ព្រឹតិ្តការណ៍ថ្មីៗ

“កាដូ ថ្ងៃបុណ្យសិទ្ធិកុមារអន្តរជាតិ”

1 ឆ្នាំ មុន 19 តូ សុផល

១.បន្ទន់វន្ទារតនត្រៃ  សូមឱនសិរសីលៃហត្ថា បង្គំពុកម៉ែថែរក្សា រូបខ្ញុំនេះណាពីក្មេងវ័យ។

២.ខ្ញុំបាទរង្សីច្នៃប៉ាកកា  ចងស្រៈអក្ខរាចារសម្តី  ចែកជូនកម្សាន្តញាតិប្រុសស្រី ថ្ងៃពុធថ្ងៃថ្មីប្រពៃពិត។

៣.មួយមិថុនាកុមារប្រុសស្រី   សែនរីករាយក្រៃថ្ងៃបុណ្យសិទ្ធិ   ជាអន្តរជាតិរដ្ឋឆ្ងាយជិត តែងគូរតែគិតពិតរាល់ឆ្នាំ។

៤.ទីមួយកុមារគឺមានសិទ្ធិ   រស់រានជីវិតគិតចងចាំ  ទីពីររៀនសូត្រតាមចំណាំ សស្រាក់សស្រាំប្រឹងសិក្សា។

៥.ទីបីគឺសិទ្ធិពិតគាំពារ ពីជនគ្រប់គ្នាកុំហឹង្សា  វាយដំច្រំធាក់ដាក់កុមារ  មានច្បាប់អង្គការអន្តរាគមន៏។

៥.ឬកេងប្រវ័ញ្ចលើកម្លាំង   ពលកម្មឃាត់ឃាំងពីមនុស្សធំ  ឬត្រូវជួញដូរចាប់បង្ខំ ធ្វើការមិនសមអាយុវ័យ។

៦.ប្រវ័ញ្ចផ្លូវភេទឈ្លានបំពាន   ចាត់តាមធរមានច្បាប់វិន័យ  ត្រូវដាក់ទោសទណ្ឌជនអប្រិយ គូរគិតលកលៃកុំយល់ញាតិ។

៧.បើគិតបងប្អូនកូនក្មួយឯង  មិនកោតមិនក្រែងស្តែងច្បាប់ឃ្លាត   គំរូអាក្រក់ជនឯទៀត លែងខ្លាចរវាតខ្លាចទោសពៃរ៍។

៨.ទីបួនបញ្ចេញនូវយោបល់   គួរគិតខ្វាយខ្វល់ផ្តល់តម្លៃ  ត្រិះរិះពិចារណ៍ស្តាប់សម្តី កុមារប្រុសស្រីអាចបានល្អ។

៩.គួររួមចំណែកខំប្រឹងជួយ   សាមគ្គីលើកស្ទួយជួយសាទរ  ទូន្មានអប់រំខំបន្ត ព្រោះជាសសរទ្រទ្រង់ជាតិ។

១០.កុំប្រឹងពង្វក់ល្បែងពាលា  នាំទុក្ខគ្រាំគ្រាដល់មិត្រញាតិ  ពុកម៉ែមានគុណធ្ងន់ថែមទៀត គ្រឿងញៀនចោរម្សៀតពេញសង្គម។

១១.ចូលរួមផ្សព្វផ្សាយសាយបន្ត  ឲ្យមានសីលធម៌ស្គាល់ចាស់ទុំ  ចេះឱនលំទោនចេះគួរសម ពិតល្អឧត្តមសមកូនខ្មែរ។

១២.កុំភ្លើនកុំភ្លេចអស់ជាតិខ្លួន  ហ៊ឺហារហំហួនស្ងួនមិនថែ  វប្បធម៌ប្រពៃណីជាតិខ្មែរ គួរគិតកែប្រែទាន់ក្មេងវ័យ។

១៣.កុំឈ្លក់វង្វេងវប្បធម៌គេ  កុំផ្លាស់ប្រួលប្រែភ្លេចអ្វីៗ  ស្លៀកខើចស៊ិចស៊ីភ្លេចខ្លួនស្រី ភ្លេចប្រពៃណីកេរដូនតា។

១៤.ស្ទើរតែគ្រប់បុស្តិ៍តាមទូរទស្សន៍  ផ្សព្វផ្សាយពង្វក់ដល់កុមារ  ហ៊ីបហប់ញាក់ញ័រល្អអស្ចារ្យ វក់ពេញខួរក្បាលវប្បធម៌គេ។

១៥.គួរគូរគួរគិតសាជាថ្មី   កុមារប្រុសស្រីជាកូនខ្មែរ  កុំជ្រួលកុំជ្រើមភ្លើនប្រួលប្រែ ចូររក្សាថែប្រពៃណី។

១៦.សារ៉ាវ៉ាន់រាំវង់ឡាំលាវខ្មែរ   រាំក្បាច់ផងដែរម្តេចប្រុសស្រី  មិនចេះមិនចាំមិនឃ្មាតខ្មី គូរគិតលកលៃឲ្យសមរម្យ។

១៧.ខ្មែរមានវប្បធម៌ដ៏ទន់ភ្លន់   ចេះឱនលំទោនស្គាល់ចាស់ទុំ  ទៅណាមកណាចេះគួរសម ប្រើតែពាក្យខ្ញុំមិនអញអើ។

១៨.កុំគិតថាវាហួសសម័យ  ពោលនិយាយស្តីសមទង្វើ  គំរោះគំរើយឈ្លើយគ្រាន់បើ គិតថាប្រសើរឡូយអស្ចារ្យ។

១៩.កុំឆាប់ប្រឡូកណាប្រុសស្រី  ស្នេហាក្មេងខ្ចីវ័យសិក្សា  មានបក្សមានពួកមានសង្សារ អាណិតម៉ាក់ប៉ាខំយប់ថ្ងៃ។

២០.គួរគិតគួរគូរគួរប្រឹងរៀន  ចំណេះជាស្ពានយានថ្លាថ្លៃ  ជាទ្រព្យជាប់ខ្លួនមានតម្លៃ ជីវិតប្រពៃបានបវរ។

២១.ខ្ញុំសូមបញ្ចប់ន័យខ្លឹមសារ   ឃ្លាកាព្យអក្ខរាសូមជូនពរ  ពុកម៉ែទាំងពីរសុខភាពល្អ បានសុខបវរផុតទុក្ខភ័យ។

២២.អាយុ វណ្ណៈ សុខៈ ពលៈ   សូមកើតមានជាក់ញាតិប្រុសស្រី  បងប្អូនអ៊ុំពូមីងតាយាយ សូមសុខសប្បាយកាយក្សេមក្សាន្ត។

២៣.ចុងក្រោយរង្សីគោរពលា   យាយតាមីងមាញាតិសន្តាន  ពាក្យពេចន៍ខ្ញុំចារទាំងប៉ុន្មាន បើសិនរំខានសូមអភ័យ។

២៤.ខ្ញុំបាទលើកដៃថ្លែងអំណរ  បានជួយគាំទ្រគ្រប់ស្នាដៃ  កំណាព្យឃ្លោងឃ្លាខ្ញុំនេះនៃ ខ្ញុំបាទរង្សីតែងចងក្រង។

២៥.ធម្មតាឃ្លោងឃ្លាពាក្យវាចា តែងខុសអក្ខរាតែងឆ្គាំឆ្គង  កុំពោលផ្ចាញ់ផ្ចាលថាឌឺដង ខ្ញុំគ្រាន់សារសងចងកម្សាន្ត។

និពន្ធ និងរក្សាដោយៈ TNN

លោក ដួង អរុណរង្សី

(ថ្ងៃ ព្រហស្បតិ៍ទី ០១ ខែ មិថុនា ឆ្នាំ ២០១៧) រាជធានីភ្នំពេញ។

បើពេញចិត្តខ្លឹមសារ សូមមេត្តាជួយចែករំលែកបន្តផងបាទ! កំណាព្យ«កុមារគឺជាទំពាំងស្នងប្ញស្សី» (បទពាក្យប្រាំពីរ)

(រូបភាពៈ ចម្រុះដកស្រង់ពីអ៊ីនធ័រណេត)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ