ព្រឹតិ្តការណ៍ថ្មីៗ

អ្នកជំងឺ​ និងស្ត្រីទេីបសម្រាលកូន​-ស្ត្រីមានផ្ទៃពោះ​ចំនួន​ ១.១២៣នាក់​ និងបុគ្គលិក-កម្មករ​ ១.៦១៧នាក់​ នៅមន្ទីរពេទ្យកាល់ម៉ែត​ ទទួលអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​

7 ខែ មុន 35 តូ សុផល

​ភ្នំពេញ៖ ក្នុងកំឡុងពេល​កំពុងមេីលថែទាំមាតា​ អ្នកឧកញ៉ា​ ព្រឹទ្ធមហាឧបាសិកា​ ធម្មញ្ញាណវិវឌ្ឍនា​ ប៊ុន​ ស៊ាងលី​​ នៅថ្ងៃសៅរ៍​ ១១កេីត​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ​៧ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជេីញចុះសួរសុខទុក្ខ​លោកយាយ​ ម៉ោង​ ទឹម​ អាយុ​ ១០១ឆ្នាំ​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យ​លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​កាកបាទក្រហមកម្ពុជា​ ជាតំណាងដ៏ខ្ពង់ខ្ពស់​​របស់​ សម្តេច​ រួមដំណេីរជាមួយគណៈប្រតិភូ​ ថ្នាក់ដឹកនាំ​ មន្ត្រី​ និងយុវជនកាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខដោយផ្ទាល់​ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន​ ១.១២៣នាក់​ ដែលកំពុងសម្រាកព្យាបាល​នៅតាមផ្នែកនីមួយៗក្នុង​មន្ទីរពេទ្យកាល់ម៉ែត​ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ​ លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ ក៏បានប្រគល់អំណោយលេីកទឹកចិត្ត​ដល់​ គ្រូពេទ្យ​ បុគ្គលិក​ និង​កម្មករ​ ចំនួន​ ១.៦១៧នាក់​ ដែលកំពុងបម្រេីការងារ​នៅក្នុងមន្ទីរពេទ្យផងដែរ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ​កិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​​ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្ដីនឹករលឹក និងការថ្លែងអំណរគុណ​ចំពោះ​ ថ្នាក់ដឹកនាំ​ ក្រុមគ្រូពេទ្យ​ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត​ ដែលបានខិតខំថែទាំ​ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ​ប្រកបដោយក្រមសីលធម៌​ និងវិជ្ជាជីវៈត្រឹមត្រូវ​ ធ្វើឱ្យប្រជាពលរដ្ឋទទួលស្គាល់​និងជឿទុកចិត្ត​ ស័ក្តិសមជាមន្ទីរពេទ្យរបស់រាជរដ្ឋាភិបាល​ ដែលរួមចំណែក​លើក​កម្ពស់​វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។​ លោកជំទាវ​ បានថ្លែងការកោតសរសេីរចំពោះ​ ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត​ ដែលមានយុទ្ធសាស្ត្ររស់រវ៉េីកក្នុងការដឹកនាំ​-គ្រប់គ្រង​ ធ្វេីឱ្យមន្ទីរពេទ្យមានដំណេីរការ​ល្អទាំងសេវាថែទាំ​ អនាម័យ​ ក្រមសីលធម៌គ្រូពេទ្យ​ និងថ្នាំព្យាបាលដ៏មានប្រសិទ្ធភាព​ ដែលទាំងនេះសុទ្ធតែជាក្តីសង្ឃឹមនិងការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ​ លោកជំទាវកិត្តិបណ្ឌិត​ បានពាំនាំនូវការផ្តាំសួរសុខទុក្ខ​ និងសារអំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអ្នកជំងឺ​ និងក្រុមគ្រួសាររបស់អ្នកជំងឺ​ទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបរិភោគអាហារូបត្ថម្ភដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព​ ព្រមទាំង​សូមជូនពរដល់អ្នកជំងឺ​ទាំងអស់​ ឆាប់ជាសះស្បើយពីជំងឺ​បានវិលទៅជួបជុំគ្រួសារឡើងវិញ។

សូមបញ្ជាក់ថា​ អ្នកជំងឺ​ ១.១២៣នាក់​ ក្នុងម្នាក់ៗទទួលបាន​​ ៖ មី១កេស ត្រីខ១០កំប៉ុង ស្ករស២គីឡូក្រាម ទឹកដោះគោប្រអប់​ ១២ប្រអប់​ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២​ និងថវិកា ៥០.០០០រៀល។​ ដោយឡែក​ បុគ្គលិកពេទ្យ​-កម្មករ​ ១.៦១៧នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ ៖​ សារុង១​ ក្រមា១​ និងថវិកា​ ១០០.០០០រៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ