ព្រឹតិ្តការណ៍ថ្មីៗ

ព្រះចៅអធិការ វត្តគោកបញ្ជាន់ ស្នើ សម្ដេចពិជ័យសេនា ទា បាញ់ ជួយពិនិត្យមើល ឧត្តមសេនីយ៍យោធា ដឹកនាំបាតុកម្មទម្លាក់ព្រះអង្គ កាលពីម្សិលម៉ិញ

5 ថ្ងៃ មុន 1197 តូ សុផល

ភ្នំពេញ៖ ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់  ស្នើ សម្ដេចពិជ័យសេនា ទា បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ជួយពិនិត្យលើឧត្តមសេនីយ៍យោធា២រូបទី១ លោកឧត្តមសេនីយ៍ហង្ស ប៊ុនណា

ទី២លោកឧត្តសេនីយ៍ហង្ស ប៊ុនឡេង និងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះសំអាត វាសនា ដែលជាមន្រ្តីយោធានៅក្រសួងការពារជាតិដែ តែងបានដឹកនាំបាតុកម្មទម្លាក់ព្រះអង្គទាំងគ្មានកំហុសសោះ  ផ្ទុយទៅវិញឧត្តមសេនីយ៍ទាំង២រូបខាងលើនិងគូកនមួយចំនួនទៀតបានតាមរករឿងឈ្នានីសបង្កាច់បង្ខូចព្រះកិត្តនាមព្រះអង្គ និងគណៈកម្មការអាចារ្យជាច្រើនឆ្នាំមកហើយតាមរយៈការធ្វើបាតុកម្មនេះហើយដែលបានធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ព្រះចៅអធិការបានមាន ថេរដិកា បន្តថា ជាក់ស្ដែងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មានបាតុករ១ក្រុមដឹកនាំដោយឈ្មោះហង្ស ប៊ុនឡេង និងកូនប្រុសរបស់គាត់ឈ្មោះសំអាត វាសនានិងឈ្មោះពុំ ផល្លី បានសម្រុកចូលទៅក្នុងវត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយបាននាំគ្នាទាមទារឲ្យដកព្រះអង្គចេញពីចៅអធិការវត្ត ព្រមទាំងបណ្ដេញព្រះអង្គចេញពីវត្ត ហើយដែលអ្នកចូលរួមធ្វើបាតុកម្មនោះពុំមែនជាពុទ្ធបរិស័ទចំណុះជើងវត្តនោះឡើយ។ពួកគេភាគច្រើនគឺជាកម្មករ កម្មការិនីរោងចក្រ ដែលឈប់សម្រាកពីការងារនៅថ្ងៃអាទិត្យហើយត្រូវបានមេខ្លោងខាងលើជួលក្នុងម្នាក់១០ដុល្លារ និងខ្លះទៀតប្រាប់ថាទៅបើកអំណោយនៅក្នុងវត្ត។ប៉ុន្តែផ្ទុយទៅវិញបែរជាធ្វើបាតុកម្មប្រឆាំងព្រះសង្ឃ ហើយក្រោយមកអ្នកទាំងខកចិត្តនិងក្រហាយគ្រប់គ្នាព្រោះតែមេខ្លោងបោកប្រាស់អត់ឲ្យលុយ១០ដុល្លារដែលបានសន្យាឡើយ។

ព្រះចៅអធិការអង្គនោះបានបន្តថា ពួកគេបានចោទព្រះអង្គថាបានលក់ដីវត្តទំហំ៧ម៉ែត្រគុណនឹង១៥០ម៉ែត្រទៅឲ្យឈ្មួញ ប៉ុន្តែព្រះអង្គពុំបានដឹងឡើយ ព្រោះបើតាមប្លង់ដែលបានធ្វើនៅក្នុងឆ្នាំ២០០៥ ដីនោះគឺស្ថិតនៅក្រៅដីវត្តទេ ហើយកាលណោះអាជ្ញាធរសង្កាត់ដែលមានលោកសុទ្ធ សាធ ជាចៅសង្កាត់បានកាត់យកធ្វើជាផ្លូវឬលក់ដូរក៏ព្រះអង្គមិនបានដឹងដែរព្រោះជាដីក្រៅប្លង់វត្ត។

ចំណែករឿងអធិករណ៍វត្តបានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៦ ដែលកាលនោះមានមេក្លោង៤នាក់បានដឹកនាំបាតុកម្មទម្លាក់ព្រះអង្គ គឺមានទី១លោកឧត្តមសេនីយ៍ឯក ហង្ស ប៊ុនណា ទី២លោកឧត្តសេនីយ៍ត្រីហង្ស ប៊ុនឡេង ទី៣ ឈ្មោះពុំ ផល្លី ទី៤ ឈ្មោះឃី ជឺ ។អ្នកទាំងនោះចង់លេបយកដីវត្តតែមិនបានសម្រេចបែរជាមកប្ដឹងចោទប្រកាន់ព្រះអង្គជាអ្នកលួចលក់ដីវត្តឈ្មោះដីស្រះព្រះទន្លេទំហំជាង៣ហិចតាទៅវិញ ប៉ុន្តែក្រោយមកអាជ្ញាធរពាក់ព័ន្ធបានធ្វើការស្រាវជ្រាវរកមិនឃើញកំហុសមិនឃើញមានការលក់ដូរទើបដោះស្រាយបញ្ចប់រឿងអធិករណ៍តាំងពីពេលនោះមកហើយ។ប៉ុន្តែក្រុមនេះនៅតែមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយនៅតែបន្តរករឿងព្រះអង្គឥតឈប់រហូតដល់ពេលនេះបានដឹកនាំធ្វើបាតុកម្មទម្លាក់ព្រះអង្គបែបនេះទៀត។

ព្រះអង្គបានបញ្ជាក់ថា សូមពុទ្ធបរិស័ទទាំងឡាយកុំយល់ច្រឡំទៅលើព័ត៌មានមិនពិតមួលបង្កាច់ បង្ខូចព្រះកិត្តយសរបស់ព្រះអង្គនិងនាំឲ្យខូចតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយព្រះសង្ឃនិងទីវត្តអារាមជាកន្លែងធ្វើបុណ្យទានផ្សេងៗតែបែរជាមន្រ្តីយោធាខាងលើដឹកនាំបាតុកម្មអុកឡុកជាបន្តបន្ទាប់បែបនេះទៅវិញ។

ម្យ៉ាងទៀតយោធាគឺជាអ្នកការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារទឹកដី តែបែរជាមករឿងព្រះសង្ឃបែបនេះតើសមដែរទេ ដូច្នេះព្រះសូមទទូចដល់សម្ដេចពិជ័យសេនា ទា បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ជួយពិនិត្យមើលលើឧត្តមសេនីយ៍យោធា និងកូនប្រុសរបស់គាត់ម្នាក់ទៀតដែលជាមន្រ្តីយោធានៅក្រសួងការពារជាតិ ហើយតែងបានដឹកនាំបាតុកម្មទម្លាក់ព្រះអង្គទាំងគ្មានកំហុសបែបនេះផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ