លេង​ដាច់ខាត​សម្រាប់​រដ្ឋាភិបាល​ថ្មី

1 ឆ្នាំ មុន 0 tnn_admin
អន្តរជាតិ៖ នៅ​ក្នុង​ប្រទេស​អង់គ្លេស លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សភា​មុន​កាលកំណត់​ នា​ថ្ងៃ ព្រហស្បតិ៍ ទី០៨ខែ មិថុនា​

បាន​បង្ហាញ ​ថា គណបក្ស  ​អភិរក្សនិយម ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី Theresa May ឈ្នះ​នាំ​មុខ​គេ តែ​មិន​ទទួល​បាន​សម្លេង​ភាគច្រើន ដាច់​នៅ​ក្នុង​សភា​ ដូច​ដែល​លោកស្រី​ចង់​បាន​ទេ។ គណបក្ស​ជាប់លំដាប់ទី២ និង​មាន​សម្លេង​កើនឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​គណបក្ស​ពលករ​ របស់​លោក Jeremy Corbyn។ លោក Corbyn រួម​ទាំង​ថ្នាក់ដឹកនាំ​របស់​បក្ស​លោកស្រី Theresa May ផង​បាន​ទាមទារ​ឲ្យ​លោកស្រី ​ចុះចេញ​ពី​តំណែង តែ​  លោកស្រី May មិន​ចុះ និង​កំពុង​ រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។

គេ​អាច​និយាយ​បាន​ទេថា ការ​ដែល​គណបក្ស​អភិរក្សនិយម​របស់​លោកស្រី Theresa May បាត់បង់​ អសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះជា​រឿង​ភ្ញាក់ផ្អើល និង​ជា​អ្វី​ដែល​លោកស្រី May មិន​បាន​រង់ចាំ​ទាល់​តែ​សោះ។​តាម​ធម្មតា អង់គ្លេស​នឹង ​ត្រូវ​រៀបចំបោះឆ្នោត​សភា​នៅ៣ឆ្នាំ​ខាង​មុខ​ទៀត តែ​ការ​ដែល​លោកស្រី​ នាយករដ្ឋមន្រ្តី Theresa May កោះ​ឲ្យមាន​ការ​បោះឆ្នោត ​ពេល​នេះ​ដោយ​សង្ឃឹម​ថា គណបក្សអភិរក្សនិយម​ របស់​លោកស្រី​នឹង​ទទួល​បាន​សម្លេង​បន្ថែម ​នៅ​ក្នុងសភា​ច្រើន​ ជាង​សម្លេង​លើស​តិចតួច​ដែល​លោកស្រី  ​មាន​នៅមុន​ពេល​បោះឆ្នោត។
តែ​ផ្ទុយ​ពី​ការ​គិត​ទុក គណបក្ស​ អភិរក្សនិយម​មិន​ ត្រឹមតែ​មិន​ទទួល​បាន ​សម្លេង​បន្ថែម​ទេ តែ​បែរ​ជា ​បាត់បង់​បន្ថែម​នូវ​សម្លេង​ដែល​មាន​ស្រាប់​ទៅ​វិញ។ នេះ​ហើយ​ជា​បរាជ័យ​ដ៏​ល្វីងជូរចត់​មួយ​ដែលលោកស្រី May មិន ​បាន​រង់ចាំ និង​មិន​នឹក​ស្មាន​ទាល់​តែ​សោះ។ គួរ​រម្លឹក​ជូន​ថា គឺ​នៅ​ពាក់​កណ្តាល​ខែ​មេសា​កន្លង​ទៅ​ដែលលោកស្រី May បាន​ប្រកាស​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់ និង​ដែល​នៅ​ពេល​នោះ ក្រុម អ្នកសង្កេតការណ៍ រួម​ទាំង​លទ្ធផល​ស្ទង់មតិ​បាន​ប្រមើល​ទុក​ពី    ​ជោគជ័យ​ដ៏​ធំធេង​របស់​គណបក្សអភិរក្សនិយម តែ​លទ្ធផល​ជាក់ស្តែង គឺ​ផ្ទុយស្រឡះ។
នៅ​មុន​ការ​បោះឆ្នោត គណបក្ស​អភិរក្សនិយម​របស់​លោកស្រី May មាន៣៣០ អសនៈ​ក្នុង​ចំនួន ​អសនៈ​ទាំង៦៥០នៅ​ក្នុង​រដ្ឋសភា តែ​ក្រោយ​ការ​បោះឆ្នោត​នា ​ថ្ងៃទី៨ មិថុនា គឺ​បាន​បាត់បង់​ពី ១០ទៅ ១៥អសនៈ។
ចំណែក​អ្នក​ដែល​ញញឹម បិទមាត់មិន​ជិត គឺ​លោក Jeremy Corbyn ប្រធាន​គណបក្សប្រឆាំង គឺ​បក្ស​ពលករ​ដែល​ទទួល​បាន​អសនៈ​បន្ថែម​ប្រមាណ​ជា ១០អសនៈ។ ជា​សរុបគណបក្ស​អភិរក្សនិយម​ឈ្នះ តែ​គ្មាន​សម្លេង​ដាច់ខាត​ដើម្បី​អាច​ដឹកនាំ​តែ​ម្នាក់​ឯង​ទេ។រដ្ឋាភិបាល​សម្លេងភាគតិច ឬ​រដ្ឋាភិបាល​ចម្រុះ?
ព្រឹត្តិការណ៍​ដែល​បាន​និងកំពុង​កើត​មាន  ​ឡើង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ពេល​នេះ​ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុក ​ជា​ព្យុះ​នយោបាយ​ដែល​គ្មាន​នរណា​មួយ​បាន​ទន្ទឹង​រង់ចាំ​ទាល់​តែ​សោះ។ អ្វីៗ​ហាក់​បាន   ​ជាប់​គាំង​មួយ   ​កន្លែង និង​ដែល​លោកស្រី Theresa May កំពុង ​ទទួល  ​គំនាប​  ឲ្យ​ចុះ​ចេញ​ពី​តំណែង​ពី​លោក Jeremy Corbyn ក៏​ដូច​ពី​ថ្នាក់ដឹកនាំ​នៅ​ផ្ទៃក្នុង​គណបក្ស​អភិរក្សនិយម​របស់ ​លោកស្រី​ដែរ។ លោក Corbyn បាន  ​បញ្ជាក់​ច្បាស់ៗ​ ថា ការ​បាត់បង់​ចំនួន  ​អសនៈ​តិចតួច របស់គណបក្ស​អភិរក្សនិយម​ពេល​នេះ​ជា​ភស្តុតាងគ្រប់គ្រាន់ដើម្បី ​ចុះ​ចេញ​ពី​តំណែង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី Theresa May មិន​ខ្ចី​យក​ត្រចៀក​ស្តាប់ និង​បាន​សុំ​ការ​អនុញ្ញាត​ពី​ព្រះមហាក្សត្រី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។
សេណារីយ៉ូ​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​  ដែល​លោកស្រី May មាន​ជម្រើស​ពីរ ទី១ បង្កើត​រដ្ឋាភិបាល​ សម្លេង​ភាគតិច និង​ជម្រើស​ទី២ បង្កើត​រដ្ឋាភិបាល​  ចម្រុះ​ជាមួយ​គណបក្ស​មួយ ឬ​គណបក្ស​ច្រើន​ដែល​មាន​អសនៈ​នៅ​ក្នុង​រដ្ឋសភា។បើ​លោកស្រី May ជ្រើសយកជម្រើសទី១ គណបក្ស​អភិរក្សនិយម​នឹង​ដឹកនាំរដ្ឋាភិបាល​តែ​ម្នាក់​ឯង តែ​ត្រូវ​ហ៊ាន​ធានា​ថា ខ្លួន​អាច​នឹង​សុំ​បាន​ការគាំទ្រ​ពី​គណបក្ស​ផ្សេង​ក្នុង​ពេល​ត្រូវ​ការ​ឲ្យ​មាន​ការ​បោះឆ្នោត​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​អ្វី​មួយ​នៅ​ក្នុង​សភា។
ជម្រើស​ទី១ នេះ​ជា​ជម្រើស​ផុយស្រួយ និង ​ប្រកប​ដោយ​ហានិភ័យ​ខ្លាំង​ណាស់។
រដ្ឋាភិបាល​មាន​សម្លេង​ភាគតិច​ដឹកនាំ​ដោយ​គណបក្ស​ តែ​មួយ​របៀប​នេះ​ធ្លាប់  ​បាន​កើត​មានម្តង​ហើយ​នៅក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៧៤។ តែ​ដឹកនាំ​ មិន​បាន​ប៉ុន្មាន​ខែ​ផង ក៏​ស្រាប់​កោះ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី។ដូច្នេះ លោកស្រី May អាច​ជ្រើស​យក​ជម្រើស​ទី២ គឺ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​មួយ ឬ​គណបក្ស​ច្រើន​ដើម្បី​អាច​ទទួល​បាន​សម្លេង​ដាច់​ខាត​នៅ​ក្នុង​សភា។
កិច្ចចរចា​ស្តីពី Brexit បន្ត​ដូច​ការ​គ្រោង​ទុកនៅ​ថ្ងៃ​ទី១៩ មិថុនា​ខាង​មុខ អង់គ្លេស និង​អឺរ៉ុប ​​ផ្តើម​បើក​កិច្ចចរចា​ស្តីពី Brexit ពោល ការ​ចាកចេញរបស់​អង់គ្លេស​ពី​អឺរ៉ុប។ តែ​ព្យុះ ​នយោបាយ​នៅ​ អង់គ្លេស​ ពេល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់   ​កិច្ចចរចា​ទោះ​តិច ឬ​ច្រើន។ តែ​ពេល​នេះ មាន​សំណួរ​ ជា​ច្រើន​បាន​ ចោទ​ឡើង ពិសេស​ថា​តើ​រដ្ឋាភិបាល​ថ្មី​របស់​អង់គ្លេស​ នឹង​ចេញ​រូបរាង​នៅ​ពេល​ណា និង​ថាតើ​រដ្ឋាភិបាល​ថ្មី​ដែល លោកស្រី May យល់​ព្រម​ចាប់ដៃ​ជាមួយ​គណបក្ស​ផ្សេង​អាច​នឹង​មាន​ដំណើរការ​បាន​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ការ​ចរចា​រវាងអង់គ្លេស និង​អឺរ៉ុប​ស្តីពី Brexit ត្រូវ​ប្រើ​ពេល​យ៉ាង​តិច ២ឆ្នាំ។
អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លាំង គឺ​ស្ថិរភាព ​នយោបាយ និង ​ភាព​រឹងមាំ​របស់​រដ្ឋាភិបាល​ថ្មី​របស់    ​លោកស្រី May។ ចង់ ឬ​មិន​ចង់​ពេល​នេះ លោកស្រី Theresa May លែង ​មាន​ឥទ្ធិពល និង​មាន​ទឹកមាត់​ប្រៃ​ដូច​មុន​ទៀត​ឡើយ ទាំង​នៅ​លើ​ឆាកអន្តរជាតិ ក៏​ដូច​ជា​នៅ​ផ្ទៃក្នុងគណបក្ស​អភិរក្សនិយម​របស់​លោកស្រី។ដូច្នេះ ជំហរ​របស់​លោកស្រី​នៅ​ក្នុង​កិច្ចចរចា​ជាមួយ​អឺរ៉ុប​ស្តីពី Brexit អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដែល​គេ​សង្ឃឹម​ថា នឹង​អាច​ទន់ភ្លន់​ជាង​មុន។ ចូរ​កុំ​ភ្លេច​ថា លោកស្រី May មាន​ជំហរ​តឹងរឹង​ជាមួយ​អឺរ៉ុប  ​នៅ​ក្នុង​កិច្ចចរចា​ស្តីពី​ការ​លែងលះ​អង់គ្លេស​ពី​អឺរ៉ុប។
លោកស្រី May ធ្លាប់​និយាយ​ច្រើន​ដង​ថា លោកស្រី​នឹង​ព្យាយាម​ចរចា​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ល្អៗ ​ដែល​ហុច​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​អង់គ្លេស។ តាម​លោកស្រី May សុខចិត្ត​មិន​ទទួល​យក​កិច្ចព្រមព្រៀង​ជា  ជាង​យក​កិច្ចព្រមព្រៀង​ដែល​អាក្រក់។ ខុស​ពី​លោកស្រី May លោក​ប្រធាន​គណបក្សប្រឆាំង Jeremy Corbyn តែង​មាន​ជំហរ​ទន់ភ្លន់​ជាមួយ​អឺរ៉ុប និង​ចង់​ឃើញ​អង់គ្លេស​បន្ត​មាន​ទំនាក់ទំនង   ​ជិតស្និទ្ធ​ជា​   មួយ​អឺរ៉ុប​នៅ  ​ក្រោយ​ការ​លែងលះ​គ្នា​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៩។
ដូច្នេះ​គេ​អាច​និយាយ​បាន​ ថា លទ្ធផល   ​បោះឆ្នោត​  នៅ​អង់គ្លេស​ពេល​នេះ​អាច​នឹង​រុញ ​ទីក្រុង​ឡុងដ៏    ​ឲ្យ​ប្រកាន់​ជំហរ​ទន់ភ្លន់​នៅ​ក្នុង​កិច្ចចរចា​ជាមួយ​អឺរ៉ុប​នា​ថ្ងៃ​ខាង​មុខ។ នៅ​ខាង​អឺរ៉ុប​វិញ ប្រតិកម្ម​មាន​ច្រើន និង​ខុសៗ​   គ្នា​ដែល​ភាគ​ច្រើន​បារម្ភ​ដល់​ដំណើរការ​ចរចា​ស្តីពី Brexit ដែល​អាច​នឹង​អូសបន្លាយ៕
,

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ