ព្រឹតិ្តការណ៍ថ្មីៗ

ច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត ជាទីសំចតលក់ដូរយ៉ាងអាណាធិបតេយ្យរង់ចាំភ្ញៀវទេសចរ

2 ឆ្នាំ មុន 3 tnn_admin

ក្រុង​ប៉ោយប៉ែត៖ សណ្តាប់ធ្នាប់អាណាធិបតេយ្យនៅ​វ​ង្វ​ង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែតដែលមិនមានអាជ្ញាធររូបណាយកភ្នែកមើលនោះត្រូវបាន ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិដែល​ចូលមក​កំសាន្តក្នុងប្រទេស​កម្ពុជារិះគន់ចំៗថា សមត្ថកិច្ចនិងអាជ្ញាធរ ជាអ្នកបណ្តោយអោយមាន​តូប​លក់ដូរ​ហូរហែ​ នៅទីតាំង​រង់ចាំ​រថយន្ត​របស់ភ្ញៀវជាតិនិងអន្តរជាតិ ហើយសង្ស័យថាបានប្រមូលផលណាមួយពីតូបលក់ដូរតាំងនោះ។

ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍មួយចំនួន​បាន​អោយ​ដឹងថា ទីតាំង​សំចត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​នេះ មិនមែន​ទើបតែ​មានការ​លក់ដូរ​នោះទេ តែ​​លក់ដូរ​ជា​យូរណាស់​មកហើយស្ទើរក្លាយទៅជាកូនផ្សារតូចមួយ រង់ចាំស្វាគមន៏បំបាក់មុខអ្នកក្រុងប៉ោយប៉ែត ខណ:​បាត់សោភ័ណ្ឌភាពពេលភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកំសាន្ត ដោយ​គ្មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​រូបណា យកចិត្តទុកដាក់​ក្នុងការ​ហាមប្រាម ឬ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍ ឲ្យ​សមជា​ប្រទេស​អច្ឆរិយ​ឡើយ ដូចនេះហើយទើបមានការលេចលឺថា​ការ​ដែល​អាច​ដាក់តាំង​លក់ទំនិញ​នៅ​ទីនោះ​បាន​ ​សុទ្ធតែ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ ជាការបំបិទភ្នែក។

ប្រធាន​នគរបាល​ទេសចរណ៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែតលោក កៅ​ ស បាន​ទទួលស្គាល់ថាពិតជា​មានការ​ដាក់តាំង​លក់​យ៉ាង​អាណាធិបតេយ្យ នៅ​ទីតាំង​ខាងលើ​ពិតមែន ហើយ​ជុំវិញ​រឿងនេះ​លោក​នឹងធ្វើ​ការពិភាក្សា​ជាមួយនិង​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្រុង​ព្រោះ​មិនមែនជា​ភារៈកិច្ច​ដែល​លោក​ទទួលខុសត្រូវ​ដាច់​មុខ​នោះឡើយ ។

ពាក់ព័ន្ធនឹងករណីនេះដែរ​ ប្រធាន​គណៈកម្មការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែតលោក វួ​ច អូន បាន​អោយដឹងរបៀបមិនច្បាស់​ថា នៅមុនពេល​ដែល​លោក​មកកាន់​តំណែង​នេះ ​ទីតាំង​ខាងលើ​គឺ ​ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់​អាជ្ញាធរ​ក្រុង​ តែ​បច្ចុប្បន្ន​លោក​មិនដឹងថា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុង ​ឬ​ច្រក​ឡើយ​ តែយ៉ាងណាលោកថា​ជាក់ស្តែង​វា​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់លោក​ហើយ​បច្ចុប្បន្ន​នេះ ទោះយ៉ាងណាដើម្បី​បំបាត់​ភាព​អាណាធិបតេយ្យ​នេះ លោក​នឹងធ្វើ​សំណើរ​សុំ​ទៅ​អាជ្ញាធរខេត្ត​ដើម្បី​ចាត់វិធានការ​។

សូមបញ្ជាក់ថា ទីតាំង​រង់ចាំ​រថយន្ត​របស់ភ្ញៀវជាតិ​ និងអន្តរជាតិ ត្រូវបានសាងសង់ជាច្រើនឆ្នាំមកហើយធ្វើអំពីរ​ដែក​ប្រក​ស័ង្កសី​ ​ប្រវែង​ជាង១០ម៉ែត្រ​ ស្របតាម​បណ្តោយ​ផ្លូវ​ នៃ​វ​ង្វ​ង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ស្ថិត​នៅជាប់​ខាងកើត​ នៃ​កន្លែង​ត្រួតពិនិត្យ​លិខិតឆ្លងដែន​ចូល​កម្ពុជា​ និង​មាន​កៅអី​សម្រាប់​ភ្ញៀវ​អង្គុយ​រង់ចាំ​ តែបច្ចុប្បន្ននៅសល់តែ​កៅអី​មួយ​ជួរប៉ុណ្ណោះ ហើយ​ក្រៅពីនោះ គឺ​តូប​លក់ដូរ​យ៉ាង​អាណាធិបតេយ្យ​គ្រប់បែប​យ៉ាង ដែលអាចនិយាយាបានថាស្ទើរក្លាយទៅជា​កូន​ផ្សារ​មួយ​ទៅហើយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ