ព្រឹតិ្តការណ៍ថ្មីៗ

ភាពយឺតយ៉ាវ របស់ក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ ដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវល់ដល់អភិបាលខេត្ត…..!

1 ខែ មុន 87 tnn_admin

ខេត្តព្រះសីហនុ៖ ដោយសារក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ អូសបន្លាយក្នុងការដោះស្រាយសំណងដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទើបនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ក្នុងការដោះស្រាយសំណងជូនជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុនបេតុង SCG ដែលធ្វើអាជីវកម្មនៅក្រុងព្រះសីហនុ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត លោកស្នងការរងទទួលផែនចរាចរណ៍ ពីមន្ទីរជំនាញ និងគូភាគីពាក់ព័ន្ធផងដែរ។

តាមតំណាងក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្តបេតុងរបស់ក្រុមហ៊ុនបេតុង SCG កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះ មានឈ្មោះ ជា ស៊ីវ៉ាន ភេទប្រុស មុខរបរជាគ្រូបង្រៀន នៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ។ ក្នុងនោះតំណាងក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ បានលើកឡើងថាខ្លួនមិនទទួលខុសត្រូវទូទាត់សំណងជូនជនរងគ្រោះនោះទេ ដោយចោទថាក្រុមហ៊ុនបេតុង SCG មិនគោរពតាមគោលការណ៍របស់ខ្លួន។

ក្នុងកិច្ចប្រជុំដោះស្រាយនាពេលនេះ ខាងក្រុមហ៊ុនបេតុង SCG សុខចិត្តសងជាសំណងជាថវិកាចំនួន ១០.០០០ដុល្លាអាមេរិក (មួយម៉ឺនដុល្លាសហរដ្ឋអាមេរិក)ជូនដល់ភាគីជនរងគ្រោះដើម្បីដោះស្រាយសំណងរដ្ឋប្បវេណី ។

ជាចុងក្រោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា តាមព័ត៌មានដែលទទួលបានកន្លងមកក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ មានភាពយឺតយ៉ាវក្នុងការទូទាត់សំណងជូនជនរងគ្រោះ ដោយលើកយកហេតុផលផ្សេងៗដែលធ្វើឱ្យជនរងគ្រោះទទួលភាពអយុត្តិធម៌កាន់តែខ្លាំងឡើង ។ ហើយឯកឧត្តមក៏បានព្រមានផងដែរថា ក្នុងករណីរកឃើញថាក្រុមហ៊ុននេះមានកំហុសក្នុងការអនុវត្តការងាររបស់ខ្លួននោះ រដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បិទអាជីវកម្មក្រុមហ៊ុននេះចោលតែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ