ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋទីទាល់ក្រ ៥០គ្រួសារ ទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ

2 ខែ មុន 15 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣រោច​ ខែបុស្ស​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ២២​ ខែ មករា ឆ្នាំ ២០២០នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា២៥គ្រួសារ ស្រ្តីមេម៉ាយ៥គ្រួសារ​ ជនពិការ៥គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៥គ្រួសារ​ សរុបចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ទឹកថ្លា ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់​ ព្រមទាំងបានគូសបញ្ជាក់ថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ៣០គីឡូក្រាម ទឹកសុទ្ធ១កេស និងថវិកាចំនួន៤មុឺនរៀល ។

បន្ទាប់មកក្រុមការងារអនុសាខា​ បានបន្តដំណេីរចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌មកផ្តល់ជូនគ្រួសារកុមារពិការភ្នែកដែលមានបងប្អូន៣នាក់​ រស់នៅភូមិត្រពាំងរាំងថ្មី​ សង្កាត់ឃ្មួញ​ ទទួលបាន៖​ អង្ករ៩០គីឡូក្រាម​ ទឹកផ្លែឈើ៣កេស​ ទឹកសុទ្ធ៣កេស​ មី៣កេស​ ត្រីខ៣យួរ​ ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ​ ស្ករស៣គីឡូក្រាម​ ថវិកាចំនួន៥២ម៉ឺនរៀល​ ព្រមទាំងកុមារីជួបការលំបាក១គ្រួសារ នៅភូមិក្រាំងអង្ក្រង២​ សង្កាត់ក្រាំងធ្នង់ ទទួលបាន​៖​ អង្ករ៣០គីឡូក្រាម មី២កេស​ ទឹកសុទ្ធ១កេស ត្រីខ១យួរ​ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ​ សម្លៀកបំពាក់២កំប្លេរ​ សម្ភារៈសិក្សា១សម្រាប់​ កង់១គ្រឿង​ និងថវិកាចំនួន២៦ម៉ឺនរៀល​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ