ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ ចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ​ (ព្រៃស្ពឺ)​

2 សប្តាហ៍ មុន 54 tnn_admin

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ​ ៨រោច​ ខែកត្តិក​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៩​ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩​នេះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ អនុប្រធានគណៈកម្មាធិការ​សាខា តំណាង​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ​ (ព្រៃស្ពឺ)​ ស្ថិតក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីចូលរួមជួយសម្រាលការលំបាករបស់​ចាស់ជរា​ ជនគ្មានទីពឹង ជនពិការ ជនអនាថា​ ជនវិបល្លាសស្មារតី​ ស្ត្រីរកស៊ីផ្លូវភេទ​ ស្ត្រីរងគ្រោះដោយអំពើជួញដូរ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌល សរុបចំនួន៦៥១នាក់ ។

នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ បានមានប្រសាសន៍ពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់​ថ្នាក់ដឹកនាំ​ មន្ត្រីបុគ្គលិក​ លោកតាលោកយាយ​បងប្អូនដែលរស់នៅក្នុងមណ្ឌល​ទាំងអស់​ ប្រកបដោយសេចក្តីនឹករលឹក​ ។ ឯកឧត្តមសូមថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ​ មន្ត្រីបុគ្គលិក​មណ្ឌលទាំងអស់ ដែលបានខិតខំប្រឹងប្រែងកែប្រែរៀបចំមណ្ឌលនេះឲ្យមានសោភ័ណភាព អនាម័យបរិស្ថានល្អ និងខិតខំបណ្តុះបណ្តាលបង្ហាត់បង្រៀនពីជំនាញវិជ្ជាជីវៈផ្សេងៗ​ ជូនដល់បងប្អូន ដេីម្បីពេលពួកគាត់ចេញពីមណ្ឌលទៅអាចប្រកបមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតបាន​ ។ ជាមួយគ្នានេះដែរ​ ឯកឧត្តមអនុប្រធានគណៈកម្មការសាខា ក៏បានលេីកទឹកចិត្តដល់លោកតាលោកយាយបងប្អូនទាំងអស់​ សូមកុំអស់សង្ឃឹម​ ព្រោះនៅមានកាកបាទក្រហមកម្ពុជា​ និងរាជរដ្ឋាភិបាល​ ដែលតែងតែយកចិត្តទុកដាក់ចំពោះលោកតាលោកយាយបងប្អូនជានិច្ច​ ។

អំណោយមនុស្សធម៌ដែលសាខាបាននាំយកមកផ្តល់ជូនមណ្ឌល រួមមាន៖​ អង្ករ៦០០០គីឡូក្រាម មី៣១៦កេស​ ត្រីខ៤៦០កំប៉ុង ទឹកស៊ីអ៊ីវ៥០យួរ ទឹកត្រី៥០យួរ និងអំបិល១០០គីឡូក្រាម ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ