ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ៤នាក់ ករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ម្នាក់ទៀតកំពុងគេចខ្លួន!

5 ខែ មុន 35 tnn_admin

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃ សុក្រ៨រោចខែបុស្ស ឆ្នាំ កុរឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង៣០នាទី នៅចំណុច ភូមិពោធិ៍តាប៉ាងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ
ទី១ ឈ្មោះ អ៊ុក ឌឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ជួញដូរ)។
ទី២ ឈ្មោះទិត្យ បូទី ហៅ ទុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ប្រើប្រាស់) ។
ទី៣ ឈ្មោះ ម៉ម វីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ប្រើប្រាស់) ។ អ្នកទាំងបីមានទីលំនៅបច្ចុប្បន្នភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
ទី៤ ឈ្មោះ ចំរើន សុខធាហៅឆុងភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ -ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់)។
ទី៥ ឈ្មោះទិត្យ រិទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) (គេចខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៨កញ្ចប់តូច និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។

ប្រភពប្រាប់ថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល បានចុះដល់ចំណុចកើតហេតុ ។ ដោយមានបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ទោ លន ចាន់ថា ជាអធិការ (ស្តីទី) និងមានការចូលរួមពីលោកមេភូមិពោធិ៍តាប៉ាង , កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះឈ្មោះទិត្យ រិទ្ធី រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៨កញ្ចប់តូច និងសំភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ដែលស្ថិតនៅផ្ទះរបស់ឈ្មោះទិត្យ រិទ្ធី ចំណែកឈ្មោះទិត្យ រិទ្ធីបានគេចខ្លួន។ បន្ទាប់មកយើងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងខាងលើមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អ៊ុក ឌឿន បានសារភាពថា ឈ្មោះ ទិត្យ រិទ្ធី បានអោយខ្លួនយកគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច តម្លៃ ១៥,០០០៛ ទៅលក់អោយគេមិនស្គាល់ឈ្មោះនៅមុខផ្ទះទិត្យ រិទ្ធី។ ខ្លួន(អ៊ុក ឌឿន) ធ្លាប់កាន់លក់គ្រឿងញៀនឲ្យឈ្មោះទិត្យ រិទ្ធី បានចំនួន ៣លើកមកហើយ ។

ចំណែកឈ្មោះទិត្យ បូទី (ប្អូនទិត្យ រិទ្ធី) ឈ្មោះ ម៉ម វីត និងឈ្មោះ ចំរើន សុខធា បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ