ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរ! ខណ្ឌដូនពេញ ទទួលជ័យលាភី ទីក្រុងទេសចរណ៍ស្អាត អាស៊ាន

5 ខែ មុន 50 tnn_admin

ភ្នំពេញ៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់ ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធី​ចែក​ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នាឱកាស​​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសព្រុយណេ។

រដ្ឋមន្រ្តីទេសចរណ៍​អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ ចំនួន ២១ នៅក្នុងតំបន់។

ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍​អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ក៏ដូចជាជម្រុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឲ្យ​អនុវត្តជា​ផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ​២០១៥។ គណៈកម្មាធិការជាតិ​វាយ​តម្លៃ​ទីក្រុងស្អាតបាននឹងកំពុងជម្រុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំង​នៅកម្រិត​ថ្នាក់ជាតិ និងកម្រិត​តំបន់​អាស៊ាន សំដៅចូលរួមដល់ការជម្រុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។

នេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ