ព្រឹតិ្តការណ៍ថ្មីៗ

ស្អែកដល់ថ្ងៃកំណត់ នៃកាត់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវចេញទាំងអស់ហើយ!

2 ឆ្នាំ មុន 10 តូ សុផល

ភ្នំពេញ ៖ យោងតាមសេចក្តីណែនាំស្តីពីការកែតម្រូវ និងកែលំអឡើងវិញនូវផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងកាលពីថ្ងៃទី៣ មករា ២០១៧ ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការរុះរើរបាប៉ាណូផ្សាយពាណិជ្ជកម្ម ដែលដាក់កាត់ទទឹងផ្លូវចេញទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លោក មាន ចាន់យ៉ាដា មានប្រសាសន៍បែបនេះនៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនផ្សាយពាណិជ្ជប៉ាណូទាំងអស់ តែរហូតមកដល់ថ្ងៃទី៣០ មករា ទៅហើយដូចជាមិនឃើញមានសញ្ញាណណាមួយពីកាត់ស្លាកសញ្ញានោះសោះ ឬគ្រាន់តែនិយាយអោយល្អស្តាប់ទេ?លោកមានប្រសាសន៏ទៀតថា ជារបត់ថ្មីក្នុងឆ្នាំ២០១៧ការដាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញត្រូវតែមានការកែលំអរ និងស្របតាមស្តង់ដារមួយច្បាស់លាស់ក្នុងចំណោមផ្ទាំងផ្សាយពាណិជ្ជកម្មសរុបជិត៤ពាន់ផ្ទាំង ដែលមានច្បាប់នៅក្នុងរាជធានីភ្នំពេញឲ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ រក្សាបាននូវបរិស្ថាន និងសោភ័ណភាពទីក្រុង ។

លោកបន្តថា ចំពោះរបាកាត់ទទឹងផ្លូវទាំងអស់នឹងត្រូវបញ្ឈប់ការអនុញ្ញាតិ និងបញ្ចប់សុពលភាពប្រើប្រាស់ហើយម្ចាស់ក្រុមហ៊ុនពាក់ពន្ធ័ ត្រូវរុះរើចេញក្នុងរយៈពេល១ខែបន្ទាប់ពីផុតកំណត់កាលបរិច្ឆេទអនុញ្ញាតិ ។

លោក មាន ចាន់យ៉ាដា បានឲ្យដឹងទៀតថា សម្រាប់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលនៅមានសុពលភាពប្រើប្រាស់ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ ហើយចាំបាច់ត្រូវកែលំអរឡើងវិញក្នុងរយៈពេលមិនលើសពី៤ឆ្នាំ រួមទាំងពិនិត្យទីតាំង ទំហំ កំពស់ និងខ្លឹមសារផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ។

លោកបញ្ជាក់ថា ការកែលំអរផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនេះធ្វើឡើង ដើម្បីតំរង់ទិសលើកកំពស់សោភ័ណភាពទីក្រុង និងសណ្តាប់ ធា្នប់សាធារណៈនៅពេលដែលការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មខ្លះបានបង្កភាពអនាធិបតេយ្យយ៉ាងស្អេកស្កះក្នុងទីក្រុង ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្ទាំងប៉ាណូដែលបានតាំងបង្ហាញក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានចំនួន ៣៧៤១ផ្ទាំង ក្នុងនោះមានផ្ទាំងប៉ាណូដែលជារបារកាត់ទទឹងផ្លូវមានចំនួន៤៩ផ្ទាំង ទូរទស្សន៏LEDចំនួន១១ ផ្ទាំងប៉ាណូ ២១៧ផ្ទាំង ផ្សាយតាមនាឡិការ៣ ផ្សាយតាមប្រអប់ភ្លើង៣៨៣ផ្ទាំង ផ្សាយតាមប្រអប់ភ្លើងលើស្ពាន២៤៤ផ្ទាំង តាមបង្គោលភ្លើង២៦១៤ផ្ទាំង និងតាំងបង្ហាញតាមស្លាកសញ្ញាបង្ហាញផ្លូវមានចំនួន២២០ផ្ទាំងផងដែរ ។

សូមបញ្ជាក់ថា អាជ្ញាធរាជធានីភ្នំពេញបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនដែលមានឈ្មោះថា ក្រុមហ៊ុន «អេកូអែត អេនហ្គ្រីន» ជាអ្នកប្រមូលថ្លៃឈ្នូលជួលទីតាំងផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុន «RKS» ជាអ្នកប្រមូលថ្លៃផ្សាយពាណិជ្ជកម្ម ។ ជាមួយគ្នានេះដែរយោងតាមលិខិតលេខ៤២៨ ស.ជ.ណ ផ.ក របស់គណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៧ មេសា ឆ្នាំ២០១៦ បានអនុញ្ញាតិឲ្យក្រុមហ៊ុន អេកូ អែតអេនហ្គ្រីន ខូអិលធីឌី ក្នុងការជួសជុលកែលំអរថែទាំដើមឈើសួនច្បារ និងរៀបចំថ្នាលបណ្តុះកូនរុក្ខជាតិទាំងអស់ក្នុងរាជធានីភ្នំពេញ ជាថ្នូរនឹងការទទួលបានសិទ្ធគ្រប់គ្រង តំឡើង និងធ្វើអាជីវកម្មស្លាក.ផ្ទាំងប៉ាណូផ្សព្វផ្សាយនៅតាមសួនច្បារ និងបង្គោលភ្លើងនានាក្នុងរាជធានីភ្នំពេញ រយៈពេល២០ឆ្នាំដោយស្ថិតក្រោមការត្រួតពិនិត្យ និងយល់ព្រមពីរដ្ឋបាលរាជធានីភ្នំពេញ ។

គួររំលឹកថា ទាក់ទិនទៅនឹងបញ្ហាខាងលើនេះមានក្រុមហ៊ុនធំៗក្នុងស្រុកចំនួន៤ សុទ្ធសឹងក្រុមហ៊ុនសេវាកម្មបានសម្តែងមតិដូចៗគ្នា ដោយធ្វើការចោទប្រកាន់ថា បានប្រគល់សេវាកម្មយកថ្លៃលើប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មប្រចាំឆ្នាំនៅរាជធានី ដោយមិនដាក់ឱ្យដេញថ្លៃ គឺស្ងាត់ៗចេញអុងបីស៊ីដាច់…។

មានក្រុមហ៊ុនខ្លះទម្លាយឱ្យដឹងថា ពួកគេបានចំណាយក្រៅជិតមួយលានដុល្លារ រត់ការយកថ្លៃសេវាកម្មប៉ាណូ…នឹកថាបាន ប៉ុន្តែនៅ តែយកមិនបាន បែរទៅចេញលេខញ៉ុក១០គត់ទៅវិញ ។ ពួកគេមានសំណួរថា តើគេចាយអស់ប៉ុន្មានទើបមានសំណាងអីធំម្ល៉េះ បានទទួលសិទ្ធិផ្តាច់មុខ១០ឆ្នាំ ២០ឆ្នាំ ដោយគ្មានការដេញថ្លៃនេះ ? ស្ងាត់ៗចេញអុងបី ស៊ីដាច់ម៉ាត់ ។

មន្ត្រីដែលស្និតជាមួយសាលាក្រុងភ្នំពេញបាននិយាយថា ឧកញ៉ាម្នាក់ជាអ្នកមានសំណាងបានទទួលសិទ្ធិម៉ៅការយកថ្លៃប៉ាណូផ្សព្វ ផ្សាយពាណិជ្ជកម្មយីហោផ្សេងៗទូទាំងរាជធានីភ្នំពេញរយៈពេល១០ឆ្នាំ ។

ប្រភពដដែលបញ្ជាក់ថា ក្នុងមួយឆ្នាំក្រុមហ៊ុនម៉ៅការបង់ចំណូលរដ្ឋ២៥ម៉ឺនដុល្លារ ។ ចំពោះទូទាំងរាជធានីភ្នំពេញដែលរីកកាន់តែធំនេះ តាមការប៉ាន់ស្មានអាចប្រមូលចំណូលបានលើសពី៣លានដុល្លារក្នុងមួយឆ្នាំ

។ មន្ត្រីដដែលនិយាយថា ក្នុងជំនាន់ក្រុមហ៊ុនចាស់ម៉ៅការអាចបានចំណូលជិត២លានដុល្លារ ដែលកាលនោះគេបង់បានតែ១៥ម៉ឺនដុល្លារទេក្នុង១ឆ្នាំ ។

ប៉ុន្តែពេលនេះទីក្រុងកាន់តែរីកធំ សេដ្ឋកិច្ចកាន់តែរីកចំរើន ការផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែដុះដាលទូលំទូលាយ ប្រសិនបានដាក់ឱ្យដេញថ្លៃអាចបានចំណូលច្រើនជាងនេះ២ទៅ៣ដង ។

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!