ព្រឹតិ្តការណ៍ថ្មីៗ

លោក គាំ សីហា ៖យើងទាំងអស់គ្នា ត្រូវចូលរួមដាំដើមឈើ និងថែរក្សា ឲ្យបានល្អ ដូចយើងស្រឡាញ់កូនចៅយើងដែរ

1 ខែ មុន 44 tnn_admin

ភ្នំពេញ ៖ យោងតាមការណែនាំ របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើរាធានីភ្នំពេញ បាននាំយកកូនដើមធ្នង់ និងដើមគគីរ ៨០ដើម ដាក់ដាំនៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដើម្បីចូលរួមអោយរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង ជាពិសេស អោយបរិវេណ មន្ទីរពេទ្យមានបរិស្ថាន ស្រស់ស្រាយ ដើម្បីបង្កើនបរិយាកាសល្អដល់អ្នកជំងឺ សម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធ ពីដើមឈើ ផងដែរ។

ក្នុងពិធីដាំកូនឈើនេះ ដោយមានការចូលរួមពី លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និង លោក ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញ បុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិ។

លោក គាំ សីហា បានអោយដឹងថា ការរួមគ្នាដាំដើមឈើនាពេលនេះក្នុងគោលបំណងសំខាន់ដើម្បីជួយថែរក្សាបរិស្ថាននៅជុំវិញមន្ទីរពេទ្យ នេះឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ពិសេសជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងបរិវេណមន្ទីពេទ្យ ក៏ដូចរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានសំណូមឲ្យ ប្រជាពលរដ្ឋគ្រប់រូបចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំរួចឲ្យលូតលាស់ល្អ ដើម្បីអោយបរិវេណមន្ទីរពេទ្យយើងមានសភាពបៃតងស្រស់បំព្រងរួមចំណែក រាជធានីភ្នំពេញ ជាគម្របបៃតង ផ្តល់ម្លប់ និងលើកសម្រស់របស់ទីក្រុងយើងផងដែរ ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមដាំដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អ អោយដូចយើងស្រឡាញ់កូនចៅយើងដែរ ហើយអ្នកបំផ្លាញដើមឈើវាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ។

លោកបន្តថា ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក ។ ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ ។

ជាមួយគ្នានេះ លោក ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យ ក៏បានអំពាវនាវដល់គ្រូពេទ្យ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវរួមគ្នាថែរក្សា ស្រោចទឹក ការពារដើមឈើដែលបានដាំនាពេលនេះ ព្រោះដើមឈើមានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់បរិស្ថាន និងមនុស្សជាតិ។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ ជារដ្ឋបាលសាធារណៈ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ