ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខេត្តប៉ៃលិនទទួលបងប្អូនពលករខ្មែរចំនួន ១០នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃ

1 ឆ្នាំ មុន 0 tnn_admin

ប៉ៃលិន៖ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន និង​មន្ត្រី​ជំនាញពាក់ព័ន្ធ ព្រមទាំងសមត្ថកិច្ចជំនាញដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បានទទួល​បងប្អូនពលករខ្មែរចំនួន១០នាក់ ក្នុងនោះកុមារ ០៣នាក់ ដែលបានបោកមេខ្យល់ទៅរកការងារធ្វើ​នៅប្រទេស​ថៃ ហើយត្រូវបានវិលត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន។

 
ពលករទាំងនោះបានរៀបរាប់ថា៖ នៅពេលដែលពួកគាត់ទៅធ្វើការជាពលករខុសច្បាប់នៅប្រទេសថៃ​គឺជួបបញ្ហានូវការជិះជាន់កំលាំងពលកម្ម និងការប្រើប្រាស់អាវុធគំរាមកំហែងដល់អាយុជីវិតក្នុងម៉ោងការងារ​ដោយពួកគាត់ធ្វើការ ជាអ្នកចំាចំការឱ្យគេ ហើយប្រាក់ខែដែលខំធ្វើការចំនួន ០២ខែ ត្រូវបានទូទាត់សងមេ​ខ្យល់​អស់។

 

លើសពីនោះពួកគាត់បានរត់គេចចេញពីការជិះជាន់ធ្វើបាបពីសំណាក់ថៅកែថៃ និងការតាមចាប់​របស់សមត្ថកិច្ចថៃ តាំងពី ខេត្តឈុនបុរី ប្រទេសថៃ រហូតមកដល់ច្រកទ្វារអន្តរជាតិព្រំ​ខេត្តប៉ៃលិន អស់រយៈ​ពេល ០៤យប់ ០៥ថ្ងៃ ដោយធ្វើដំណើរថ្មើរជើងតាមព្រៃភ្នំ។

 
ក្នុងឱកាសចុះទៅជួបជាមួយពលករ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមអាជ្ញាធរ​ខេត្ត បានយកចិត្តទុកដាក់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ​ដូច្នេះ​​គ្រាន់​តែទទួលបានព័ត៌មានថា មានបងប្អូនពលករខ្មែរយើងចាញ់បោកមេខ្យល់ភ្លាម ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ បានចុះ​មកសួរសុខ​ទុកពួកគាត់ផ្ទាល់តែម្តង ហើយបានរៀបចំរថយន្ត ដឹកជញ្ជូនបងប្អូនពលករទាំងអស់ទៅ​កាន់​ស្រុក​កំណើត​វិញ នៅឯខេត្ត​ព្រះសីហនុ ព្រមទាំងឧបត្ថម្ភថវិកាដល់ពួកគាត់មួយចំនួនផងដែរ ដើម្បីចាយ​វាយ​ការ​ហូប​ចុក​តាមផ្លូវ​។ លោកជំទាវក៍បានផ្តាំផ្ញើរដល់បងប្អូនពលករទាំងអស់ពេលត្រឡប់ទៅ​កាន់ស្រុក​កំណើតវិញ​កុំភ្លេចប្រកបរបរដោយខ្លួនឯងជាងទៅធ្វើពលករនៅស្រុកគេដែលជួបការលំបាកដូចនេះ។

 
​បើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹង​ថា៖ នៅវេលាម៉ោង ០៦៖៤៥នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ មានពលករចំនួន ១០នាក់ ដែលចាញ់បោក​មេខ្យល់ទៅ​ធ្វើ​ការ​នៅប្រទេសថៃ បានធ្វើដំណើរមកដល់ច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ដែល ទី១-ឈ្មោះ ញ៉េម សុខ ភេទប្រុស អាយុ ៤៩ឆ្នាំ ទី២-ឈ្មោះ ហ៊ុល សុផល ភេទ ស្រី អាយុ ៥១ឆ្នាំ ទី៣-ឈ្មោះ ញ៉េម រាវី ភេទប្រុស អាយុ ២៣ឆ្នាំ ទី៤-ឈ្មោះ ឈាង តុលា ភេទស្រី អាយុ ៣១ឆ្នាំ ទី៥-ឈ្មោះ ញ៉េម ភឹម ភេទស្រី អាយុ ១៦ឆ្នាំ ទី៦-ឈ្មោះ ញ៉េម ភីម ភេទស្រី អាយុ ១៣ឆ្នាំ ទី៧-ឈ្មោះ ញ៉េម ចិន្តា ភេទស្រី អាយុ ១៣ឆ្នាំ ទី៨-ឈ្មោះ ញ៉េម ស្រីមាស ភេទស្រី អាយុ ១ខួប ទី៩-ឈ្មោះ ញ៉េម ស្រីប្រាក់ ភេទស្រី ​អាយុ ៤៥ឆ្នាំ និងទី១០-ឈ្មោះ ញឹម ចើត ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិបី សង្កាត់បី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រុមគាត់លួចទៅធ្វើការដោយខុសច្បាប់ទៅធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ ជាអ្នកចាំចំការឱ្យគេ។ ដោយ៖
​ញ៉ឹប បូរី

 

 

ព័ត៌មានពាក់ព័ន្ធ