ព្រឹតិ្តការណ៍ថ្មីៗ

អសន្តិសុខមែន! រថយន្តទំនើប និង ម៉ូតូ ជាច្រើនគ្រឿង ត្រូវលោកចោរលួច ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ!

5 ខែ មុន 185 តូ សុផល

ភ្នំពេញ ៖ លោកចោរកាន់តែឌឺ លោកអធិការខណ្ឌពោធិសែនជ័យទើបកាន់តំណែងថ្មី ហើយ  បទល្មើសលួចក៏លួច ប្លន់ក៏ប្លន់ បទល្មើសមិនស្វាងសោះនៅក្នុងខណ្ឌពោធិសែនជ័យ  ខណៈដែលផ្អើលរឿងចោរបន្លំលួចរថយន្ត ឡិចស៊ីស នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ២ អ្នកសារព័ត៌មាន ចុះទៅយកព័ត៌មាន តែជនរងគ្រោះត្រូវបាន សមត្ថកិច្ចពង្វាងហៅនាំជនរងគ្រោះទៅសាកសួរ ទទួលបណ្តឹងនៅអធិការដ្ឋានខណ្ឌវិញ ចំណែកនៅប៉ុស្តិ៍ចោមចៅ២ ឯណេះ វិញ ប្រទះជួបតែជនរងគ្រោះ ចោរលួចម៉ូតូ ទៅបាត់ នៅមុខរោងចក្រអូរលីវ ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ខណៈដែលក្នុងខណ្ឌពោធិ៍សែនជ័យ គិតក្នុងរយៈពេលជាង២ម៉ោងសោះ ចោរលួចម៉ូតូចំនួន៣គ្រឿង ទៅបាត់ដោយសុវត្តិភាព ។

ម៉ូតូដែលចោរលួចបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-3677 មានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ថោង រដ្ឋា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ លក់បាយម្ហូបនៅមុខរោងចក្រខាងលើ មានទីលំនៅភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ជីវភាពក្នុងគ្រួសាររាល់ថ្ងៃកំពុងតែអត់ ខ្សត់ផង ដោយរបរលក់បាយមុខរោងចក្រ ហើយនៅវេលាម៉ោងខាងលើ ខណៈដេលកំពុងរវល់លក់បាយ ស្រាប់តែលោកចោរ លួចកាច់សោកម៉ូតូ ដែលចតទុកក្រោយខ្នងទៅបាត់ ។

មូតូមួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CT-2247 មានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ស៊ន ណាវី ភេទស្រី មុខរបរ មេផ្ទះ មានប្តីជាជាងដែក មានទីលំនៅភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះបាប់ប្រាប់ថា ចោរលួចគ្រាដែលគាត់ និងគ្រួសារ កំពុងសម្រាកនៅក្នុងផ្ទះ ចោរលួចម៉ូតូចេញពីមុខផ្ទះទៅបាត់ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃដដែលនេះ ។

រីឯម៉ូតូ មួយគ្រឿងទៀតចោរលួចទៅបាត់ដែរ ម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1G-3667 ត្រូវបានចោរលួចនៅសង្កាត់ចោមចៅ៣ ។

ដោយឡែក មានករណី ចោរលួច រថយន្ត Lexus  NX 200T ពណ៍ស ផ្លាក លេខ ភ្នំពេញ 2AY – 6695 កាលពីវេលាម៉ោង ១១ និង ០០ ថ្ងៃត្រង់ ថ្ងៃទី ១៧ មករា ២០២០  ទីតាំងបាត់នៅផ្ទះ ក្នុង សង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះក្រោយពីដឹងថាបាត់ម៉ូតូហើយ ធ្វើដំណើរទៅប៉ុស្តិ៍ប៉ូលិស ដើម្បីដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវ តាមចាប់ចោរលួចខាងលើ រៀងខ្លួន ។

រឿងហួសចិត្ត មួយទៀត  បុរសម្នាក់បន្ទាប់ពីជួបជុំមិត្តភ័ក្រហូបចុក ផឹកស៊ី នៅផ្ទះជួលហើយ ជិះម៉ូតូគោលបំណងឆ្ពោះទៅផ្ទះមិត្តស្រីត្រូវបានជនសង្ស័យ ធាក់ផ្តួលដណ្តើមយកម៉ូតូទៅបាត់ អស់ទាំងកាបូបលុយ ឯកសារម៉ូតូ អត្តសញ្ញាណប័ណ្ណ ដេកដួលសន្លប់  តាមចិញ្ចើមផ្លូវ  (ស្នាមជាំលើដងខ្លួន)  តាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១ តាកន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា នេះ ទើបពលរដ្ឋប្រទះឃើញ ដេកដួលលើចិញ្ចើមផ្លូវ ដាស់សាកសួរ ទើបដឹងថា គេប្រតាយប្រតប់យកម៉ូតូ កាបូបលុយបាត់អស់ ផ្អើលឆោឡោរ រាយការណ៍ទៅសមត្ថកិច្ច រាប់ម៉ោង ទើបឃើញចុះទៅពិនិត្យមើល ហើយប្រាប់ជនរងគ្រោះថា ទៅផ្ទះសិនទៅ ស្រួលខ្លួនពេលណាចាំមកដាក់ពាក្យបណ្តឹង ។

ពលរដ្ឋសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយឃើញ ភាពអសន្តិសុខ លួច ឆក់ ប្លន់ ផ្ទុយពីគោលនយោបាយ ទាំង៩ចំណុច ។

ពលរដ្ឋស្នើ ឯកឧត្តម ស ថេត ស្នងការក្រុងភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ មេត្តាគិតគូរពី សុវត្ថិភាព និង ក្តីសុខ ពលរដ្ឋក្នុងមូលដ្ឋានផង ព្រោះបទល្មើសកើតមានញ៉ឹកញាប់ពេក។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ