ព្រឹតិ្តការណ៍ថ្មីៗ

ការងារអប់រំ គឺមិនអាចកាត់ផ្ដាច់ពីភាពប្រទាក់ក្រឡាគ្នា លក្ខណៈជាប្រព័ន្ធនៃមជ្ឈដ្ឋានទាំងបី គឺសាលារៀន គ្រួសារ និងសង្គមបានឡើយ

2 ខែ មុន 19 tnn_admin

ខេត្តកំពត៖ អភិបាលរងខេត្តកំពតលោកភូ លិ បានលើកបញ្ជាក់ថា : ជាការពិតណាស់ការអប់រំទាមទារនូវការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ និងគ្រប់ជ្រុងជ្រោយ មិនអាចខ្វះធាតុចូលរួមណាមួយបានឡើយ ដោយមិនអាចពឹងផ្អែកតែលើវិស័យអប់រំមួយផ្នែកបានទេ គឺមានន័យថា “សាលារៀនជារបស់សហគមន៍ ហើយសហគមន៍ដើម្បីសាលារៀន” ។ នេះជាការលើកឡើង របស់លោក ភូ លិ តំណាង​ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត នៅក្នុងឱកាស នៃការបើកអង្គសន្និបាតបូកសរុប និងវាយតម្លៃ លទ្ធផលការងារអប់រំយុវជន និងកីឡាខេត្ត ដំណាច់ឆ្នាំសិក្សា ២០១៨-២០១៩ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៩-២០២០​នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត​ កាលពីព្រឹកថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២០។

លោកអភិបាលរងខេត្តបានបន្តទៀតថា ក្នុងន័យខាងលើនេះ គឺការអប់រំ យើងមិនអាចកាត់ផ្ដាច់បាននឹងមានភាពប្រទាក់ក្រឡាគ្នា មានលក្ខណៈជាប្រព័ន្ធនៃមជ្ឈដ្ឋានអប់រំទាំងបី រួមមាន សាលារៀន គ្រួសារ និងសង្គម បើមិនដូច្នោះទេពិតជា មិនអាចទទួលបាននូវសមិទ្ធផលល្អ សមតាមគោលបំណង គោលដៅរបស់យើងដែលបានគ្រោងទុកនោះឡើយ ពោលគឺតម្រូវឲ្យសាលារៀនមានកិច្ចសហការជិតស្និទ្ធជាមួយគ្រួសារ និងសហគមន៍ ឬសាលារៀនត្រូវផ្សារភ្ជាប់ជាមួយគ្រួសារ និងសង្គម។

លោកអភិបាលរងខេត្តក៏បានស្នើដល់អង្គសន្និបាតដែលមានរយៈពេលពីរថ្ងៃនេះ រួមគ្នារកឲ្យឃើញនូវមេរៀនបទពិសោធន៍ថ្មីៗ បញ្ហាប្រឈមនានា ដំណោះស្រាយបែបវិជ្ជមាន វិធីសាស្រ្តដោះស្រាយល្អៗ ជាគន្លឹះបន្ថែមទៀត និងប្រមូលផ្ដុំ គ្រប់ធាតុចូលទាំងឡាយ ព្រមទាំងចំណុចសេសសល់ដើម្បីកែលម្អ កសាង និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តដោយដាក់ចេញ ជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ ដើម្បីរួមចំណែកក្នុងការអនុវត្ត ឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣ និងកំណែទម្រង់វិស័យអប់រំ ជាពិសេសផ្ដោតការយកចិត្តទុកដាក់លើប្រធានបទពាក់ព័ន្ធទៅនឹង អនុវិស័យទាំង ៦ នៅថ្នាក់ក្រោមជាតិ សំដៅពង្រឹងគុណភាពអប់រំឲ្យមានកំណើនឡើងមួយកម្រិត បន្ថែមទៀត។

ក្នុងឱកាសនោះ យោងតាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត គឺលោក តាក ហាប ឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០១៩-២០២០ នេះខេត្តកំពតមានមត្តេយ្យសិក្សាសាធារណៈចំនួន២០០កន្លែងមានកុមារចូលសិក្សាសរុបចំនួន ៧៦៧៩នាក់។ មានសាលាបឋមសិក្សាសាធារណៈចំនួន ៣១១ សាលា មានសាលាសម្ព័ន្ធចំនួន២សាលា មានសិស្សសរុបចំនួន ៧៦.៨១៤នាក់ សាលាគ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួន១០០សាលា ក្នុងនោះ អនុវិទ្យាល័យចំនួន ៧៦ មានសិស្សសរុប ១៧.៣០៨នាក់ វិទ្យាល័យចំនួន ២៤ មានសិស្សសរុបចំនួន២៣.៦៨២នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ