ព្រឹតិ្តការណ៍ថ្មីៗ

ចោះដំបូលចូលយកទូរស័ព្ទកក្រើក ខេត្ត/ក្រុង ឥឡូវ PM ខេត្តកណ្តាលចាប់បញ្ជូនញាត់គុក!

2 សប្តាហ៍ មុន 35 tnn_admin
ខេត្តកណ្តាល៖ អនុវត្តន៏នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ តាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម ។ល។

ជាក់ស្តែងនៅចុងឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០ នេះបទល្មើសគាស់ទ្វារ ចោះដំបូលផ្ទះលួចទូរសព្ទ័ដៃរបស់អាជីវករ តែងកើតមានឡើងជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តទឹកដីខេត្តកណ្តាល ក៏ដូចនៅតាមបណ្តា រាជធានី ខេត្ត មួយចំនួនផងដែរ។

 
ដោយឡែកករណីនេះកើតមានក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលចំនួនពីរលើកគឺ៖
ក្រុងតាខ្មៅ ៖ លើកទី១: កើតហេតុថ្ងៃទី២៣.០២ ២០១៩ចន្លោះម៉ោង២៣ .៤៤នាទី ផ្ទះជនរងគ្រោះឈ្មោះ សៀងកេង ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ទូរសព្ទ័ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បាត់បង់ទូរសព្ទ័សេរីទំនើបចំនួន ១៣០គ្រឿង សរុបទឹកប្រាក់ ជាង ២ ម៉ឺនដុល្លារ អាមេរិច។
 
លើកទី២: កើតហេតុ:០៣.០៨.២០១៩ វេលាម៉ោង០១.០០នាទី ផ្ទះជនរងគ្រោះ ឈ្មោះ ប៉ូអាន ភេទប្រុស អាយុ២៧ឆ្នាំ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បាត់បង់ទូរសព្ឌ័សេរីទំនើបចំនួន ៦៧គ្រឿង គិតជាទឹកប្រាក់ជាង ១ម៉ឺនដុល្លារអាមេរិច។
ស្រុកកៀនស្វាយ ចំនួនពីរលើក ៖
 
លើកទី១:កើតហេតុនៅថ្ងៃទី ២៧.០៩.២០១៩ វេលាម៉ោង០៧.៣០នាទី ផ្ទះជនរងគ្រោះ ឈ្មោះសុវណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បាត់បង់ទូរសព្ទ័ទំនើបចំនួន ៩៨គ្រឿង គិតជាទឹកប្រាក់ជិត ២ម៉ឺនដុល្លារ អាមេរិច។
 
លើកទី២:កើតហេតុនៅវេលាម៉ោង១:១៥នាទីថ្ងៃទី២៤.០១.២០២០ ផ្ទះជនរងគ្រោះឈ្មោះ សំបូរ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ បាត់បង់ទូរស័ព្ទសេរីទំនើបចំនួន ៧៤គ្រឿង សរុបទឹកប្រាក់ជាង ៩ពាន់ដុល្លារអាមេរិច ប្រាក់រៀលជាង ៦០មុឺនរៀល។
 
គ្រប់ករណី ទាំងអស់ខាងលើ ក្រោយពេលកើតហេតុ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំបញ្ជាដោយផ្ទាល់ឲ្យជំនាញថ្នាក់ខេត្ត និងក្រុងស្រុកពាក់ពន្ធ័ ចុះដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយអន្តរាគមន៍ ពិនិត្យ ស្រាវជ្រាវ រុករកតាមចាប់ខ្លួនជនល្មើ អនុវត្តតាមនីតិវិធីផ្លូវច្បាប់។
តាមរយៈការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់ មិនខ្លាចនឿយហត់ប្រកបដោយបទពិសោធន៏ ឆន្ទៈ ក្រោមការចុះដឹកនាំផ្ទាល់ដោយលោក វ.ឯក ទូច អ៊ីណាន និងការយកចិត្តទុកដាក់របស់ជំនាញ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានកំណត់មុខសញ្ញាជនសង្សយ័ឈ្មោះ ទត ថា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
 
ន្ទាប់ពីជំនាញ អាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះអនុវត្តន៏ដីកាបញ្ជាឲ្យចូលខ្លួន លេខ០០៧ ដកបចខ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ របស់លោក ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញ អហ ខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរវាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដឹកនាំដោយលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី និងដោយមានកិច្ចសហការល្អពីជនរងគ្រោះ អាជ្ញាធរមូលដ្ឋាន កម្លាំងយើងចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទត ថា នៅចំណុចផ្លូវលំស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតិរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ធ្វើការឆែកឆេរផ្ទះជួលទាំងពីរទីតាំងខាងលើ និងលំនៅដ្ឋានមួយទៀតរបស់ជនសង្ស័យ នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រកឃើញវត្ថុតាងមួយចំនួនរួមមាន៖
-ទូរស័ព្ទចំនួន០៨គ្រឿង
-សំលៀកបំពាក់ធ្វើសកម្មភាព រួមមានខោយឺតជើងខ្លីចំនួន០៦ អាវយឺតដៃខ្លី ចំនួន០៦ អាវយឺតដៃវែងចំនួន០១ និងអាវធំចំនួន០១។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាក និច (NEX) ពណ៌សលាយលឿង ផ្លាកលេខ ភ្នំពេញ 1HV-2977។
 
ក្រោយពេលធ្វើការសាកសួរនិងទទួលបានចម្លើយសារភាពរួចមក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតិរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនជនសង្ស័យឈ្មោះ ទត ថា ទៅចង្អុរបង្ហាញទីតាំងតូបទិញ.លក់ទូរស័ព្ទមួយកន្លែងនៅចំណុចផ្សារសាំហាន់ ស្ថិតក្នុងក្រុមទី៥ ផ្លូវ៩០៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភ្នំពេញ ដោយបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ សំអូន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ដកហូតទូរស័ព្ទដៃចំនួន ៥៦គ្រឿង។
 
លុះថ្ងៃទី១០.០៣.២០២០ ក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ចុះដកហូតទូរសព្ទ័ដែលទទួលផលចោរកម្មទូរមានឈ្មោះ ហេង ហេង1 (មិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់) នៅចំណុចផ្សារសាំ ហាន់ ស្ថិតនៅក្នុងក្រុមទី៥ ផ្លូវ៩០៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភ្នំពេញ ដកហូតទូរសព្ទ័ចម្រុះចំនួន ៦៩គ្រឿង ។
សរុបទូរសព្ទ័ដកហូតពីជនសង្ស័យ ទទួលផលចោរកម្មមានចំនួន ១៤៥គ្រឿង។
 
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័ឈ្មោះ ទត ថា បានឆ្លើយសារភាពថាខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពយកកន្ត្រៃកាត់ដំបូលផ្ទះ ប្រើអង្រឹងអំបោះសម្រួតចុះ ឡើង លួចទូរសព្ទ័ជាច្រើនលើកនៅក្នុងមូលដ្ឋានខេត្តកណ្តាល រាជធានីភ្នំពេញ និងបណ្តាខេត្តជាច្រើនទៀត។ ដោយឡែកជនសង្សយ័ឈ្មោះ សំអូន បានឆ្លើយសារភាពថាខ្លួនពិតជាធ្លាប់ទិញទូរសព្ទ័ពីឈ្មោ ទត ថា ជាច្រើនលើក ជាច្រើនគ្រឿង យកមកលក់បន្តពិតប្រាកដមែន។
បច្ចុប្បន្នជនសង្សយ័ទាំងពីរនាក់ និងវត្ថុតាង សម្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់រួចរាល់ ។
 
សូមជម្រាបបន្ថែមផងដែរថា ជនសង្ស័យឈ្មោះ ទត ថា ធ្លាប់ជាប់ពន្ធនាគារពីបទលួចទ្រព្យសម្បត្តិ និងធ្វើសកម្មភាពលួចជាយូរឆ្នាំមកហើយ ជាក់ស្តែងក្នុងឆ្នាំ២០១៩ ឆ្នាំ២០២០ នេះគឺធ្វើសកម្មភាពលួចតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ស្ពឺ កំពត តាកែវ កំពង់ចាម ត្បូងឃ្មំ បាត់ដំបង រាជធានីភ្នំពេញ ។ល។
 
សូមរម្លឹកផងដែរថា កងរាជអាវុធហត្ថខេត្តកណ្តាល ក៏ធ្លាប់បង្ក្រាបបានមុខសញ្ញា សកម្មខាងគាស់ផ្ទះលក់ទូរព្ទ័ កាលពីឆ្នាំ២០១៨ មួយករណីដែរគឺឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ដកហូតទូរសព្ទ័ដៃមកវិញជាង ៤៤គ្រឿង លើចំនួនដែលបាត់បង់ជិត ២០០គ្រឿង។
 
ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច សំណូមពរដល់បងប្អូនអាជីវករ (លក់ ទិញទូរសព្ទ័)សូមមានការប្រុងប្រយត្ន័ខ្ពស់ចំពោះការថែរក្សាទ្រព្យសម្បត្តិខ្លួនគឺត្រូវមានកាំម៉េរ៉ាសុវត្ថភាព ទីតាំងលក់ធ្វើឲ្យបានរឹងមាំ និងសម្រាកក្បែរទ្រព្យសម្បត្តិខ្លួន ពិសេសពេលមានចោរកម្មកើតឡើងត្រូវរក្សាវត្ថុតាងឲ្យបានល្អនិងប្តឹងសមត្ថកិច្ចឲ្យបានទាន់ពេល ដើម្បីចេញជួយអន្តរាគមន៍ ។
 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ