ព្រឹតិ្តការណ៍ថ្មីៗ

រឹតកស្ត្រីម្នាក់ស្លាប់ចោលកូនខ្ចី០២ខែ គេចខ្លួនបានតែ១សប្តាហ៍ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្របួចកចូលគុក!

2 ឆ្នាំ មុន 12 តូ សុផល

ភ្នំពេញ៖ រឿងរ៉ាវស្ត្រីម្នាក់ ត្រូវបានគេសម្លាប់យ៉ាងអាថ៌កំបាំង ដោយរឹកកយ៉ាងសាហាវព្រៃផ្សៃ ចោលកូនខ្ចី កំសត់មានអាយុទើបតែ២ខែ ថែមទាំងបាត់ទូដែក១ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះលេខ 12 ផ្លូវ20k ក្រុមទី៨ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្វើឲ្យភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ក៏ដូចជាក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានលាងត្រដាងហើយ។ ក្រោយហេតុការណ៍កើតឡើងភ្លាម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់អាវុធហត្ថរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងវែកមុខរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។ តាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់មុខសញ្ញា និងតាមប្រម៉ាញ់ជនសង្ស័យ ពីខេត្តមួយទៅខេត្តមួយ រហូតដល់ឃាត់ខ្លួនបាននៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដោយមានការសហការណ៍ជាមួយស្នងការយុត្តិធម៌ នៃស្នងការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយអាវុធហត្ថខេត្ត កំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ បន្ទាយមានជ័យ និង បាត់ដំបង ។
ក្រោយការស៊ើបអង្កេតរបស់អាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យ រឿងរ៉ាវអាថ៌កំបាំង ត្រូវបានលាតត្រដាងដូចតទៅ៖ ជនដៃដល់ឈ្មោះ រស់ រីម អាយុ២៨ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ ជាមួយប្តីជនរងគ្រោះដែលស្លាប់ និងធ្លាប់ស៊ីឈ្នួលបើករថយន្តដឹកបន្លែ ឲ្យជនរងគ្រោះពីស្រុកស្អាង ខេត្តកណ្តាល មកភ្នំពេញ។ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានឈប់ស៊ីឈ្នួលបើករថយន្តឲ្យជនរងគ្រោះ ព្រោះគ្មានបន្លែដឹក។ រហូតដល់ដើមខែឧសភា ឆ្នាំ២០១៧ ដោយជនសង្ស័យអត់ការងារធ្វើ រកចំណូលមិនបាន និងធ្លាប់គុំគួនជាមួយជនរងគ្រោះដែលតែងតែជេរប្រទិច បណ្តាស់សាររូបគេ កាលនៅស៊ីឈ្នួលបើករថយន្តឲ្យផងនោះ ជនសង្ស័យក៏រៀបគម្រោងជាមួយដៃគូរម្នាក់ទៀត ឈ្មោះផាត ពេជ្រ អាយុ១៦ឆ្នាំ ដែលជាអ្នកធ្លាប់ស៊ីឈ្នួលជាមួយគ្នា ដើម្បីសម្លាប់ជនរងគ្រោះនិងប្លន់យកទ្រព្យសម្បត្តិ។
នៅថ្ងៃកើតហេតុ ទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៣.០០នាទី ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូក្រឡឹងផ្ទះជនរងគ្រោះ ជាច្រើនត្រឡប់ ឃើញឱកាសល្អ ដោយផ្ទះជនរងគ្រោះបើកចំហរ ហើយស្ងាត់ ពួកគេទាំងពីរនាក់ក៏បាន ទិញខ្សែគោប្រហែលមួយម៉ែត្រ នៅក្បែផ្ទះជនរងគ្រោះ ហើយលបចូលក្នុងផ្ទះស្ងាត់ៗ ឃើញជនរងគ្រោះកំពុងធ្វើម្ហូបនៅចង្ក្រានបាយតែម្នាក់ឯង ក៏បានយកខ្សែគោ ទាក់កពីក្រោយ ហើយរឹតមួយទំហឹង ដោយឈ្មោះពេជ្រជាអ្នកជួយចាប់ដៃ និងខ្ទប់មាត់កុំឲ្យស្រែក រហូតដល់ស្លាប់ បន្ទាប់មកអូសសពចូលបន្ទប់ទឹក រួចឡើងទៅជាន់លើ ដើម្បីរើមើលវត្ថុមានតម្លៃ ក៏ប្រទះឃើញទូរដែកមួយនៅក្នុងបន្ទប់ដេក ក៏នាំគ្នាសែងចុះមកក្រោម ដាក់លើម៉ូតូ ជិះទៅចោមចៅតាមផ្លូវលំមួយ រួចទម្លាក់ទូរដែកចូលក្នុងព្រៃ ហើយឈ្មោះពេជ្រជាអ្នកយាមទូរដែក ឯឈ្មោះ រស់ រីម បានជិះម៉ូតូ ទៅរកខ្ចីដែកត្រសេះពីប្រជាពលរដ្ឋនៅក្បែរនោះ មកគាស់ទូរដែក យកបានលុយខ្មែរ ចំនួន១០លានរៀល លុយដុល្លារចំនួន ៧,២០០ដុល្លារ ខ្សែក មាស០១ខ្សែ, ខ្សែកប្លាទីន០១ខ្សែ,និងចិញ្ជៀន០១វង់ដាំពេជ្រផងដែរ។ ក្រោយពេលយកសម្ភារៈបានអស់ហើយ ក៏នាំគ្នាទៅដេកផ្ទះសំណាក់ ផ្តុំផ្សារឯករាជ្យ ផ្លូវវេងស្រេង០១យប់ ហើយក៏ចែកលុយគ្នាក្នុងផ្ទះសំណាក់។ ព្រឹកឡើងថ្ងៃទី១២ ជនសង្ស័យទាំង២ ក៏បាននាំគ្នាលើកម៉ូតូដាក់ឡានតាក់ស៊ីជិះទៅខេត្តបាត់ដំបង។ លុះដល់ថ្ងៃទី១៣ ដាក់ម៉ូតូលើតាក់ស៊ីជិះទៅខេត្តរតនៈគីរី។ ថ្ងៃទី១៤ ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូទៅខេត្តក្រចេះ។ ថ្ងៃទី១៥ត្រឡប់មកភ្នំពេញវិញ រួចបង្ហួសទៅខេត្តតាកែវ ហើយ ឈ្មោះ រស់ រីម ក៏ជិះម៉ូតូ គេចទៅខេត្តបាត់ដំបងម្នាក់ឯង ។ លុះព្រឹកឡើងថ្ងៃទី១៦ ឈ្មោះរស់ រីម ក៏ជិះម៉ូតូត្រឡប់ពីបាត់ដំបង មកភ្នំពេញវិញ រួចបង្ហួសទៅដេកផ្ទះពូ នៅតាកែវមួយយប់។ នៅថ្ងៃទី១៧ ឈ្មោះ រស់ រីម ក៏ជិះម៉ូតូទៅខេត្តបាត់ដំបងទៀត។ លុះដល់ថ្ងៃទី១៨ ឈ្មោះ រស់ រីម ក៏យកម៉ូតូដាក់ឡានជិះ ទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បម្រុងចេញទៅប្រទេសថៃ តែពេលទៅដល់ម៉ាឡៃតែលតោលម្នាក់ឯង ហើយទាក់ទងឈ្មោះពេជ្រមិនបានមិនដឹងទៅថៃបានតាមណា ជនសង្ស័យឈ្មោះ រស់ រីម ក៏ម៉ៅតាក់ស៊ីចេញពីម៉ាឡៃ កាត់ខេត្តបន្ទាយមានជ័យត្រឡប់មកភ្នំពេញវិញ ត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យដេញប្រផាប់ចាប់ប្រផីង រហូតដល់ចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏ត្រូវកម្លាំងអាវុធហត្ថស្រុកថ្មគោលនៃ ខេត្តបាត់ដំបងស្ទាក់ចាប់បានតែម្តង។ បច្ចុប្បន្នជនដៃដល់ឈ្មោះ រស់ រីម កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក ដើម្បីផ្តន្ទាទោសតាមច្បាប់។ ឯជនសង្ស័យម្នាក់ទៀតឈ្មោះ ផាត ពេជ្រ កំពុងត្រូវបានកម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត ដូច្នេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសអ្នកនិយមលេងក្នុងបណ្តាញសង្គមហ្វេសបុក បើមានដំណឹងស្តីពីជនសង្ស័យឈ្មោះផាត ពេជ្រ សូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកកាន់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១៥ ៨៨៨ ៨៧៩ និង ០១២ ៣៨៣ ៣៨៣ សមត្ថកិច្ចនឹងមានរង្វាន់លើកទឹកចិត្ត និងរក្សាការសម្ងាត់ជូន។ តែបើបងប្អូនណាជួយលាក់បាំងជនសង្ស័យ នឹងត្រូវមានទោសតាមច្បាប់ជាធរមាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ