ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការ កងទ័ពជើងគោកសិង្ហបុរី

5 ខែ មុន 22 tnn_admin

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃចន្ទ ១១ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការ កងទ័ពជើងគោកសិង្ហបុរី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ រយៈ ០៤ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ ដែលអាចចាត់ទុកថា ជានិមិត្តរូបនៃការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនេះ ថែ្លងអំណរគុណចំពោះកងទ័ពសិង្ហបុរី ដែលកន្លងមកតែងបានជួយបណ្តុះបណ្តាលនាយទាហានវ័យក្មេងកម្ពុជា និងបានសំណូមពរឱ្យសិង្ហបុរីបន្តផ្តល់ការគាំទ្របន្ថែមទៀតលើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ GOH SI HOU បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានបង្ហាញភាពរីករាយចំពោះការបានទៅទស្សនាប្រាង្គប្រាសាទនានានៅក្នុងខេត្តសៀមរាប ព្រមទាំងបានកត់សម្គាល់អំពីការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញ ក្នុងបរិយាសកាសប្រកបដោយសុខសន្តិភាព។ ឧត្តមសេនីយ៍ទោ GOH SI HOU ក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ និងដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកនាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ នៃកងទ័ពរបស់ប្រទេសទាំងពីរ ដោយនឹងបន្តជំរុញអនុវត្តការងារដែលបានពិភាក្សា និងឯកភាពព្រមព្រៀងគ្នាកន្លងមកឱ្យទទួលបានលទ្ធផលល្អប្រសើរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ