ព្រឹតិ្តការណ៍ថ្មីៗ

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង គឹមឡាក់ ដោះលែងជនជាតិចិន ២នាក់ ដែលពាក់ព័ន្ធរឿងបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ទាំងយប់ ក្រោយរកកំហុសលែងឃើញ

5 ខែ មុន 26 tnn_admin

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ បង្ខាំង ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ម្សិលមិញនោះ ឥឡូវនេះ ក្រុមជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ត្រូវគេរាយការណ៍ថា បានរួចខ្លួនវិញហើយ។

ប្រភពព័ត៌មានពី សមត្ថកិច្ចដែលខំតាមចាប់ខ្លួនក្រុមជនសង្ស័យ បានបង្ហើបថា លោក សេង គឹមឡាក់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងសម្រេចដោះលែង បុរសជាជនជាតិចិនទាំង ២នាក់ នៅវេលាម៉ោងប្រមាណជិត ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ម្សិលមិញ។

ទោះជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការដោះលែងក្រុមជនសង្ស័យទេ ដោយគ្រាន់តែលើកឡើងថា អាចមកពីតំណាងអយ្យការរកកំហុសរបស់ក្រុមជនសង្ស័យមិនឃើញដូចអ្វីដែលនគរបាលយុត្តិធម៌ បានកសាងបញ្ជូនទៅ។

ជុំវិញករណីដោះលែងជនសង្ស័យជាជនជាតិចិន ២នាក់ ដែលពាក់ព័ន្ធសំណុំរឿងឧក្រិដ្ឋមួយនេះ អ្នកសារព័ត៌មាន នៅពុំអាចសុំការបញ្ជាក់ពី អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង បាននៅឡើយទេ ដោយសារតែ លោកពុំទាន់ឆ្លើយសំនួរបស់អ្នកសារព័ត៌មានដែលបានផ្ញើជូននៅក្នុងគ្រុប Telegram។

បើយើងតាមរបាយការណ៍របស់ សមត្ថកិច្ច ជនសង្ស័យដែលត្រូវបាន លោក សេង គឹមឡាក់ សម្រេចដោះលែង ទី១មានឈ្មោះ Hong Laing ភេទប្រុស ភេទ ៣២ឆ្នាំ ជនជាតិចិន និងទី២ឈ្មោះ Pan Xusheng ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។

គួររម្លឹកថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត ខណ្ឌ៧មករា បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ពាក់ព័ន្ធករណី ផ្តើមគំនិតក្នុងអំពើបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ និងបទ សមគំនិត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅចំណុច សណ្ឋាគារ សៅអាស៊ី វីយូ ផ្ទះលេខ ៥៣+៥៥ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ