ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត÷ យើងមានសុខសន្តិភាពដូចសព្វថ្ងៃ បានធ្វើឲ្យកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋរស់នៅជួបជុំគ្រួសារ

2 ខែ មុន 26 tnn_admin

កំពង់ស្ពឺ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនសម្តេចតេជោ (TYDA)បានមានប្រសាសន៍ថា យើងមានសុខសន្តិភាពដូចសព្វថ្ងៃបានធ្វើឲ្យកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋរស់នៅជួបជុំគ្រួសារ ខុសពីអតីតកាលដែលយើងមិនបានរស់នៅជួបជុំគ្នា។ លោកស្រីបញ្ជាក់ថា ថ្នាក់ដឹកនាំគឺសម្តេចតេជោ ហ៊ុន សែន បានខិតខំស្វែងរកសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋមកដល់សព្វថ្ងៃនេះ។ ដូច្នេះ មនុស្សជំនាន់ក្រោយត្រូវអរគុណសន្តិភាព និងអ្នកស្វែងរកសន្តិភាព ហើយត្រូវថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកស្រីបានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះធ្វើសកម្មភាពមនុស្សធម៌ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្ត្រីរាជការ អជ្ញាធរ កម្លាំងស្ម័គ្រចិត្ត យុវជន និងប្រជាពលរដ្ឋជាង៣ពាន់នាក់។

លោកស្រី បានឲ្យដឹងថា សមាគមTYDAបង្កើតឡើងតាំងពីឆ្នាំ២០១២ ក្រោមគំនិតផ្តើម និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ឲ្យលោក ហ៊ុន ម៉ាណែត និងលោកស្រីផ្ទាល់ដឹកនាំសមាគម TYDA ដោយសហការជាមួយក្រសួងសុខាភិបាល និងផ្នែកដែលពាក់ព័ន្ធដើម្បីចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។

កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលបានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ បានបង្ហាញអារម្មណ៍រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោកស្រី ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត និងសប្បុរសជន ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលតែងតែគិតគូរដល់ពួកគាត់ជានិច្ច។

សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានពិនិត្យ និងព្យាបាលកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋបានចំនួន៤០១៥ករណី។ នេះជាលើកទី៦ហើយដែលសមាគមTYDAបានធើ្វការពិនិត្យ និងព្យាបាលសុខភាពជូនកងទ័ពគ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសុខភាពទៅគៀក នឹងប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ