ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋភូមិសំរោងត្បូង ខណ្ឌព្រែកព្នៅផ្ទុះការតវ៉ាទៅលើប្រធានសហគមន៏ថាយកស្រះរួមលក់៥ម៉ឺនដុល្លារ

1 ឆ្នាំ មុន 25 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៤០នាក់បានប្រម៉ូលផ្តុំគ្នាផ្ទុះការតវ៉ា ដោយមិនសុខចិត្តទៅនឹងប្រធានសហគមន៏ម្នាក់ថាបានយកដីស្រះលក់របស់សហគមន៏ទ្រទ្រង់សាលាសាគរ ក្នុងតំលៃជាង៥ម៉ឺនដុល្លារ។ ការផ្ទុះការតវ៉ានេះបានកើតឡើងកាលពីវេលាម៉ោង​៤​រសៀល ថ្ងៃទី១០ខែកុម្ភះ​ ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សារទួលសាគរ ជាប់នឹងផ្លូវលេខ១៥១​ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ប្រជាជនរដ្ឋបានអោយដឹងដែរថាចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំរោងត្បូងនេះសរុបមាន៣២០គ្រួសារ តែចំនួននៅក្នុងសហគមន៏មាន៥០គ្រួសារ ប្រជាពលរដ្ឋដែលធ្វើការតវ៉ាមិនអោយលក់នោះមានចំនួន២០គ្រួសារ ក្នុងការតវ៉ានោះក៏មានអ្នកផ្តិតមេដៃព្រមព្រៀងអោយលក់មួយចំនួនចេញមកតវ៉ាមិនអោយលក់វិញផងដែរ ដោយពួកគាត់បានមកអះអាងថា គាត់មិនបានដឹងថាប្រធានសហគមន៏នោះយកស្រះនេះលក់ទេ ពីព្រោះពួកគាត់មិនចេះអក្សរ ណាមួយមិនមានអ្នកអានអោយស្តាប់ ទើបពួកគាត់ផ្តិតដៃទាំងស្តាយក្រោយបែបនេះ។

ប្រជាពលរដ្ឋបានបន្តទៀតថាពួកគាត់មកតវ៉ានឹងប្រធានសហគមន៏ដែលយកដីស្រះលក់នោះ គឺមិនចង់បានផលប្រយោជន៏ផ្ទាល់ខ្លួនឡើយ ពោលគឺចង់ទុកស្រះនោះដើម្បីជាសម្បតិ្តរួមទុកប្រើប្រាស់ទៅថ្ងៃក្រោយ ជាពិសេសសម្រាប់ក្មេងៗជំនាន់ក្រោយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ជីម នូវ ប្រធានសហគមន៏ទ្រទ្រង់សាលាទួលសាគរបានអោយដឹងថា ការគ្រោងលក់ស្រះខាងលើនេះគឺរូបគាត់ចង់លក់យកប្រាក់មកកសាងផ្លូវមុខសាលាមួយខ្សែរប្រវែង៦០០ម៉ែត្រ និងជួសជុលសាលាបឋមសិក្សារ​ទួលសាគរនេះឯង។

ដោយឡែកលោក អ៊ួង អន មេភូមិសំរោងត្បូងបានអោយដឹងថា ការលក់ស្រះខាងលើនេះរូបគាត់មិនបានដឹងទេ ដោយប្រគល់កិច្ចការនេះទៅអោយប្រធានសហគមន៏ជាអ្នកចាត់ចែងលក់ដូរ ដោយមិនមានពាក់ព័ន្ធនោះឡើយ ហើយគាត់គ្រាន់តែជាអាជ្ញាកណ្តាលប៉ុណ្ណោះ តែមេភូមិរូបនេះទំនងមិនចង់អោយអ្នកសារព័ត៌មានចេញផ្សាយឡើយពាក់ព័ន្ធនឹងករណីខាងលើនេះ។

លោកបានបន្ថែមថាប្រសិនបើប្រជាពលរដ្ឋណាមិនឯកភាពការលក់ដូរស្រះខាងលើនេះ លោកសូមអោយធ្វើលិខិតផ្តិមេដៃមកកាន់រូបលោក ដើម្បីធ្វើការដោះស្រាយបន្តទៀតជាមួយថ្នាក់លើ។

ទោះយ៉ាងណាប្រជាពលរដ្ឋដែលមកតវ៉ានោះបានសំណូមពរទៅលោកមេភូមិស្នើសូមអោយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មេត្តាជួយជួសជុលសាលា និងកសាងផ្លូវលំប្រវែង៦០០ម៉ែត្រដែលនៅមុខសាលារៀននោះផង ដោយមិនត្រូវការយកស្រះសហគមន៏ប្រយោជន៏រួមនោះទៅលក់យកប្រាក់ជាថ្នូរមកកសាងផ្លូវនៅក្នុងភូមិនោះឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ