ព្រឹតិ្តការណ៍ថ្មីៗ

និស្សិតសាលាជាតិកសិកម្មព្រែកលៀប ចំនួន ១ ៨៤៨នាក់ ទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ព្រឹកម៉ិញនេះ!

1 ឆ្នាំ មុន 15 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅសាលាជាតិកសិកម្មព្រែកលៀប ឯកឧត្តម វេង សាខុន បានចូលរួមពិធី ប្រគល់សញ្ញាប ត្រថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ដល់និស្សិតសាលាជាតិកសិកម្មព្រែកលៀប ចំនួន ១ ៨៤៨នាក់ ក្នុងនោះនារី៥៥៨នាក់ ដែលបានបញ្ចប់ការសិក្សានាពេលកន្លងមក។សូមបញ្ជា្កក់ថា សាលាជាតិកសិកម្មព្រែកលៀប ពុំដែលបានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សាជាច្រើនជំនាន់ មកហើយ ។ សម្រាប់និស្សិតជ័យលាភីទាំងអស់នៅថ្ងៃនេះ ខ្ញុំ (ឯកឧត្តម វេង សាខុន) អាចនិយាយបានថា ជាថ្ងៃប្រវត្តិសាស្រ្តប្រចាំជីវិតរបស់គេ ដែលបានទន្ទឹងរង់ចាំជាយូរមកហើយ ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំ (ឯកឧត្តម វេង សាខុន) សូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ សាស្ត្រាចារ្យ បុគ្គលិកសិក្សា ដៃគូអភិវឌ្ឍន៍ នៃសាលាជាតិកសិកម្មព្រែកលៀប ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីអប់រំនិងបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ដល់យុវជនជំនាន់ក្រោយៗ ក្នុងស្មារតីនៃការបន្តរួចំណែក អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាប្រកបដោយផ្លែផ្កា។

លទ្ធផលដ៏ត្រចះត្រចង់នេះគឺជាសក្ខីភាពគូសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមចំណែកយ៉ាងសកម្មរបស់សាលាជាតិកសិកម្មព្រែក លៀប លើការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យកសិកម្ម ដែលជាការរួមចំណែកឆ្លើយតបយ៉ាងសមស្របនិងទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីត្រូវការរបស់ប្រទេសជាតិក្នុងការកសាងធន-ធានមនុស្ស ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍធនធានបញ្ញាប្រកបដោយចីរភាព បង្កើនប្រសិទ្ធភាពលើការអភិវឌ្ឍវិស័យកសិកម្ម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងប្រកបដោយសុទិដ្ឋិនិយមនៅក្នុងឱកាសបើកវេទិកាសេដ្ឋកិច្ចពិភពលោកក្រោមប្រធានបទ “យុវជន បច្ចេកវិជ្ជា និងកំណើន” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ថ្មីៗនេះថា “យុវជនកម្ពុជានឹងដើរទាន់យុវជនអាស៊ានអំពីចំណេះដឹង បើទោះបីថាគម្លាតប្រាក់ចំណូលរវាងប្រទេសកម្ពុជា និងអាស៊ានមិនស្មើគ្នាក៏ដោយ។ ប៉ុន្តែគម្លាតខួរក្បាលគឺពិតជាអាចកាត់បន្ថយបាន ព្រោះយុវជនកម្ពុជាកំពុងតែស្រេកឃ្លានចំណេះដឹងយ៉ាងខ្លាំងសម្រាប់អនាគតរបស់ពួកគេ”។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!