ព្រឹតិ្តការណ៍ថ្មីៗ

ACU បញ្ជូនលោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ទៅតុលាការដាក់គុក ព្រោះរឿងពុករលួយ

3 ខែ មុន 108 tnn_admin

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនខ្លួនលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបជូនថា លោក នួន ប៉ុក ត្រូវបាននគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយលោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេត ឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើស រំលោភអំណាច បំពានធនធានធម្មជាតិ និងផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរ នៅពេលលោកនៅកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ។

បច្ចុប្បន្ន សំណុំរឿងពុករលួយរបស់លោក នួន ប៉ុក កំបពុងស្ថិតនៅក្រោមចំណាត់ការរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លោក នួន ប៉ុក បានទទួលតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ។

លោក នួន ប៉ុក ត្រូវបានក្រសួងដកតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីមានរឿងអាស្រូវជាច្រើនករណី ពាក់ព័ន្ធការចុះបញ្ជីដីធ្លីក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ ប្រធាន អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ទើបត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទទោស និងរឹបអូសទ្រព្យសម្បត្តិ ពាក់ព័ន្ធបទល្មើសពុករលួយ នៅគ្រាដែលពួកគេនៅកាន់តំណែង៕

បន្ថែមយោបល់របស់អ្នក

យោបល់