ព្រឹតិ្តការណ៍ថ្មីៗ

អ្នកភូមិជាង៤០នាក់ លើកគ្នាមកតវ៉ានៅមុខសាលាខេត្តប៉ៃលិន ករណីសមត្ថកិច្ចនគរបាល ឃាត់ខ្លួនមនុស្សដោយអយុត្តធម៌

1 ឆ្នាំ មុន 3 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានប្រជាពលរដ្ឋជាង៤០នាក់ បានលើកគ្នាមកតវ៉ានៅមុខសាលាខេត្តប៉ៃលិន ដើមសុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត ពាក់ព័ន្ធរឿងបសមត្ថកិច្ចនគរបាលស្នងការខេត្តបានចាប់ខ្លួនអ្នកភូមិចំនួន៤នាក់ ដោយចោទថាបានគប់ដុំថ្មទៅលើរថយន្តអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៥៧។

លោក ហ៊ុល សារឿន អាយុ៦៨ឆ្នាំ ជាអតីតមន្រ្តីសុរិយោដីខេត្ត ដែលបានចូលនិវត្តន៍ រស់នៅភូមិអូរច្រារកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានឱ្យដឹងថា ពួកគាត់លើកគ្នាទៅតវ៉ានៅមុខសាលាខេត្តប៉ៃលិននេះ ក្នុងគោលបំណងសុំឱ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ រកដំណោះស្រាយដល់ពួកគាត់ផង ព្រោះកូនចៅពួកគាត់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការដោយគ្មានកំហុស។

លោកបន្តទៀតថា កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ សមត្ថកិច្ចមួយក្រុម បាននាំគ្នាទៅចាប់កូនអ្នកភូមិចំនួន​៤នាក់ ក្នុងនោះមានក្មួយរបស់គាត់ម្នាក់ដែរ ដោយចោទប្រកាន់ថា បានគប់ដុំថ្មទៅលើរថយន្តរបស់អ្នកធ្វើដំណើរតាម​ដងផ្លូវ។

លោកបានរៀបរាប់បន្ថែមទៀតថា តាមពិតមុនពេលឈានដល់ការចាប់ឃាត់ ខ្លួនទាំង៤នាក់នោះ ពួកគេបាននាំគ្នាអង្គុយផឹកស្រាបៀរនៅក្នុងរោងមួយកន្លែងក្បែរចិញ្ចើមផ្លូវ ដោយមានគ្នាច្រើននាក់ លុះក្រោយមក ពួកគេបានបែកអស់នៅសល់ ៣នាក់ ស្រាប់តែមានយុវជនម្នាក់ ឈ្មោះ ឃុត ប្រុស ហៅឡិក ចូលមកផឹកស៊ីជាមួយគ្នា ហើយក៍បានប្រឡែងគ្នា ជាមួយអ្នកទាំង ៣នាក់នោះ ស្រាប់តែ ឈ្មោះ ឃុត ប្រុស នោះបានគ្រវាត់កំប៉ុងស្រាបៀរទៅលើផ្លូវថ្នល់ ដោយគាប់ជួនក៍មានរថយន្ត ១គ្រឿងបើកបរមក ក៍ប៉ះកង់រថយន្តផ្នែកខាងមុខ បណ្តាលឱ្យអ្នកបើករថយន្តរេចង្កូត ហើយក្រោយមកម្ចាស់រថយន្ត ក៍បានទូរស័ព្ទទៅប្តឹងនគរបាលឱ្យធ្វើការឃាត់ខ្លួនជនទាំង ៤នាក់តែម្តង។

ពាក់ព័ន្ធនឹងករណីនេះលោកវរៈសេនីយ៍ឯក ឆោម វាន់ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖ ចំពោះការឃាត់ខ្លួនមនុស្ស៤នាក់ខាងលើនេះ គឺជាករណីបទព្រហ្មទណ្ឌ ដូច្នេះខាងលោកមិនមានសិទ្ធិក្នុងការដោះស្រាយនោះទេ គឺបានកសាងសំណុំរឿងបញ្ចូនទៅតុលាការតាំងពីថ្ងៃច័ន្ទទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ មកម្លេះ ហើយខាងតុលាការ ដែលមានលោក លាង សួគ៌ ដែលជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ជនសង្ស័យទាំង៤នាក់នោះ។

សូមរំលឹកថា៖ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអន្តរាគមន៍របស់ស្នងការ​ដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះធ្វើការបង្ក្រាបភ្លាមៗនៅកន្លែងកើតហេតុ ពាក់ព័ន្ធនឹងករណីមានជនសង្ស័យមួយក្រុម បានផឹកស្រាស្រវឹងហើយយកដំថ្មគប់លើរថយន្តតាមដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចស្ពានតារាប ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនទាំង៤នាក់នោះ ទី១-ឈ្មោះ សុខ វិន ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ​អូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី២- ឈ្មោះ សៅ ពុទ្ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់​នៅភូមិ​អូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី៣-ឈ្មោះ ប៉ុច ឡៃកុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី០៤-ឈ្មោះ ឃុត ប្រុស ហៅឡិក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ដោយ៖ញ៉ឹប បូរី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ