ព្រឹតិ្តការណ៍ថ្មីៗ

ចាប់យុវជនម្នាក់ ដាក់ឡាន បង្កការភ្ញាក់ផ្អើល និង មានការរិះគន់ខ្លាំងតាមបណ្តាញសង្គម លាតត្រដាងការពិតហើយ!

5 ខែ មុន 273 តូ សុផល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបកស្រាយករណីកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅចំណុចហ្គារ៉ាស់សាំងតូតាល់ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

ពាក់ព័ន្ធករណីខាងលើនេះ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី ដោយមានការដឹកនាំសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ក៤) បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចហ្គា រ៉ាស់សាំងតូតាល់ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងសារធាតុញៀនមួយចំនួន។

មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ភិន សុខា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន ប្រភេទទឹកកក កាលពីខែសីហា ឆ្នាំ២០១៩ គឺខ្លួនទិញគ្រឿងញៀនពីជនមិនស្គាល់ឈ្មោះ នៅឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ រួចយកទៅប្រើប្រាស់នៅក្នុងចំការអំពៅ។ ក្រោយមកខ្លួនបានមកនៅភ្នំពេញធ្វើជាកម្មកររោងចក្រឈ្មោះសាន់ចូវ សង្កាត់ស្ទឹងមានជ័យ ហើយបានស្គាល់ឈ្មោះ ប៊ុន ធឿន ភេទប្រុស។ លុះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានម៉ូយបានទូរស័ព្ទទៅឈ្មោះ ប៊ុន ធឿន កម្មង់ទិញថ្នាំញៀន ពេលនោះគាត់បានឲ្យខ្លួនដឹកទៅកន្លែងណាត់ជួប ដើម្បីយកថ្នាំញៀនទៅអោយម៉ូយហើយពេលទៅដល់កំពុងតែដោះដូរក៏ត្រូវសមត្ថកិច្ចឃាត់ពួកខ្លួន ប៉ុន្តែពេលនោះពួកខ្លួនបានតដៃជាមួយសមត្ថកិច្ចវិញដើម្បីរំដោះខ្លួន ហើយឆ្លៀតឱកាសនោះឈ្មោះ ប៊ុន ធឿន បានបោះចោលថ្នាំញៀនមួយកញ្ចប់ចោល រួចហើយជិះម៉ូតូគេចបាត់តែម្ដង ចំណែកខ្លួន ក៏ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងថ្នាំញៀនចំនួនមួយកញ្ចប់តូចនៅជាប់នឹងខ្លួនរួចនាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀនតែម្ដង។

វត្ថុតាងចាប់យក ៖

១- សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) សរុបទម្ងន់២១,៦២ (ម្ភៃមួយក្បៀស ហុកសិបពីរក្រាម) របស់ជនសង្ស័យឈ្មោះ ភិន សុខា និង ឈ្មោះ ប៊ុន ធឿន (រត់គេចខ្លួន) ។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត សកម្មភាព និងចម្លើយសារភាពរបស់ជនសង័្សយ រួមជាមួយវត្ថុតាងចាប់យកបាន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សន្និដ្ឋានបានថា ៖

១- ឈ្មោះ ភិន សុខា ភេទប្រុស គឺពិតជាបានប្រព្រឹត្តសកម្មភាពជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។

២- ឈ្មោះ ប៊ុន ធឿន ភេទប្រុស (រត់គេចខ្លួន) អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ ៖ សម្បុរខ្មៅស្រអែម កម្ពស់ប្រហែល១,៦៥ ម៉ែត្រ មុខស្រួច ភ្នែករាងតូច ទីលំនៅមិនពិតប្រាកដ នៅក្នុងរាជធានីភ្នំពេញ គឺបក្ខពួក និងជាអ្នកលក់សារធាតុញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះករណីខាងលើនេះ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនាមអង្គអនុវត្តច្បាប់ សូមបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យធ្វើឡើងដោយផ្អែកទៅតាមជំនាញស៊ើបអង្កេត នៅពេលឃើញមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងទើបយើងបង្ក្រាប  ស្របតាមនីតិវិធី និងច្បាប់ស្តីពីស្តីពីការត្រួតពិនិត្យគ្រឿងញៀន សូមសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ កុំមានការភាន់ច្រឡំចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច។ ហើយក៏សូមសំណូមពរដល់សាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចជំនាញយើង បង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ទាំងអស់គ្នានៅពេលឃើញសមត្ថកិច្ចយើងកំពុងបង្ក្រាបបទល្មើស ស្នើសុំពុំទាន់ផ្សាយព័ត៏មាន ទុកឲ្យសមត្ថកិច្ចយើងបន្តការស៊ើបអង្កេតសិន ដើម្បីឈានទៅចាប់មេក្លោង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ពីព្រោះគ្រប់ទាំងអស់នៃបទល្មើសគ្រឿងញៀន គឺមានរចនាសម្ព័ន្ធ។ ជាពិសេសសូមផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយក្រមសីលធម៌វិជ្ជាជិវៈ។

សូមបញ្ជាក់ថា បើមានព័ត៌មានពាក់ព័ន្ធនឹងករណីគ្រឿងញៀន សាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ អាចទំនាក់ទំនងមកលេខទូរស័ព្ទ ៖

១.ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន (០១២ ៥២៦ ៩១១)

២.លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន (០១១ ២៤៨ ៨៨៨)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ