ព្រឹតិ្តការណ៍ថ្មីៗ

សកម្មភាពថែទាំបារាយណ៍ខាងជើងជាប្រចាំរបស់អាជ្ញាធរជាតិអប្សរា

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តសៀមរាប៖ បារាយណ៍ខាងជើង(ជ័យតដាក) មានបណ្តោយប្រវែង៣៦០០ម៉ែត្រ និងទទឹងប្រវែង៩៣០ម៉ែត្រ ដែលនៅពីដើមដំបូងអាចផ្ទុកទឹកបាន៥លានម៉ែត្រគូបហើយទឹកនៅក្នុងបារាយណ៍នេះមានតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធជំនឿរបស់ដូនតាខ្មែរ។ ដូនតាខ្មែរ រក្សាទឹកទុកក្នុងបារាយណ៍នេះសម្រាប់ប្រើប្រាស់នៅក្នុងក្រុងអង្គរធំ ក្រុងជ័យស្រី (ប្រាសាទព្រះខ័ន) និងមន្ទីរ ពេទ្យនាគព័ន្ធ។ បារាយណ៍ខាងជើងនេះ បានរីងស្ងួតហួតហែងអស់រយៈពេលជាង៥០០ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០៨ បារាយណ៍ នេះចាប់ផ្តើមមានទឹកសាជាថ្មីឡើងវិញ។

នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ លោក ភឿន សុឃីមអនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានលើក ឡើងថា ក្រុមអ្នកស្រាវជ្រាវជំនាញខាងគ្រប់គ្រងទឹកមួយចំនួនមិនដែលគិតឃើញថានឹងអាចធ្វើឲ្យបារាយណ៍នេះ មានទឹកសាជា ថ្មីឡើងវិញ បានឡើយ។ ប៉ុន្តែ នៅឆ្នាំ២០០៧ ក្រុមអ្នកស្រាវជ្រាវជំនាញខ្មែរបានជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណ ដែលគេបានរកឃើញ នៅឆ្នាំ២០០៥ ហើយនៅឆ្នាំ២០០៨ ទឹកក៏ចាប់ផ្តើមហូរចូលក្នុងបារាយណ៍នេះឡើងវិញបាន។

លោកបានបញ្ជាក់ថា ចាប់តាំងពីអ្នកជំនាញយើងរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណ ហើយបានស្តារនិងជួសជុលរួចមក អាជ្ញាធរជាតិ អប្សរាបានបង្ហូរទឹកចូលក្នុងបារាយណ៍ជារៀងរាល់ឆ្នាំមានដូចជានៅឆ្នាំ២០០៨ មានចំនួន៧០០ ០០០ម៉ែត្រគូប នៅឆ្នាំ២០០៩ បាន ចំនួន៣ ០០០ ០០០ម៉ែត្រគូប នៅឆ្នាំ២០១០ បានចំនួន៣ ៦៧៨ ០០០ម៉ែត្រគូប និងនៅឆ្នាំ២០១១មកដល់ឆ្នាំ២០១៦នេះ មានចំនួន៥ ០០០ ០០០ម៉ែត្រគូប។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាបានដាំកូនឈើ ដាំស្មៅតាមជើងទេរទំនប់បារាយណ៍ ដើម្បីការពារជើងទេរនិង ទ្រង់ទ្រាយតួទំនប់កុំឲ្យបាក់ដីនិងទឹកភ្លៀងហូរច្រោះ ដែលជាហេតុបណ្តាលឲ្យខូចទំនប់បារាយណ៍និងសំណង់ទា្វរទឹក។ ទន្ទឹមគ្នានោះដែរ អាជ្ញាធរជាតិអប្សរាក៏បានជួសជុលទំនប់ ដែលជ្រាបទឹកនៅតាមជើងបារាយណ៍ក៏ដូចចុះពិនិត្យមើលស្ថានភាព សំណង់ទ្វារទឹក បិទបើកទ្វារទឹកជូនប្រជាពលរដ្ឋប្រើប្រាស់និងចុះយាមល្បាតតាមជុំវិញបរិវេណបារាយណ៍ជា ប្រចាំដើម្បីការពារ ការហូរច្រោះ ការលួចកាប់ព្រៃឈើ ការលួចបរបាញ់សត្វព្រៃនិងធ្វើនេសាទខុសច្បាប់។

សកម្មភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងខ្នះខ្នែងរបស់អាជ្ញាធរជាតិអប្សរាក្នុងការលើក ស្ទួយតម្លៃបរិស្ថាន ទេសភាពធម្មជាតិ សោភណភាពរបស់បារាយណ៍និងការថែរក្សាការពារអភិរក្សសំណង់បារាយណ៍កុំឲ្យមានការ ខូចខាត ជាពិសេសការខិតខំប្រឹងប្រែងស្តារឡើងវិញនូវតម្លៃដ៏អស្ចារ្យរបស់សំណង់ធារាសាស្រ្តបុរាណរបស់បុព្វបុរស ដែលនៅតែមាន តួនាទីយ៉ាងសំខាន់ក្នុងការបម្រើឲ្យកិច្ចការអភិរក្ស និងជំនឿដូនតាតាំងពីសម័យដើមរហូតមកដល់សម័យបច្ចុប្បន្ននេះ៕

Page:អាជ្ញាធរជាតិអប្សរា Apsara Authority

13315539_564896173717315_6113352041940284739_n 13321970_564896083717324_8221757639400166344_n 13321970_564896153717317_7067414523476117446_n 13335608_564896087050657_5272492897714004220_n 13344635_564896127050653_583274013745182442_n 13346458_564896130383986_1312656307523570383_n

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ