ព្រឹតិ្តការណ៍ថ្មីៗ

សមាគមTYDA សហការជាមួយក្រសួងសុខាភិបាល ធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការព្យាបាលចំពោះអ្នកញៀនគ្រឿងញៀន នៅស្រុកខ្សាច់កណ្ដាល

1 សប្តាហ៍ មុន 19 តូ សុផល

ខេត្តកណ្តាល៖  សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) សហការជាមួយនាយកដ្ឋានអប់រំសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន

នៃក្រសួងសុខាភិបាល, ក្រុមការងារថ្នាក់កណ្តាលចុះជួយ ឃុំព្រែកតាមាក់ និងអជ្ញាធរ ភូមិឃុំ បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការព្យាបាលចំពោះអ្នកញៀនគ្រឿងញៀន ជូនដល់ប្រជាជន និងយុវជននៅក្នុងមូលដ្ឋានឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២០។ 

វេជ្ជបណ្ឌិត  ស៊ឹម សុខចាន់ ទទួលបន្ទុកដឹកនាំបេសកកម្មអប់រំសុខភាព សហគមន៍នៃសមាគមTYDA បានមានប្រសាសន៍ថា បេសកកម្មនៃកម្មវិធីអប់រំសុខភាពនៅតាមបណ្ដាសហគមន៍របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោប្រចាំឆ្នាំ២០២០ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់នូវការយល់ដឹងនិងបង្ការការប្រើប្រាស់គ្រឿងញៀន និងបង្កើនការយល់ដឹងនៃការថែទាំសុខភាពរស់នៅប្រចាំថ្ងៃផងដែរ។

ម្យ៉ាងទៀតថា ការអប់រំសុខភាពនេះ គឺដើម្បីទប់ស្កាត់នៃការប្រើប្រាស់គ្រឿងញៀន និងការរើសអើងនៃនៃអ្នកប្រើប្រាស់គ្រឿងញៀនព្រោះថាពួកគាត់គឺជាជនរងគ្រោះមិនមែនជាឧក្រិដ្ឋជននោះទេ ហើយត្រូវការព្យាបាល និងការលើកទឹកចិត្ត។ 

លោកបន្តថា យុទ្ធនាការនេះ ក៏មានការបែងចែកជាក្រុមតូចៗបន្ថែមទៀត ដើម្បីចុះផ្សព្វផ្សាយណែនាំនៅតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋផ្ទាល់ នៅក្នុងភូមិទាំង ១០ នៃឃុំព្រែកតាមាក់ បានចំនួន៦៦០ខ្នងផ្ទះ ព្រមទាំងបានចែកនូវឱសថព្យាបាល និងសម្ភារសិក្សាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់គ្រឿងញៀនដល់សហគមន៍ដែលងាយរងគ្រោះនៃគ្រឿងញៀនជាងរៀងរាល់ខែផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ