ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋ៤៥០គ្រួសារ ចោទមេភូមិ និងចៅសង្កាត់សំរោងចុះហត្ថលេខាលក់ដីប្រជាពលរដ្ឋជាង១០០ហិតា

2 ឆ្នាំ មុន 2 tnn_admin

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង១០០នាក់តំណាងឲ្យប្រជាពលរដ្ឋ៤៥០គ្រួសារចំនួន២ភូមិ គឺភូមិសំរោងជើង និង

ភូមិសំរោងកណ្តាល បាននាំគ្នាមកឈរតវ៉ានៅមុខសាលាសង្កាត់សំរោង ដើម្បីឲ្យមេភូមិ និងចៅសង្កាត់ចេញមុខដោះស្រាយ ដែលបានចុះហត្ថលេខាលើដីប្រជាពលរដ្ឋចំនួន១៧៥ហិតាលក់ទៅឲ្យលោកស្រី ម៉ែន សោភ័ណ្ឌ។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខសាលាសង្កាត់សំរោង ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ប្រជាពលរដ្ឋបាន​ឲ្យ​ដឹង​ថា ដី​ទំនាស់​នោះ​មាន​ទំហំ​១៧៥ហិ​តា ដែលពួកគាត់អះអាងថា មេភូមិ និងចៅសង្កាត់បានចុះហត្ថលេខាលក់ដីឲ្យទៅលោកស្រី ម៉ែន សោភ័ណ្ឌ។

ប្រជាពលរដ្ឋបានបន្តទៀតថា កាលពីឆ្នាំ២០១៣ ប្រជាពលរដ្ឋនៅក្នុងសំរោងជើង ដែលមានចំនួន៤៤គ្រួសារ បានលក់ដីស្រែប្រាំងចំនួន២០ហិតា ទៅឲ្យលោកស្រី ម៉ែន សោភ័ណ្ឌ ដោយទទួលប្រាក់កក់ក្នុងមួយគ្រួសារចំនួន ៥០០ដុល្លារ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដោយសារតែភាគីខាងលោកស្រី ម៉ែន សោភ័ណ្ឌ មិនបានប្រគល់លុយគ្រប់ចំនួនក្នុងដីទំហំ២០ហិតា ទើបពួកគាត់សុំធ្វើការណាត់ជួបលោកស្រី ដើម្បីទូរទាត់ប្រាក់។

ប្រជាពលរដ្ឋបានបន្តថា បន្ទាប់ពីជួបជាមួយនឹងលោកស្រីរួចមក ហើយលោកស្រី ក៏បានអះអាងថា ដីដែលគាត់ទិញនោះ មានទំហំចំនួន១៧៥ហិតា មិនមែនចំនួន ២០ហិតានោះទេ ហើយបាននិយាយថា លោកស្រីបានទិញឲ្យលុយអស់ហើយ។ ពេលបានលឺសំដីលោកស្រីនិយាយបែបនេះ ទើបធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើល ក៏នាំគ្នាជិះរថយន្តទៅមុខសាលាខណ្ឌព្រែកព្នៅ ដើម្បីឈរតវ៉ានៅទីនោះរយៈពេល២ថ្ងៃ ហើយក៏បានសំណូមពរឲ្យសាលាខណ្ឌជួយដោះស្រាយដល់ពួកគាត់ផង។

ក្រោយពីបានធ្វើការសំណូមពររួចមក លោក សុខ សម្បតិ្ត អភិបាលខណ្ឌព្រែកព្នៅ និងលោក យិន អីុម ចៅសង្កាត់សំរោង បានប្រាប់ទៅប្រជាពលរដ្ឋចំនួន ៤៥០គ្រួសារថា អោយនាំគ្នាឡើងមកធ្វើប័ណ្ណកាន់កាប់ដីស្រែរៀងៗខ្លួន តែពួកគាត់មិនហ៊ានទៅធ្វើប័ណ្ណកាន់កាប់ដីស្រែនោះទេ ដោយខ្លាចលោកស្រី ម៉ែន សោភ័ណ្ឌ ប្តឹងពួកគាត់ដាក់គុក ដោយសារតែលោកស្រីអះអាងថាដីនេះជាដីរបស់គាត់។ ជាចុងក្រោយ ពួកគាត់ទាំងអស់ក៏បានសុំសំណូមពរឲ្យសម្តេចជោតេ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍លើដីទំនាស់នេះផង។

នៅរសៀលថ្ងៃដែរនេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅសង្កាត់សំរោង ដើម្បីចែកប័ណ្ណកម្មសិទ្ធកាន់កាប់ដីស្រែជូនដល់ប្រជាពលរដ្ឋចំនួន៤៤គ្រួសារ ដែលមានទំហំផ្ទៃដីសរុប២០ហិតា។ ចំណែកឯប្រជាពលរដ្ឋដែលមានផ្ទៃដីចំនួន១៥៥ហិតានោះ មិនបានមកចូលរួមនៅក្នុងកម្មវិធីនោះឡើយ។

លោក សូរ ស៊ីវុត្ថា ប្រធានសូរិយោដីខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ដីប្រជាពលរដ្ឋដែលមានទំហំ១៧៥ហិតានោះ ពុំមែនជាដីរបស់លោកស្រី ម៉ែន សោភ័ណ្ឌនោះទេ ដោយលោកស្រី គ្មានឯកសារណាត្រឹមត្រូវមកបញ្ជាក់ថា ដីទំនាស់នោះជាកម្មសិទ្ធរបស់គាត់ឡើយ។

លោក សូរ ស៊ីវុត្ថា បានបន្តទៀតថា បន្ទាប់ពីចែកប័ណ្ណកម្មសិទ្ធកាន់កាប់ដីស្រែជូនប្រជាពលរដ្ឋចំនួន៤៤គ្រួសាររួចហើយ គាត់ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះធ្វើប័ណ្ណកម្មសិទ្ធ សូមអញ្ជើញមកចុះឈ្មោះទាំងអស់គ្នា ដើម្បីធ្វើប័ណ្ណកម្មសិទ្ធកាន់កាប់ដីស្រែរបស់ខ្លួន។

លោក យិន អីុម ចៅសង្កាត់សំរោង បានឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋធ្លាប់បានប្តឹងគាត់ និងមេភូមិទៅខុទ្ទការិយាល័យ សម្តេចជោតេ ដោយចោទថា ចុះហត្ថលេខាលក់ដីស្រែឲ្យទៅលោកស្រី ម៉ែន សោភ័ណ្ឌ។

ក្រោយមក ក៏ត្រូវបានខុទ្ទការិយាល័យសម្តេចជោតេ បញ្ជូនសំណុំរឿងនេះមកកាន់សាលារាជធានីភ្នំពេញ ដើម្បីឲ្យភាគីទាំងសងចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានកោះហៅចៅសង្កាត់សំរោង មេភូមិចំនួន២ភូមិ ភាគីលោកស្រី ម៉ែន សោភ័ណ្ឌ និងតំណាងប្រជាពលរដ្ឋចំនួន៥នាក់ ឲ្យចូល មកដោះស្រាយគ្នា តែលោកស្រី ម៉ែន សោភ័ណ្ឌ មិនបានមកចូលខ្លួនទេ ដោយបានឲ្យតំណាងមេធាវីរបស់ខ្លួនមកដោះស្រាយជំនួញ។ ខណៈដែលដោះស្រាយគ្នានោះ លោកមេធាវីតំណាងឲ្យលោកស្រី ម៉ែន សោភ័ណ្ឌ បានសួរទៅលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញថា ប្រជាពលរដ្ឋមានឯកសារអីសំអាងថាជាដីរបស់ពួកគាត់ ក្រោយមកឯកឧត្តម ឃួង ស្រេង បានសួរទៅភាគីតំណាងមេធាវីរបស់លោកស្រី ម៉ែន សោភ័ណ្ឌ ថា មានឯកសារណាសំអាងថា ដីនេះជាដីរបស់លោកស្រី។ ក្រោយមក ដោយគ្មានឯកសារណាច្បាស់លាក់ ក៏បានសម្រេចថា ដីដែលទំនាស់នោះជាដីរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។

ទោះបីជា​យ៉ាងណា​បញ្ហា​ដី​ទំនាស់ខាងលើនេះ អ្នកសារព័ត៌មានយើង​ពុំ​ទទួល​ការ​បំភ្លឺ​ពី​លោក​ស្រី ម៉ែន សោភ័ណ្ឌ បាន​ឡើយ​៕នាគខ្មៅ៣៧

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ