ព្រឹតិ្តការណ៍ថ្មីៗ

ទណ្ឌិតចំនួន ៣៣នាក់ ត្រូវបានពន្ធនាគារខេត្តកណ្តាល ស្នើសុំបន្ធូបន្ថយ និងលើកលែងទោស

2 ខែ មុន 24 tnn_admin

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតរយៈពេលជាប់ឃុំក្នុងពន្ធនាគារ បានបញ្ចាក់នៅក្នុង កិច្ចប្រជុំបន្ធូបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជាឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នេះថា ក្នុង១ឆ្នាំ រាជរដ្ឋាភិបាលបានសំរេចឲ្យមានការ ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសចំនួន ៣ដង គឺក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងព្រះរាជពិធីបុណ្យតាំងតុ។

ឯកឧត្តមបន្តថា ការទទួលស្គាល់ទោសកំហុសរបស់ទណ្ឌិតមានការតាំងចិត្តកែប្រែខ្លួនដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ គោរពបានខ្ជាប់ខ្ជួននូវបទបញ្ជារបស់ពន្ធនាគារ សកម្មក្នុងការងារពលកម្ម និងខិតខំការរៀនសូត្រជំនាញវិជ្ជាជីវៈ គឺជារឿងសំខាន់ណាស់ ពិសេសចំពោះទណ្ឌិតដែលបានស្នើសុំការបន្ធូបន្ថយទោស និងលើកលែងទោស ដើម្បីបានរស់នៅប្រកបដោយសេចក្តីសុខជាមួយអ្នកនៅក្នុងសង្គមទាំងមូលនៅពេលចេញក្រៅឃុំ។ ឯកឧត្តមបានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់។ ចំពោះទណ្ឌិតដែលអាចស្នើសុំការលើកលែងទោសបានលុះត្រាតែបានទទួលរងទោស ២ភាគ៣ នៃទោសដាក់ពន្ធនាគារមានការកំណត់ របស់ខ្លួន ឬ១៥ឆ្នាំ ចំពោះទោសដាក់ពន្ធនាគារមួយជីវិត។ ហើយចំពោះទណ្ឌិតទាំងឡាយណាដែលអាចសុំបន្ទូរបន្ថយទោសបានលុះត្រាតែទណ្ឌិតនោះបានទទួលទោសចំនួន ១ភាគ៣ នៃទោសដាក់ពន្ធនាគារមានកាលកំណត់របស់ខ្លួន ឬបានទទួលរងទោស ៧ ឆ្នាំចំពោះទោសដាក់ពន្ធនាគារមួយជីវិត។ ឯកឧត្តមបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ ទោសផលិត និងជួញដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង ទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។

សូមជម្រាបថា តាមរបាយការណ៍របស់ លោកឧត្តមអគ្គានុរក្ស ចាត សុីនាង ប្រធានពន្ធនាគារ បានឲ្យដឹងថា អង្គភាពពន្ធនាគារខេត្តកណ្ដាលបានលើកយកទណ្ឌិតចំនួន ៣៣ នាក់ស្រី ២នាក់ មកដាក់ជូន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតរយៈពេលជាប់ឃុំក្នុងពន្ធនាគារ ធ្វើការពិភាក្សា និងសម្រេច ដែលជាលទ្ធផលទណ្ឌិតដែលបានស្នើសុំបន្ធូបន្ថយ និងលើកលែងទោសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររួមមាន÷ ទណ្ឌិតដែលស្នើសុំបន្ធូបន្ថយទោសរយៈពេល ៦ ខែមានចំនួន ៨ នាក់ជាលទ្ធផលសម្រេចអោយ ៧ នាក់ ទណ្ឌិតដែលបានស្នើសុំបន្ធូបន្ថយទោសរយៈពេល ៩ ខែមានចំនួន ៣នាក់ ជាលទ្ធផលសម្រេចឲ្យបានទាំង ៣នាក់ ទណ្ឌិតស្នើសុំបន្ទូបន្ថយទោសរយៈពេល ១២ខែមាន ៤ នាក់ សម្រេចឲ្យ ៣នាក់ និងទណ្ឌិតដែលស្នើសុំលើកលែងទោសចំនួន ៣ នាក់សម្រេចឲ្យ ២នាក់។ ដោយឡែកទណ្ឌិតដែលសុំបន្ធូបន្ថយទោស និងលើកលែងទោសក្នុងពិធីបុណ្យពិសាខបូជារួមមាន÷ ទណ្ឌិតស្នើសុំបន្ធូបន្ថយទោសរយៈពេល ៦ខែ មានចំនួន ៧ នាក់សម្រេចឲ្យ ៥នាក់ ទណ្ឌិតដែលសុំបន្ធូរបន្ថយទោសរយៈពេល ៩ ខែគ្មាន ទណ្ឌិតដែលសុំបន្ធូរបន្ថយទោសរយៈពេល ១២ខែ មាន ៧នាក់ សម្រេចឲ្យ ១នាក់ និងសុំលើកលែងទោស ១នាក់ ត្រូវបានសម្រេចយល់ព្រមលែកលែងឲ្យផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ