ព្រឹតិ្តការណ៍ថ្មីៗ

បន្ទោសអ្នកណា?

4 ខែ មុន 94 tnn_admin

“បន្ទោសអ្នកណា?”(កាកគតិ)

១.យុវជនយុវតី ទាំងប្រុសទាំងស្រី បែរវក់វឹកវរ
អំពេីអាក្រក់ ឈ្លក់យល់ថាល្អ ខ្មៅយល់ថាស
កករថាថ្លា។

២.”មិនគិតរៀនសូត្រ រាបសារស្លូតបូត នាំគ្នាជក់ម៉ា
គេចបាត់ពីផ្ទះ សប្បាយក្លឹបបារ ភ្លេចផ្ទះគ្រួសារ
វង្វេងអស់ហេីយ។

៣.មន្ត្រីក្រសួង អស់លោកទាំងពួង ល្មមឈប់កន្តេីយ
ល្មមភ្ញាក់ឡេីងក្រោក កុំឈ្ងោកព្រងេីយ នាំវក់អស់ហេីយ
យុវជនកូនខ្មែរ។

៤.គ្រូខំអប់រំ ងាកមកសង្គម ពង្វក់ប៉ោឡែ
គ្រប់ខេត្តឃុំស្រុក ក្រុងចម្ការស្រែ អនិច្ចាម្ល៉េះទេ
បន្ទោសអ្នកណា។

៥.បក្សពួកឃុបឃិត រួមផ្សំគំនិត គិតតែដុល្លា
ខ្លាចអស់តំណែង លែងបានកាន់ការ មិនខ្វល់អ្នកណា
រស់ឬក៏ស្លាប់។

៦.អសន្តិសុខ គ្រប់ក្រុងខេត្តស្រុក ជនល្មេីសខុសច្បាប់
ចោរលួចឆក់ប្លន់ ក្មេងទំនេីងស្រាប់ ឈ្លោះប្រហារកាប់
ឥតខ្លាចនរណា។

៧.ចុះជំនាន់ក្រោយ ពេលកេីតមកហេីយ ទទួលបញ្ហា
សង្គមច្របល់ សិស្សគេចសាលា ខ្លះលួចជក់ម៉ា
ទាំងមិនដឹងអី។

៨.បន្ទោសអ្នកណា បន្ទោសរដ្ឋា ឬញាតិប្រុសស្រី
លោកជាពុកម្តាយ ជិតឆ្ងាយគប្បី តាមដានរាល់ថ្ងៃ
ក្រែងធ្លោយខកការ។

៩.កុំអាងប៉ុណ្ណេះ កុំអាងតែលេស យករួចដោះសារ
រវល់រកស៊ី រវល់ធ្វេីការ កូនចៅបញ្ហា
តាំងចោទដាក់គ្នា។

១០.ចៅស្មេរវ័យក្មេង ចាប់ចងក្រងតែង ថ្លាថ្លែងពណ៌នា
ក្រែងឆ្គងកំហុស ខុសពាក្យឃ្លោងឃ្លា កុំផ្ចាញ់និន្ទា
ពេបជ្រាយដៀលស្តី។

១១.មិនចេះតែតែង ចេះតែបំប្លែង ប្រឹងថ្លែងបំភ្លៃ
ញាតិមិត្រឃេីញជាក់ ច្បាស់ណាស់សព្វថ្ងៃ បង្កទុក្ខភ័យ
គ្មានលស់ថ្ងៃណា។

១២.ណ្ហេីយ!កាព្យខ្លី ខ្ញុំបាទរង្សី ច្នៃន័យខ្លឹមសារ
គោរពសូមលា មីងមាយាយតា ជួបគ្នាទៀតណា
អក្ខរាកាព្យថ្មី។

១៣.អរគុណបន្ត បានជួយគាំទ្រ រាល់គ្រប់ស្នាដៃ
កំណាព្យកាព្យខ្មែរ ដែលខ្ញុំក្រងច្នៃ តាក់តែងលកលៃ
ច្នៃជូនញាតិមិត្រ។

ចប់

និពន្ធ​ដោយ: ចៅស្មេរកំណាព្យខ្មែរ
ដួង អរុណ រង្សី (១៩.មករា.២០២០) រាជធានីភ្នំពេញ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ