អង្គុយហួសស័ក្ដិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា

1 ខែ មុន 152 តូ សុផល

ពុំមើលប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា
ថាហួសសេចក្ដី។ រីឯកង្កែប មុខដូចគេពេប ហាឡើងស្រដី
អួតអែងកំលាំង ជល់នឹងដំរី ទោះទាំងរាជសីហ៍
ក៏អញពុំខ្លាច។
មួយសោតចចក ដកកក្ងក់ អួតអែងអំណាច
នឹងជ្រែកប្រឹថពី ទៅខាំនាគរាជ ដណ្ដើមយករាជ្យ
ភូមិភពនាគា។
រីឯអណ្ដើក វារឡើងរវើក មកអួតអាត្មា
ថាអញនឹងលោត រំលងបព្វតា ហេតុក្ដីមោហា
ពុំដឹងខុសគាប់។
រីឯគីង្គក់ លោតឡើងពីភក់ មើលទៅគួរស្អប់
អួតខ្លួនថាល្អ ដូចមាសទឹកដប់ រាងអញចំប្រប់
ដូចរាជសីហា។
ហាឡើងមិនធ្យាន ស្ដីមិនប្រមាណ នឹងប្រាណអាត្មា
សូវអោនកុំងើប សូវស្ងៀមកុំថា សូវវាយកុំយារ
សូវគប់កុំជះ។
ឱកូនពន្លក ច្បាប់នេះបាយក ស្ងួនកុំប្រហែល
ច្បាប់នេះប្រសើរ ហៅមហាវិសេស កូនអើយកុំធ្វេស
នឹងច្បាប់នេះណា។
មួយសោតឯល្បែង សប្បាយចង់លេង នេះឯងលោកថា
នឹងកើតទុក្ខក្រោយ នឹងបង់ទ្រព្យា នឹងកើតនិន្ទា
បង់មារយាទគាប់។
សប្បាយធ្វើស្រែ ចំការជួញប្រែ នោះមានគេរាប់
សប្បាយបានស៊ី សប្បាយបានទ្រព្យ សប្បាយនោះគាប់
សប្បាយយឺនយូរ។
មួយសោតឯស្រី ចេះលើកយសប្ដី ចេះគិតចេះគូរ
ចេះរៀបចេះចំ ចេះសមចេះគួរ អ្នកផងនឹងសួរ
រកឈ្មោះពុំខាន។
នាងនេះឈ្មោះអ្វី មុខមាត់អប្រិយ សមជាអ្នកមាន
ម្លោះហើយនឹងកើត ទ្រព្យផងពុំខាន ព្រោះពាក្យសន្ដាន
ព្រេងលានគេទាយ។
រីឯពាក្យមនុស្ស ពុំដែលនឹងខុស ហួសពីទំនាយ
ពុំដែលនឹងផ្អៀង មិនជិតមិនឆ្ងាយ អ្នកផងទាំងឡាយ
គួរគិតកុំឆ្ងល់។
ពាក្យព្រេងលោកថា លោកមានឧបមា អោយគិតអោយយល់
ពាក្យលោកទំនឹម មិនមានអោយសល់ កូនអើយកុំឆ្ងល់
នឹងពាក្យនេះណា។
កុំអួតកុំអាង ដើរកុំមើលរាង មើលអង្គអាត្មា
កុំដើរផ្ទះគេ ហួសពេលវេលា កុំទៅធានា
ទ្រព្យគេទាំងឡាយ។
កុំដេកផ្កាប់មុខ កុំដើរពានថ្លុក ថាឯងសប្បាយ
មានទោសនឹងគេ កុំអោយនិយាយ ដើមគេនឹងក្លាយ
កើតជាទោសធំ។
ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាអោបភ្នំ
ចាស់កោងកាន់ច្រត់ អួតអាងប្រគំ ក្ងួរអួតផ្លុំ
ប៉ីពកយកខ្យល់។
ខ្វាក់ឆ្លុះកញ្ចក់ ដកកក្ងក់ ហាក់ឯងមើលយល់
ខ្វិនអួតនឹងផ្លោះ រំលងលើគល់ ទំពែករកកល
ចង់បានប្រេងលាប។
ក្ងែងចង់រាំ ក្រោកឡើងទន្ទាំ កែងកោងអោបឡាប
ថ្លង់ចង់ស្ដាប់ច្រៀង ផ្អៀងផ្អងទន់ទាប ដៃតូចខ្លួនទាប
ចង់ឈោងចាប់ផ្កាយ។
កូនអើយចូរស្ដាប់ ពាក្យនេះមហាគាប់ គ្រប់តួទាំងឡាយ
បាគិតរំពឹង ជញ្ជឹងអោយឆ្ងាយ កុំធ្វើរាយមាយ
នឹងច្បាប់នេះណា។
មួយសោតគេប្រាប់ ថាបាពុំគាប់ ទោសដល់អាត្មា
កុំបាភិតភាំង ស្លុតស្លាំងកាយា ប្រាណប្រុងឥរិយា
ស្មារតីអោយនឹង។
រិះរកគំនិត ជុំយោបល់គិត ទង់ទាញសន្ធឹង
ប្រាជ្ញាមួយកាត់ ចាត់ឡើងអោយដឹង ចំណេះមួយនឹង
ធ្វើហាក់មិនក្លឹក។
កូនអើយលោកថា ពាក្យលោកឧបមា ដូចគជសារសឹក
កាំភ្លើងដៃដុំ ពុំដែលនឹងក្លឹក ដេញដាលគគឹក
គគុកបោលចូល។
ធម្មតាអ្នកជា អ្នកមានប្រាជ្ញា សន្ដានត្រកូល
អោយគិតសញ្ជឹង រំពឹងអោយមូល ប្រាជ្ញាអោយចូល
ចងចាំទុកនៅ។
កុំអួតកុំអាង កុំភូតបំព្រាង កុំអោយចែចូវ
កុំកាច់កុំកិន រអែរអូវ កុំនាំពាក្យទៅ
ប្រាប់អោយកើតទោស។
កុំវេះកុំរៀន កុំបៀតកុំបៀន កុំស្ដីអោយមោះ
គ្នាបានជាខុស អោយមានសន្ដោស កុំហាអោយហួស
ជ្រួសពាក្យទៅមុន។
ចូលសឹកកុំញោច ជំពាក់កុំបោច ខ្ជិលកុំចងពន្ធ
ជាគ្រូអាត្មា កុំអោយលោកអន់ សេចក្ដីទំងន់
សន្សឹមកុំបោល។
កុំអួតកំលាំង កុំអាងខ្លួនខ្លាំង រត់នឹងស្រមោល
កុំអាងជាធំ កុំងាយពាក្យពោល ពាក្យព្រេងកុំចោល
កុំថ្កោលទោសសង្ឃ។
កុំចោលផ្លូវវៀច កុំអាងអំណាច ដើរកាត់តំរង់
ក្រែងបង់អិរិយា សក្កាកុំគង់ លោកហៅថាល្ងង់
អាប់ឥតប្រាជ្ញា។
កូនអើយចូរស្ដាប់ ពាក្យមួយមហាគាប់ មានមិត្ដស្នេហា
អោយមើលមារយាទ មើលសព្វអិរិយា អោយដឹងថាជា
ជាកាចវៀចត្រង់។
អោយសមអោយសួន អោយល្មមនឹងខ្លួន អោយធួននឹងអង្គ
សឹមយកជាមិត្ដ ឋិតថេរដ៏លង់ ទៅមកតំរង់
ចេញចូលស៊ីចុក។
មិត្ដមួយសោតណា ទៅមកកាន់គ្នា បង្កើតអោយសុខ
មិត្ដមួយអោយទោស បង្កើតជាទុក្ខ មិត្ដមួយអោយឆុក
អោយបង់ទ្រព្យា។
មិត្ដមួយបង្ហិន ទៅមកខ្ជាន់ៗ ជក់ថ្នាំស៊ីស្លា
ចុះឡើងមិនអាក់ នឹងហិនអាត្មា កូនអើយលោកថា
អសារបង់ទ្រព្យ។
ឱកូនពិសី កូនប្រុសកូនស្រី ស្ងួនអើយបាស្ដាប់
ទំនឹមទំនង គន្លងផ្លូវច្បាប់ ទុកជាសណ្ដាប់
នៃនរជនជាតិ។
មួយសោតលោកថា រិកក្នុងអាត្មា មានបីពុំឃ្លាត
មួយស៊ីមួយដេក មួយដើរជាខ្នាត ស៊ីឥតមារយាទ
ពុំត្រូវសណ្ដាប់។
ដើរឥតបើគិត ដើរឥតគំនិត ហៅខុសនឹងច្បាប់
ដេកដល់ថ្ងៃរះ ហៅឥតគំនាប់ ចង្រៃអភ័ព្វ
នឹងអាប់អាត្មា។
នឹងស្វែងរកទ្រព្យ ចង្រៃអភ័ព្វ មិនអោយជំនា
អោយកើតតែទុក្ខ អោយបង់ទ្រព្យា នឹងរកភរិយា
ហាក់ដូចគេណាយ។
ព្រោះក្ដីអភ័ព្វ ចង្រៃនូវអព មង្គលទាំងឡាយ
ចូលក្នុងអាត្មា មិនមានទៅឆ្ងាយ ជ្រាបជ្រៅក្នុងកាយ
ក្នុងអង្គអាត្មា។
ទោះប្រុសទោះស្រី បើមានរិកបី ដូចច្បាប់លោកថា
រិកដេករិកដើរ រិកស៊ីអាហារ ជាអ្នករក្សា
អិរិយាមារយាទ។
ខ្លាចមេខ្លាចបា ទោះបីធ្វើការ មិនមានអោយឃ្លាត
ទោះបីនឹងសើច នឹងលេងមានខ្នាត ជាអ្នកសង្វាត
ខ្មីឃ្មាតធ្វើការ។
អ្នកផងទាំងឡាយ ទោះជិតទោះឆ្ងាយ គេយល់អិរិយា
គេយល់ចំណេះ ជាអ្នករាបសា គេចង់ចងជា
ពន្ធយកជាញាតិ។
 មានខ្សត់ពុំគិត យកតែគំនិត ឥរិយាមារយាទ
អោយចេះរៀបចំ ទុកដាក់ជាខ្នាត ឧស្សាហ៍សង្វាត
រក្សាទ្រព្យា។
រីម្ដាយឳពុក នឹងបានលើកមុខ ដោយកូនពុំងា
អស់ទាំងបងប្អូន ជីដូនជីតា ម្ដាយមីងនូវមា
សឹងស្រួចចូលចិត្ដ។
ត្បិតកូនសុភាព ជាអ្នករាបទាប ត្រូវនឹងគំនិត
គ្រប់អស់បងប្អូន ទោះឆ្ងាយទោះជិត សឹងបានដូចចិត្ដ
ដូចដួងចិន្ដា។
កូនអើយចូរស្ដាប់ ចូរចាំអោយខ្ជាប់ ទុកក្នុងអាត្មា
ទំនឹមទំនង គន្លងឧបមា ទើបចងប្រែជា

ជាបទព្រហ្មគិតិ។

ច្បាប់កូនចៅល្បើក

អាន៖  សួនកំណាព្យ «អបអរសាទរលទ្ធផលបាក់ឌុបឆ្នាំថ្មី»

 

 

អួតទាំងបំពាន ផឹកម្ង៉ៃលុយមាន ផឹកម្ង៉ៃលុយអត់

1 ខែ មុន 53 តូ សុផល

រករូបមិនក្រ អាក្រក់ហើយស មារយាទល្អហើយខ្មៅ

1 ខែ មុន 36 តូ សុផល

ដ្បិតមនុស្សឥលូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា!

1 ខែ មុន 42 តូ សុផល

ពោះម៉ាយមានបី កុំយកធ្វើប្ដី មិនគាប់ប្រសើរ !

3 ខែ មុន 976 តូ សុផល

កំណាព្យអប់រំខ្លី៖ ជាតិខ្មែរមិនចេះខ្មាស នាំពីចាស់គំនិតខ្លី

3 ខែ មុន 264 តូ សុផល

កំណាព្យអប់រំខ្លី៖ ពូជមនុស្សទោះខ្ពស់ទាប កាត់តាមភាពត្រកូលផៅ

3 ខែ មុន 453 តូ សុផល

មនុស្សល្ងង់មិនផ្អើលភ្ញាក់ ដូចភ្នែកខ្វាក់ទាំងសងខាង

3 ខែ មុន 85 តូ សុផល

ជួយថែកំណាព្យខ្មែរ ជួយថែសិល្បៈកេរដូនតា

3 ខែ មុន 175 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ខ្លីៗតែចំៗពេកហើយ ពីលោក William Guang

3 ខែ មុន 12521 តូ សុផល

សួនកំណាព្យ«វិនាសទាំងដប់ពីរប្រការ» (បទពាក្យ៧)

4 ខែ មុន 326 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម