ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរក្រុងប៉ៃលិន និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះដោះស្រាយទំនាស់ការធ្វើទំនប់ស្ទាក់ទឹកទុកសម្រាប់ចែកចាយប្រើប្រាស់រវាងក្រុមហ៊ុនទឹកស្អាតថូម៉ាស់ ជាមួយសហគមន៍ប្រើប្រាស់ទឹកស្អាតអូរតាវ៉ៅ និងម្ចាស់រម្មណីយ៍ដ្ឋានទឹកធ្លាក់អូរតាវ៉ៅ

2 ឆ្នាំ មុន 0 tnn_admin

ប៉ៃលិន៖ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧​ បានដឹកនាំកម្លាំងចំរុះ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះសម្របសម្រួលដោះស្រាយ ការសាងសង់ទំនប់ស្ទាក់ទឹក របស់ក្រុមហ៊ុនទឹកស្អាតថូម៉ាស់ នៅខាងក្រោម រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ដើម្បីទុកប្រើប្រាស់ចែកចាយជូនប្រជាពលរដ្ឋនារដូវប្រាំងខាងមុខ ដោយការសាងសង់ទំនប់នេះ មានការជំទាស់ពីម្ចាស់រម្មណីយ៍ដ្ឋានទឹកធ្លាក់អូរតាវ៉ៅ និងសហគមន៍ប្រើប្រាស់ទឹកស្អាតសង្កាត់អូរតាវ៉ៅ។

បើតាមតំណាងម្ចាស់រម្មណីយ៍ដ្ឋាទឹកធ្លាក់អូរតាវ៉ៅបានឱ្យដឹងថា៖ ការសាងសង់ទំនប់បេតុងនេះអាចធ្វើឱ្យបះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិ ដែលបញ្ហានេះលោកស្នើសុំអោយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេសសិន ដើម្បីធានា និងទទួលខុសត្រូវចំពោះការបះពាល់ទៅថ្ងៃអនាគត។ដោយឡែកតំណាងសហគមន៍ប្រើប្រាស់ទឹកស្អាតអូរតាវ៉ៅ បានលើកឡើងថា៖ ការធ្វើទំនប់ស្ទាក់ទឹកនេះ ខាងសហគមន៍មិនជំទាស់ទេ តែពេលធ្វើទំនប់រួចហើយ ក្រុមហ៊ុនទឹកស្អាត ថូម៉ាស់ ត្រូវចែកចាយទឹកដល់សហគមន៍ប្រើប្រាស់អោយបានគ្រប់គ្រាន់ និងស្មើភាពគ្នា។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានឱ្យដឹងថា៖ ការសាងសង់ទំនប់ស្ទាក់ទឹកនេះក្រុមហ៊ុន ថូម៉ាស់ មានបំណងរក្សាទឹកទុកប្រើប្រាស់នារដូវប្រាំងខាងមុខ ព្រោះថាកាលពីរដូវប្រាំងឆ្នាំ២០១៦ កន្លងទៅក្រុមហ៊ុន មិនអាចផ្គត់ផ្គង់ទឹកចែកចាយជូនប្រជាពលរដ្ឋក្នុងក្រុងបានឡើយ។ដូច្នេះក្រុមហ៊ុនធ្វើទំនប់ស្ទាក់ទឹកនេះដើម្បីត្រៀមទឹកទុកដោះស្រាយជូនប្រជាពលរដ្ឋនៅរដូវប្រាំងខាងមុខ កុំឱ្យខ្វះខាតដូចរដូវប្រាំងមុនទៀត។

នេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអំពាវនាវដល់អាជ្ញាធរ មន្ទីរធនធានទឹក និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ ត្រូវមានវិធានការធ្វើអាងស្តុកទឺក ទំនប់ស្ទាក់ទឹកទុកសំរាប់ប្រើប្រាស់នាពេលរដូវប្រាំងខាងមុខ។លោក ស៊ុន យី បានបញ្ជាក់ថា៖ ក្នុងនាមអាជ្ញាធរ និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងភាគីទំនាស់ទាំងអស់ នឹងបើកកិច្ចប្រជុំដោះស្រាយនាពេលឆាប់ៗនេះ ដើម្បីពិនិត្យផ្នែកបច្ចេកទេស និងផលបះពាល់ ដែលអាចទទួលយកបានទាំងអស់គ្នា ធ្វើយ៉ាងណាឈរលើការពារផលប្រយោជន៍ និងការផ្តល់សេវ៉ាជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា៖ ទំនប់ស្ទាក់ទឹកដែលក្រុមហ៊ុនទឹកស្អាត ថូម៉ាស់ សាងសង់ នេះ គឺ ធ្វើអំពីបេតុងអាមេ មានប្រវែង ២៥ម៉ែត្រ ទទឺង ៨តឹក ដែលស្ថិតនៅផ្នែកខាងលើស្ពានទី១ ក្នុងតំបន់រម្មនីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ។ដោយ៖ ញ៉ឹប បូរី

  document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ