ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ​ឧបត្ថម្ភកងកងកម្លាំង​ប្រដាប់អាវុធទាំងបីប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

2 ឆ្នាំ មុន 6 tnn_admin

ប៉ៃលិន៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិន ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ រួមដំណើដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្នុង​ខេត្តប៉ៃលិន បាន​អញ្ជើញចុះសាកសួរសុខ​ទុក្ខ និងនាំយកអំណោយ​ទៅឧបត្ថម្ភ​ដល់កងកម្លាំងប្រដាប់​អាវុធ​ទាំងបីប្រភេទ រួមមាន​កងតំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការ​នគរបាលខេត្ត និង កងរាជអាវុធខេត្ត​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស២០១៧។

​ឯកឧត្តមនាយ​ឧត្តម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ពាំនាំ​បណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជា​ណា​ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះកងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខ ដល់កងកម្លាំង​ប្រដាប់អាវុធគ្រប់ពេលវេលា។

ឯកឧត្តម បាន​មានប្រសាសន៍កោត​សរសើ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ដែលបានខិត​ខំយក​ចិត្ត​ទុកដាក់បំពេញ​ភារកិច្ច​របស់ខ្លួនបានយ៉ាងល្អ ដើម្បីធានាបាននូវសេចក្តីសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដី បានយ៉ាងរឹងមាំ។

​ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បានផ្តាំផ្ញើដល់ថ្នាក់​ដឹកនាំ និង​កងកម្លាំងប្រដាប់អាវុធយើងទាំងអស់​ត្រូវ ​ចូលរួមការអនុវត្តនូវគោល​នយោ​បាយភូមិឃុំមាន​សុវត្ថិភាព​ឱ្យបានល្អ ជាពិសេសត្រូវពង្រឹងកិច្ចការពារសន្តិសុខ​សណ្តាប់​ធ្នាប់សង្គម​​ ដើម្បីផ្តល់ឱកាស​ឱ្យបង​ប្អូនប្រជាពលរដ្ឋ​យើង ​កំសាន្ត​សប្បាយ​រីក​រាយ​ក្នុងឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណីជាតិ។

សូមបញ្ជាក់ថា៖ នៅក្នុងចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនាពេលនោះ ឯកឧត្តមនាយ​ឧត្តម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ ក៍បានឧបត្ថម្ភដល់កងកម្លាំងរួមមាន ​ទឹកត្រី១៥ពីដុង ទឹកស៊ីអ៊ី ១៥ពិដុង សាច់ក្រក ត្រីងៀត ទឹកក្រូច ៦០កេះ ទឹកសុទ្ធ ១០០កេះ អង្ករ៤០ការុង មី ៩០កេះ ថ្នាំពេទ្យ​មួយចំនួនធំ និងឧបត្ថម្ភដល់កងកម្លាំងចំនួន ៤៩០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល ព្រម​ទាំងឧបត្ថម្ភដល់​អង្គភាព​តំបន់ប្រត្តិបតិការសិករងខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ដោយ​ក្នុងមួយអង្គភាពៗ ចំនួន ២លានរៀល។ដោយ៖ញ៉ឹប បូរី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ