ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសតែងតាំង មុខតំណែងស្នងការ ខេត្តស្ទឹងត្រែង

1 ខែ មុន 4 tnn_admin

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវត្ថា ស្នងការរងនគរបាលខេត្ត ទៅជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួស លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ដែលត្រូវចូលនិវត្តន៍ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ប្រធាន-អនុប្រធាននាយកដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក និងមន្រ្តីនគរបាលជាច្រើននាក់ ។

ឯកឧត្តម ម៉ុម សារឿន បានផ្តល់នូវប្រសាសន៍ផ្តាំផ្ញើដល់លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវត្ថា ដែលត្រូវបានថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ មានទំនុកចិត្តផ្តល់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងសូមឱ្យលោកខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សមត្ថភាព ដឹកនាំកម្លាំងចូលរួមការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ពិសេសរក្សាអនុវត្តឲ្យបាននូវ “ភូមិ ឃុំមានសុវត្តិភាព” ជូនប្រជាពលរដ្ឋទូទាំងខេត្ត។

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ចំពោះការតាំងចិត្ត ឬការប្តេជាចិត្តដោយលោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តទើបប្រកាសតែងតាំងមុខតំណែងថ្មីនាពេលនេះ សង្ឃឹមថាលោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា នឹងអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់ ចំពោះការរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងពីថ្នាក់លើដល់ថ្នាក់ក្រោម និងតាំងខ្លួនជាអាណាព្យាបាលដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន និងរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គម ក្នុងនាមជាមន្ត្រីអនុវត្តន៍ច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ