ព្រឹតិ្តការណ៍ថ្មីៗ

ប្លែកៗ ទៀតហើយ! អស់ Scopy 2019 មួយគ្រឿង ក្រោកពីសន្លប់ ប៉ូលិស ដេញអោយទៅផ្ទះ ស្រួលខ្លួនហើយ ចាំមកដាក់ពាក្យបណ្តឹង!

2 ខែ មុន 368 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីជួបជុំមិត្តភ័ក្រហូបចុក ផឹកសុី នៅផ្ទះជួលហើយ ជិះម៉ូតូគោលបំណងឆ្ពោះទៅផ្ទះមិត្តស្រីត្រូវបានជនសង្ស័ធាក់ផ្តួលដណ្តើមយកម៉ូតូទៅបាត់ អស់ទាំងកាបូបលុយ ឯកសារម៉ូតូ អត្តសញ្ញាណប័ណ្ណ ដេកដួលសន្លប់  តាមចិញ្ចើមផ្លូវ  (ស្នាមជាំលើដងខ្លួន)  តាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១ តាកន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា នេះ ទើបពលរដ្ឋប្រទះឃើញ ដេកដួលលើចិញ្ចើមផ្លូវ ដាស់សាកសួរ ទើបដឹងថា គេប្រតាយប្រតប់យកម៉ូតូ កាបូបលុយបាត់អស់ ផ្អើលឆោឡោរ រាយការណ៍ទៅសមត្ថកិច្ច រាប់ម៉ោង ទើបឃើញចុះទៅពិនិត្យមើល ហើយប្រាប់ជនរងគ្រោះថា ទៅផ្ទះសិនទៅ ស្រួលខ្លួនពេលណាចាំមកដាក់ពាក្យបណ្តឹង ។

តាមការសាកសួរ បុរសរងគ្រោះមានឈ្មោះ យឹម វិទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ក្រុងព្រៃវែង ខេត្តព្រៃវែង ជនរងគ្រោះក្នុងសភាពរបួស ឆ្អឹងជំនី ក្រោមក្លៀកឆ្វេង របួសដៃជើង។

តាមបុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី១៧ ខែមករា ខ្លួនជួបជុំមិត្តភ័ក្រផឹកសុី លុះដល់វេលាម៉ោង១១យប់ ថ្ងៃដដែល ជិះម៉ូតូស្កុបពី ពណ៌ស សេរី២០១៩ មិនចាំស្លាកលេខ គោលបំណងជិះឆ្ពោះទៅផ្ទះិត្តស្រី នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជិះតាមផ្លូវបេតុង ភូមិព្រៃទា ចេញមកដល់ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ មានជនមួយក្រុមជិះម៉ូតូ មកធាក់ បណ្តាលឲ្យដួល ហើយដណ្តើមយកម៉ូតូ កាបូបលុយ ហើយគេចទៅបាត់ ដោយឈឺខ្លួនពេក ម្យ៉ាងស្រវឹងស្រើងៗផង ដេកដួល ចិញ្ចើមផ្លូវ ចំកន្លែងស្ងាត់ លង់លក់ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ដឹងខ្លួន ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ឃើញបុរសរងគ្រោះ ដេកចិញ្ចើមផ្លូវ មិនងើបសោះ មិនហ៊ានទៅដាស់ ស្មានតែមនុស្សអនាថា ដើរដេកតាមផ្លូវ រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទៅដាស់ ទើបដឹងថា មានអ្នកយកម៉ូតូរបស់គាត់ ផ្អើលឆោឡោរ ។

ក្រោយពីប្រទះឃើញ ជនរងគ្រោះ ប្រជាពលរដ្ឋ ជួយ នាំមកអង្គុយ មុខផ្ទះ ឲ្យហូបទឹក ទឹកក្រូច លុបលាងមុខ ដើម្បីឲ្យស្វាង រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលសាកសួរជាក់ស្តែង តែជនរងគ្រោះក្នុងសភាពគ្រាំ ឈឺចុកចាប់  ទើបសមត្ថកិច្ច ប្រាប់ឲ្យទៅផ្ទះ ទៅពេទ្យសិន រងចាំឲ្យស្រួលខ្លួន ចាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ៕

គួររំលឹកផងដែរថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា មួយរយ:ចុងក្រោយនេះ គឺគ្មានករណីដែលប្រជាពលរដ្ឋទៅប្តឹងដល់ប៉ុស្តិ៍ ហើយសមត្ថកិច្ច មិនទទួលពាក្យបណ្តឹង នោះទេ។

លោក ស ថេត ស្នងការនគរបាលរាជធានី ភ្នំពេញ ធ្លាប់ណែនាំឲ្យប្រជាពលរដ្ឋ ផ្ញើសារតាមទំព័រហ្វេសប៊ុករបស់លោក ឬទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើមានប៉ុស្តិ៍ណា មិនទទួពាក្យបណ្តឹង៕
TNN និងផ្សាយលម្អិត ប្រសិនបើមានការពន្យល់បកស្រាយពី សមត្ថកិច្ច និង សាម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់ក្តីសង្ស័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ