ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ បានចេញពីមន្ទីរពេទ្យហើយក្រោយព្យាបាលជាសះស្បើយ

1 ខែ មុន 54 តូ សុផល

ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានពិនិត្យព្យាបាលយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បុរសជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ បានជាសះស្បើយនិងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោយពីការធ្វើតេស្ដ លើកទី៣ បង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណា ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្រាប់ក្រុមគ្រួសាររបស់បុរសជនជាតិចិនរូបនេះ ៣នាក់ផ្សេងទៀត ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញជួបជុំគ្រួសារ ក្រោយពីពួកគេត្រូវបានតាមដាន ពុំមានឃើញរោគសញ្ញាវីរុសកូរ៉ូណា។

កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២០ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង និងឯ.ឧ សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំខេត្តព្រះសីហនុ, តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងស្ថានទូតចិននៅកម្ពុជា បានអញ្ជើញចុះពិនិត្យផ្ទាល់ពីស្ថានភាពបុរសជនជាតិចិន នៅខេត្តព្រះសីហនុ មុនអនុញ្ញាតឲ្យគាត់ចាកចេញពីមន្ទីរពេទ្យ។

សូមបញ្ជាក់ថាជនជាតិចិនដែលកន្លងមកបានរកឃើញថាឆ្លងវិរុសកូរ៉ូណានៅលើទឹកដីក្រុងព្រះសីហនុ មានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ ។គាត់បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងបានដាក់ឱ្យសម្រាកព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ